អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជី​ប៊ូ​ទី​៖ បណ្តុំ​មូលដ្ឋានទ័ព​របស់​មហា​អំណាច អាមេរិក បារាំង ជប៉ុន​...
15, Sep 2020 , 11:59 am        
រូបភាព
មូលដ្ឋានទ័ពចិន នៅជីប៊ូទី។ រូបភាព៖ AFP
មូលដ្ឋានទ័ពចិន នៅជីប៊ូទី។ រូបភាព៖ AFP
ដោយ:
​ជី​ប៊ូ​ទី ជា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ជា​ប្រទេស​ដែលមាន​ផ្ទៃដី​តូច​លំដាប់​ទី​៣ នៅ​ទ្វីបអាហ្វ្រិក​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ល្បីល្បាញ និង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​ប្រទេស​ដទៃ គឺ​មិនមែន​ផ្ទៃដី ឬ​ធនធានធម្មជាតិ​ដែល​ប្រទេស​មាន​នោះឡើយ ផ្ទុយទៅវិញ​គឺ​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ទៅវិញ​ទេ​។

 
​ខុសពី​ប្រទេស​ដទៃ ដែលមាន​មូលដ្ឋានទ័ព​បរទេស​ត្រឹមតែ​១​ឬ​២ ជី​ប៊ូ​ទី​មាន​មូលដ្ឋានទ័ព​បរទេស​ដល់​ទៅ​៥​។ ទីតាំង​ដ៏​ល្អ​របស់​ប្រទេស​នេះ បាន​ទាក់ទាញ​មហាអំណាច​ជាច្រើន​ឲ្យ​ដាក់​យោធា​របស់​ពួកគេ ជាមួយនឹង​ការបង់ថ្លៃ​ប្រចាំឆ្នាំ​។ 
 
​ទីតាំង​យុទ្ធសាស្ត្រ​របស់​ជី​ប៊ូ​ទី​
 
​ជី​ប៊ូ​ទី ជាមាន​ផ្ទៃដី​ត្រឹមតែ​២​ម៉ឺន​៣​ពាន់ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​មិន​ដល់​១​លាន​នាក់​ផង​។ បច្ចុប្បន្ននេះ ជី​ប៊ូ​ទី​ទទួល​ប្រទេស​ចំនួន​៥ ដែល​រួមមាន​បារាំង អាមេរិក ជប៉ុន អ៊ីតាលី និង​ចិន​ឲ្យ​បើក​មូលដ្ឋានទ័ព​នៅក្នុង​ទឹកដី​របស់ខ្លួន​។ មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​ប្រទេស​ទាំងនោះ តាំងទី​នៅ​ជី​ប៊ូ​ទី គឺ​ដោយសារតែ​ប្រទេស​នេះ​មាន​ទីតាំង​នៅត្រង់​កុយរមាស​ទ្វីបអាហ្វ្រិក​(Horn of Africa) នៅ​ខាងត្បូង​នៃ​សមុទ្រ​ក្រហម ដែលជា​ទីតាំង​យ៉ាងសំខាន់​ក្នុងការ​ចេញចូល​ព្រែកជីក​ស៊ុយ​អេ​។ ច្រក​សមុទ្រ​នេះ ជា​ផ្លូវ​ដឹកជញ្ជូន​១២​ភាគរយ​នៃ​ទំនិញ​ពិភពលោក ប្រេង​ឆៅ​ជាង​៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ និង​ជា​កន្លែង​ភ្ជាប់​ទ្វីបអាហ្វ្រិក អាស៊ី និង​អឺរ៉ុប​។​
 
​ផែនទី​ប្រទេស ជី​ប៊ូ​ទី​។ រូបភាព​៖ AFP
 
​ប្រទេស​នីមួយៗ​សុទ្ធ​តែមាន​ហេតុផល​រៀងៗ​ខ្លួន​ក្នុង​ការដាក់​មូលដ្ឋានទ័ព​នៅ​ជី​ប៊ូ​ទី​។ ទីតាំង​ប្រទេស​នេះ​មាន​អំណោយផល​ក្នុងការ​ប្រតិបត្តិការ​នា​វា យន្តហោះ​ចម្បាំង ល្បាត​ប្រឆាំង​ចោរ​សមុទ្រ ទីតាំង​សម្រាប់​ប្រើ​ដ្រូ​ន​ប្រឆាំង​ភេរវកម្ម ស៊ើបការណ៍ រក្សា​សន្តិសុខ​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ក៏ដូចជា​ការងាយស្រួល​ក្នុងការ​ផ្តល់ជំនួយ​មនុ​ស្សធ​ម៍​ដល់​ប្រទេស​ដែលមាន​ជម្លោះ​នៅ​ជុំវិញ​។​
 
​ដោយសារតែ​អំណោយផល​នេះហើយ ទើប​ប្រទេស​នីមួយៗ​អាច​ការពារ​នាវា​ពាណិជ្ជកម្ម នាវា​ដឹក​ប្រេង ក៏ដូចជា​ជម្លៀស​ពលរដ្ឋ​ខ្លួន​ដែល​ធ្វើការ​នៅ​តំបន់​អាហ្វ្រិក​ក្នុងករណី​មាន​អាសន្ន​។ ជី​ប៊ូ​ទី ក៏​ជាទី​តាំង​សំខាន់​ផងដែរ​ក្នុងការ​ប្រឆាំង​ចោរ​សមុទ្រ ត្បិត​អី​ក្រោយ​នាវា​ចាក​ចេញពី​ព្រែកជីក​ស៊ុយ​អេ មកកាន់​សមុទ្រ Aden និង​បន្ទាប់មក​មហាសមុទ្រ​ឥណ្ឌា​នាវា​ដឹកទំនិញ​ងាយ​នឹងរង​គ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​ចោរ​សមុទ្រ ដែល​ហេតុនេះ​ទាមទារ​ឲ្យ​មានការ​ល្បាត​ដើម្បី​ការពារ​លំហូរ​នៃ​ទំនិញ​។​


 
​ប្រទេស​ដែលមាន​មូលដ្ឋាន​យោធា​នៅ​ជី​ប៊ូ​ទី​
 
​បា​រាំងជា​ប្រទេស​ដែលមាន​មូលដ្ឋានទ័ព​នៅ ជី​ប៊ូ​ទីតាំង​តែ​ពី​ឆ្នាំ​១៩៧៧ ក្រោយពេល​ទទួលបាន​ឯករាជ្យ​ពី​ខ្លួន​។ មូលដ្ឋានទ័ព​របស់​បារាំង​នី​ជី​ប៊ូ​ទី​មាន​កងទ័ព​ចំនួន​ជិត ១៥០០​នាក់ និង​ជា​មូលដ្ឋាន​កងទ័ព​បារាំង​ធំ​បំផុត​នៅក្រៅ​ប្រទេស​។ នៅ​ជី​ប៊ូ​ទី បារាំង​មាន​នាវា យន្តហោះ​ចម្បាំង ក៏ដូចជា​យានយន្ត​ការ​ពារ​ដែល​ត្រៀម​ជានិច្ច​ក្នុង​ប្រតិបត្តិការ​នៅ​ទ្វីបអាហ្វ្រិក​។ ក្រៅពីនេះ កងទ័ព​របស់​អាល្លឺម៉ង និង​អេ​ស្ប៉ា​ញ​ក៏​ស្ថិតនៅក្នុង​បន្ទាយ​រួមជាមួយ​បារាំង​ផងដែរ​។​
 
​ក្រោយ​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១​មក អាមេរិក​ក៏បាន​មក​បោះ​មូលដ្ឋាន​យោធា​នៅ​ប្រទេស​នេះ​ផងដែរ​។ អាមេរិក​បង់ប្រាក់​ថ្លៃ​ជួល​មូលដ្ឋានចំនួន​៦៣​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។ មូលដ្ឋាន​នេះ​មាន​កងទ័ព​អាមេរិក​ចំនួន​៤​ពាន់​នាក់ និង​កងទ័ព​អង់គ្លេស​ផងដែរ​។ មូលដ្ឋាន​នេះ ផ្តល់​ការគាំទ្រ​ដល់​ការធ្វើដំណើរ​របស់​កង​ទ័ព នាវា ដ្រូ​ន យន្តហោះ​ចម្បាំង ដើម្បី​រៀបចំ​រួចរាល់​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ក្នុង​តំបន់ ក៏ដូចជា​ប្រឆាំង​អំពើ​ភេរវកម្ម​ផងដែរ​។​
 
​ជប៉ុន ជា​ប្រទេស​ទី​៣ ដែល​បោះ​មូលដ្ឋានទ័ព​ក្នុង​ឆ្នាំ​២០១១​។ កងទ័ព​ស្វ័យការពារ​ជប៉ុន បើក​ប្រតិបត្តិ​ការប្រឆាំង​ចោរ​សមុទ្រ ល្បាត​ចោរ​សមុទ្រ​តាម​នាវា និង​យន្តហោះ ក៏ដូចជា​ផ្តល់ជំនួយ​មនុ​ស្សធ​ម៍​ក្រោម​ក្របខណ្ឌ​រក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​នៅ​អាហ្វ្រិក​។​មូលដ្ឋាន​យោធា​នេះ មាន​ទាហាន​ចំនួន​១​ពាន់​២​រយ​នាក់​។​
 
​អ៊ីតាលី បើក​មូលដ្ឋានទ័ព​ក្នុង​ឆ្នាំ​២០១៣ ដោយមាន​កងទ័ព​ពិសេស​ចំនួន​៣០០​នាក់​។ អ៊ីតាលី ក៏មាន​ប្រតិបត្តិ​ការមិន​ខុសពី​បណ្តា​ប្រទេស​ផ្សេងទៀត​ដែរ ដោយ​ប្រឆាំង​ភេរវកម្ម​នៅ​សូ​ម៉ាលី និង​យេ​មែន និង​ល្បាត​នាវា​ដឹកទំនិញ​។ រដ្ឋាភិបាល​អ៊ីតាលី ចាត់ទុក​មូលដ្ឋាន​នេះ ជាទី​តាំង​អចិន្ត្រៃយ៍​នៃ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​។​
 
​នាវា​ផ្ទុក​យន្តហោះ​បារាំង Charles De Gaulle ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ រូបភាព​៖ AFP
 
​ក្នុង​ឆ្នាំ​២០១៧ ចិន​បោះ​មូលដ្ឋានទ័ព​នៅក្រៅ​ប្រទេស​ដំបូង​បំផុត​នៅ​ប្រទេស​នេះ​។ ប៉េកាំង​បង្កើត​មូលដ្ឋានទ័ព​នៅ​ជី​ប៊ូ​ទី​ជា​អចិន្ត្រៃយ៍ ដោយមាន​កំពង់ផែ​សម្រាប់​នាវា​ល្បាត​។ ក្រៅតែពី​ប្រតិបត្តិ​ការប្រឆាំង​ចោរ​សមុទ្រ ប្រតិបត្តិការ​ឯទៀត​ត្រូវ​ចិន​ទុកជា​ការសំងាត់​។ ចិន ក៏​បង់ប្រាក់​២០​លាន​ដុល្លារ​ប្រចាំ​ឆ្នាំទៅ​រដ្ឋាភិបាល​ជី​ប៊ូ​ទី​ផងដែរ​។​
 
​ក្រៅតែពី​បារាំង អាមេរិក ជប៉ុន អ៊ីតាលី និង​ចិន មាន​ប្រទេស​២​ទៀត​ក៏​កំពុង​សម្លឹង​ចង់​បោះទីតាំង​ផងដែរ ដែល​ក្នុងនោះ​រួមមាន​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទើបនឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ជី​ប៊ូ​ទី​ក្នុង​ការកសាង​មូលដ្ឋានទ័ព និង​ឥណ្ឌា​ដែល​កំពុង​ពិចារណា​៕



© រក្សាសិទ្ធិដោយ thmeythmey.com