អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទូត​អាមេរិក​នៅ​ចិន​ចុះ​ចេញពី​តំណែង ខណៈ​ទំនាក់ទំនង​ជាមួយ​ចិន​នៅតែ​បន្ត​តឹងតែង​
15, Sep 2020 , 11:20 am        
រូបភាព
ឯកអគ្គរដ្ឋទូតអាមេរិកនៅចិនTerry_Branstad_ដែលទើបចុះពីតំណែង។_រូបភាព៖
ឯកអគ្គរដ្ឋទូតអាមេរិកនៅចិនTerry_Branstad_ដែលទើបចុះពីតំណែង។_រូបភាព៖
ដោយ:
លោក Terry Branstad ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ចិន​បានសម្រេច​ចុះចេញ​ពី​តំណែង ក្រោយ​កាន់​តួនាទី​នេះ​ជាង​៣​ឆ្នាំ​។ លោក Branstad នឹង​បញ្ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣ វិច្ឆិកា​។ ចំណែក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រមុខ​ការទូត​អាមេរិក បា​នស​សេរ​សារ​អរគុណ​លោក Branstad ក្នុង​បណ្តាញ​សង្គម​Twitter​។​

 
​លោក Terry Brander ឯកអគ្គរដ្ឋទូត​អាម​រិ​ក នៅ​ចិន បានសម្រេច​ចុះចេញ​ពី​តំណែង​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CNN នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។ លោក Brander ពុំបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ចប់​តួនាទី​ជាង​៣​ឆ្នាំនេះ​ទេ ប៉ុន្តែ​ការ​ចុះចេញ​របស់លោក​ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក កាន់តែ​តានតឹង​ខ្លាំង​។ 
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ក៏បាន​បញ្ជាក់​ពី​ការលាលែង​នេះដែរ​។ 
​លោក ប៉ុ​ម​ប៉េ​អូ តាមរយៈ​បណ្តាញ​សង្គម​Twitter បាន​អរគុណ​លោក Branstad ចំពោះ​ការបម្រើ​ប្រជាជន​អាមេរិក​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ចិន​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ​»​។ លោក ប៉ុ​ម​ប៉េ​អូ បន្ថែមថា​៖ «​លោក Branstad បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ស្មើភាព​គ្នា​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ដែល​នាំមក​នូវ​លទ្ធផល ភាព​ទៅវិញទៅមក និង​យុត្តិធម៌​។​»
 
​លោក Branstad គឺជា​មនុស្ស​ដំបូង​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ខែធ្នូ ឆ្នាំ​២០១៦ ក្រោយ​ជាប់ឆ្នោត ។ លោក​ធ្លាប់ជា​អភិបាលរដ្ឋ​អាយ​អូ​វ៉ា​ពី​ឆ្នាំ​២០១១ ដល់​២០១៧ និង​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​គោលនយោបាយ​សាធារណៈ ជំនួញ និង​កសិកម្ម​។ លោក Branstad ក៏មាន​ទំនាក់ទំនង​យ៉ាងយូរ​ផងដែរ​ជាមួយ​លោក ស៊ី ជិន​ភីង តាំងពី​ឆ្នាំ ១៩៨៥ នៅពេលដែល​លោក​ស៊ី មិនទាន់​ក្លាយជា​ប្រធានាធិបតី​ចិន​។​
 
​យោងតាម​សារ Twitter របស់លោក​ប៉ុ​ម​ប៉េ​អូ លោក ត្រាំ សម្រេច​ជ្រើស​លោក Branstad នៅ​គ្រានោះ ដោយសារតែ​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុងការ​ធ្វើការ​ជាមួយ​ចិន ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​សាក​សមជា​ទីបំផុត ក្នុងការ​ការពារ​ផលប្រយោជន៍​អាមេរិក និង​ទំនាក់ទំនង​ដ៏​មាន​សារៈសំខាន់​។ ការតែងតាំង​លោក Branstad ជា​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ចិន ក្នុង​ឆ្នាំ​២០១៧ ទទួលបាន​ការស្វាគមន៍​ដោយ​ទីក្រុង​ប៉េកាំង​ផងដែរ​។​
 
​ក្នុងតួនាទី​ជា​ឯកអគ្គរដ្ឋទូត តាំងពី​ឆ្នាំ​២០១៧​មក លោក Branstad បានឃើញ​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​ធ្លាក់ចុះ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម ការហាមឃាត់​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ចិន​មិន​ឲ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​អ្នកកាសែត​ចិន ដែល​ធ្វើការ​នៅ​អាមេរិក ក៏ដូចជា​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង បញ្ហា​នៅ​ហុងកុង និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម ក៏​កើតមាន​ក្នុង​អាណត្តិ​របស់លោក​ដែរ​។​
 
​កាលពី​ថ្ងៃទី​៩ កញ្ញា​កន្លងទៅ បទ​វិចារណកថា​របស់លោក Branstad ដែល​ស​សេរ​ពី​ការ​កេងចំណេញ​របស់​រដ្ឋាភិបាល​ចិន​ទៅលើ​ការបើកចំហរ​របស់​អា​មេ​រិ​ក​ជាច្រើន​ឆ្នាំ ត្រូវបាន​កាសែត​ចិន People’s Daily បដិសេធ​មិន​ចុះផ្សាយ ដោយ​អះអាងថា​មិន​សមស្រប​ជាមួយ​ការពិត​។  People’s Daily ថែមទាំង​ប្រាប់​លោក Branstad ឲ្យ​កែប្រែ​អត្ថបទ បើសិនជា​ចង់​ឲ្យ​កាសែត​ចិន​ចុះផ្សាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com