ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
របរ​យាម​ស្បែកជើង អាច​ផ្ដល់ប្រាក់​ខ្លះ​ឱ្យ​អ្នកក្រីក្រ ដោះ​ទាល់​ជីវភាព នៅ​រដូវ​បុណ្យ​ភ្ជុំ​
15, Sep 2020 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ របរ​យាម​ស្បែកជើង​នៅតាម​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ​នា​រដូវ​ភ្ជុំបិណ្ឌ បានផ្ដល់​ប្រាក់​ខ្លះ​ជួយ​ដោះ​ទាល់​ជីវភាព​អ្នកក្រីក្រ​បាន​មួយផ្នែក​។ អ្នក​ចាប់​របរ​យាម​ស្បែកជើង​ទាំងនេះ មាន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ហើយ​អ្នកខ្លះ​យកប្រាក់​ដែល​រកបាន​ទៅ​ចិញ្ចឹម​ចៅ ចិញ្ចឹម​កូន​។ ចំណែក​ក្មេងៗ​វិញ យកប្រាក់​ទាំងនោះ​ទៅ​ទុក​ទិញ​សម្ភារ​សិក្សា​។


 
​ចាប់តាំងពី​មុន​ម៉ោង​៥​ទៀបភ្លឺ នៅខាងមុខ​សាលាឆាន់ ក្នុង​វត្ត​សន្សំ​កុសល គេ​ឃើញ​មាន​មនុស្សម្នា​ទាំង​ក្មេង​ទាំងចាស់​ជាង​១០​នាក់ ឈរ​ត្រៀបត្រា អ្នកខ្លះ​អង្គុយ​លើ​កម្រាល​ទៃ​ដែល​ក្រាល​ផ្ទាល់​នៅលើ​ផ្ទៃ​បេតុង ដើម្បី​ហៅ​ពុទ្ធបរិស័ទ​ដែល​ចូលមក​វត្ត​បោះ​បាយបិណ្ឌ ឱ្យ​ទុក​ស្បែកជើង​នៅ​កន្លែង​របស់ខ្លួន​។ 
​ទិដ្ឋភាព​ខ្លះ​មើលទៅ​ហាក់ដូចជា​មិនសូវ​សម​ភ្នែក​បន្តិច នៅពេលដែល​ឃើញ​សកម្មភាព​របស់​ក្រុម​អ្នកមើល​ស្បែកជើង កំពុង​ហៅភ្ញៀវ​ដោយ​ទទូច ឱ្យមក​ដាក់​ស្បែកជើង​នៅ​កន្លែង​របស់ខ្លួន ទាំង​ដែល​ភ្ញៀវ​ទាំងនោះ មិនមាន​កាយវិការ​ណា​មួយ​ឆ្លើយតប​ទៅកាន់​ពួកគេ​។ ទោះជា​យ៉ាងណា ក្រុម​អ្នក​ប្រកបរ​បរមើល​ស្បែកជើង ហាក់​មិន​ប្រកាន់​និង​កិរិយា​របស់​ភ្ញៀវ​ឡើយ គឺ​ពួកគេ​នៅតែ​រក្សា​ភាសា​ពីរោះ ដើម្បីឱ្យ​ភ្ញៀវ​ពេញចិត្ត​។​
 
​មាន​វ័យ​៧៧​ឆ្នាំ​ដូនចាស់ ប៉េង សា​រុម កំពុង​អង្គុយ​លើ​កម្រាល​ទៃ​ពណ៌​ខៀវ​លាយ​លឿង ដែល​ក្រាល​លើ​ផ្ទៃ​បេតុង នៅខាងមុខ​កាំជណ្ដើរ​សាលាឆាន់ ក្នុង​វត្ត​សន្សំ​កុសល​។ ម៉ោង​ប្រមាណ​៧​ព្រឹក ដូនចាស់​ដែល​ប្រកប​របរ​យាម​ស្បែកជើង អស់​រយៈពេល​ប្រហែលជា​២០​ឆ្នាំ​ទៅហើយនោះ មិនសូវមាន​គេ​ដាក់​ស្បែកជើង​នៅ​កន្លែង​របស់គាត់​ឡើយ​។ 
​អង្គុយបត់ជើង​លើ​កម្រាល​ទៃ ក្នុង​ទឹកមុខ​មិនសូវ​ស្រស់ ព្រោះតែ​មិនអាច​រកប្រាក់​បាន​ពី​ការ​យាម​ស្បែកជើង ស្ត្រី​កូន​៤​រូបនេះ ថា​គាត់​មិនអាច​ដើរទៅ​ហៅភ្ញៀវ ដូច​ក្មេងៗ​ដែលមាន​កម្លាំង​ពេញ​នោះឡើយ ហើយ​នេះ​ជាហេតុ​នាំឱ្យ​កន្លែង​របស់គាត់​មិនសូវមាន​ស្បែកជើង​។ មាន​ជំងឺលើសឈាម និង​លើស​ជាតិ​ស្ករ​ផង ជីដូន​ដែលមាន​ចៅ​ប្រមាណ​១០​នាក់​រូបនេះ អះអាងថា​ពេលខ្លះ​ជំងឺ​រើ​ឡើង​នៅពេលដែល​គាត់​កំពុង​មើល​ស្បែកជើង​ដែរ ហើយ​គាត់​ក៏បាន​យក​ថ្នាំ​មកជា​មួយ​ផង​។ រូប​១
 



​មាន​ចៅ​នៅក្នុង​បន្ទុក​៤​នាក់​អ្នកស្រី សា​រុម បញ្ជាក់ថា​ប្រាក់​ដែល​រកបាន គាត់​យកទៅ​ចិញ្ចឹម​ចៅ​ទាំងនោះ បន្ថែម​លើ​ប្រាក់​ដែល​ចៅ​រកបាន​ពី​ការ​រើស​អេតចាយ​ប្រចាំថ្ងៃ​។ ត្រូវ​ក្រោក​ពី​ម៉ោង​៣​ទៀបភ្លឺ ដើម្បី​មក​ចាប់​កន្លែង​ដាក់​ស្បែកជើង និង​រង់ចាំ​ពុទ្ធបរិស័ទ​មក​បោះ​បាយបិណ្ឌ​ផង ដូនចាស់​ដែល​បង់ក​ក្រមា​ពណ៌​ក្រហម និង​មាន​សក់​ត្រឹម​ក​ស្កូវ​ល្បាយអាចម៍ខ្លា អះអាងថា​ក្នុង​មួយថ្ងៃ​គិតពី​ម៉ោង​៣​ទៀបភ្លឺ ដល់​ម៉ោង​១១​ថ្ងៃត្រង់​គាត់​អាច​រកប្រាក់​បាន​ប្រមាណ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ បើទោះបីជា​គេ​មិនសូវ​ដាក់​ស្បែកជើង​នៅ​កន្លែង​ដូនចាស់​ក៏ដោយ ប៉ុន្តែ​ជា​ញឹកញយ​គេ​ឃើញ​មាន​ពុទ្ធបរិស័ទ ទាំង​ក្មេង​ទាំងចាស់​យកប្រាក់​បន្តិច​បន្តួច​មក​ជូន​គាត់​ដែរ​។ 
 
​ដូនចាស់​ដែលមាន​ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ​បញ្ចាក់​បន្ថែម​៖«​ខ្ញុំ​ធ្លាប់​យក​ចៅ​ឱ្យមក​ហៅភ្ញៀវ​ដែរ តែ​គេ​មិនចេះ​ហៅ​បានតែ​នៅ​ឈរ​ធ្មឹង ដូច្នេះ​ទើប​ខ្ញុំ​មិនឱ្យ​មកទៀត​។ ខ្ញុំ​ឈឺ​ខ្ញុំ​មិនអាច​ដើរទៅ​ហៅភ្ញៀវ​បានទេ ដូច្នេះ​មានតែ​អង្គុយ​នៅ​មួយកន្លែង​នេះហើយ​។ ខ្ញុំ​មានកូន​ដែរ តែ​ពួកគេ​សុទ្ធតែ​ក្រ ពួកគេ​ធ្វើការ​រោងចក្រ បាន​ប្រាក់​បន្តិចបន្តួច គ្រាន់តែ​បង់​ថ្ងៃ​ផ្ទះ ថ្លៃ​ទឹក​និង​ភ្លើង និង​ផ្គង់​ផ្គង់​កូនៗ​របស់គេ មិន​អាចមក​ចិញ្ចឹម​ខ្ញុំ​បានទេ​។ ពេលនេះ​ខ្ញុំ​ចិញ្ចឹម​ចៅ​៤​នាក់ ព្រោះ​ម្ដាយ​របស់គេ​មាន​ប្ដី​ថ្មី ហើយ​គេ​មិន​យក​កូន​ទៅ​ចិញ្ចឹម​។ រាល់ថ្ងៃ​ចៅ​ទាំង​៤​នាក់​ទៅ​រើស​អេតចាយ គ្រាន់​បាន​ប្រាក់​ទិញ​បាយ​ម្អូ​ប​។ ខ្ញុំ​ទទួលបាន​ប័ន​ក្រីក្រ​ពី​រដ្ឋាភិបាល ហើយ​ក្នុង​មួយខែ​ខ្ញុំ​បើកប្រាក់​បាន​១២​ម៉ឺន​រៀល​»​។ 
 
​ជា​អ្នកមើល​ស្បែកជើង​មួយរូប​ទៀត ដែល​ដាក់​កន្ទេលក្រហម​របស់​ខ្លួន នៅក្បែរ​ដូនចាស់ សា​រុម ដែរនោះ​គឺ​អ្នកស្រី យិន លុន​។ មាន​វ័យ​៥៤​ឆ្នាំ ស្ត្រី​កូន​៣​នាក់​រូបនេះ អាច​រកប្រាក់​បាន​ប្រមាណ​២​ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ តែងតែ​រលះរលាំង​ដើរទៅ​ហៅភ្ញៀវ អ្នកស្រី លុន ទទួលបាន​ស្បែកជើង​ច្រើនជាងគេ ក្នុងចំណោម​អ្នករក​របរ​នៅទីនេះ​។ ទោះជា​យ៉ាងណា​ស្ដ្រី​ពាក់អាវ​ស​ដៃខ្លី ស្លៀកខោ​ពណ៌​ស្វាយ​មាន​ផ្កា​ពណ៌​លឿង​រូបនេះ ថា​កាលពី​ឆ្នាំមុន​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រកប្រាក់​បាន​ច្រើនជាង​ឆ្នាំនេះ ព្រោះ​មាន​ពុទ្ធបរិស័ទ​មក​វត្ត​ច្រើន​។ រូប​២
 



​មាន​សម្បុរ​ស្រអែម​មុខ​មូល​ញញឹម​ស្រស់ អ្នកស្រី យិន លុន ថា​ប្រាក់​ដែល​រកបាន​ពី​ការមើល​ស្បែកជើង​នេះ គាត់​រំលែក​ខ្លះ​ទុក​ធ្វើ​ដើមទុន​ទិញ​អេតចាយ និង​មួយចំនួនទៀត​ផ្គត់ផ្គង់​ក្នុង​ជីវភាព​។ ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បណ្ដើរ ហើយ​ឆ្លៀត​ដើរទៅ​ហៅភ្ញៀវ​ឱ្យ​ដាក់​ស្បែកជើង​នៅ​កន្លែង​របស់ខ្លួន​បណ្ដើរ ស្ត្រី​ដែលមាន​ប្ដី​រត់​ម៉ូតូឌុប​រូបនេះ​បញ្ជាក់បន្ថែម​៖«​ខ្ញុំរ​ករបរ​នេះ​ប្រហែលជា​៤​ឆ្នាំ​មកហើយ​។ ការងារ​នេះ​មិនសូវ​ហត់​ដូច​ដើរ​ទិញ​អេតចាយ​ទេ​។ ក្នុង​ម្នា​ក់ជួន​គេ​ឱ្យ​ខ្ញុំ​៥​រយ​រៀល ជួន​១​ពាន់​រៀល ជួន​២​ពាន់​រៀល​មិន​ទៀងទេ​។ ឆ្នាំនេះ​រកបាន​តិច​ទេ បើ​ឆ្នាំ​មុខ​ក្នុង​មួយថ្ងៃ​ខ្ញុំ​អាច​រកបាន​ប្រហែល​៥​ម៉ឺន​រៀល​។ ប្រាក់​នេះ​ខ្ញុំ​យកទៅ​ចំណាយ​ផ្សេងៗ ហើយ​ទុកឱ្យ​កូន​ទៅ​រៀន​ដែរ​»​។​
 
​ចំណែកឯ​ក្មេងប្រុស អេង ឡុង វ័យ​១៤​ឆ្នាំ និង ប្អូនប្រុស ប៊ុន រតនា អាយុ​១៦​ឆ្នាំ បាន​ចាប់​ដៃគូ​នឹង​គ្នា មក​យាម​ស្បែកជើង​នៅ​វត្ត​សន្សំ​កុសល​នេះដែរ​។ ក្នុង​មួយថ្ងៃ​គិត​ចាប់ពី​ម៉ោង​៣​ទៀបភ្លឺ​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ ក្មេងប្រុស​ទាំងពីរ​អាច​រកប្រាក់​បាន​ប្រហែលជា​២​ម៉ឺន​រៀល ហើយ​ត្រូវ​ចែកគ្នា​ម្នាក់​ពាក់កណ្ដាល​។ ចាប់អារម្មណ៍​របរ​យាម​ស្បែកជើង​អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ​មកនេះ អេង ឡុង យកប្រាក់​ដែល​រកបាន​ទៅ​ទិញ​ឯកសណ្ឋាន​រៀន និង​សម្ភារ​សិក្សា​ផ្សេងៗ​។ រូប​៣
 



​រៀន​នៅ​ថ្នាក់​ទី​៧ ក្នុង​ខេត្តព្រៃវែង ឡុង ដែលមាន​សម្បុរ​ស្រអែម​ស្រស់ ទម្រង់​មុខ​ដូច​ជនជាតិ​ឥណ្ឌា ឈរ​នៅ​ជិត​ខ្លោងទ្វារ​សាលាឆាន់ ក្បែរ​ធ្នើរ​ដែក​ដាក់​ស្បែកជើង​ដែល​ខ្លួន​យាម ពន្យល់​បន្ថែម​ដូច្នេះ​៖«​ប្រាក់​ដែល​ខ្ញុំ​រកបាន ខ្ញុំ​ក៏​យកទៅ​ជូន​ម៉ែ​ពុក​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​យកទៅ​ទិញ​សម្ភារ​សិក្សា​របស់ខ្ញុំ​ឱ្យ​គ្រប់​សិន​។ ខ្ញុំ​មក​ទីនេះ​តែ​ពេល​ភ្ជុំ​និង​ចូលឆ្នាំ​ទេ គឺ​ពេល​ខ្ញុំ​ទំនេរ​ពី​ការសិក្សា​»៕
  
 
 

Tag:
 ភ្ជុំបិណ្ឌ​
  របរ​
  ស្បែកជើង​
  ជីវភាព​
  ក្រ​
 ​ប្រាក់​
 
© រក្សាសិទ្ធិដោយ thmeythmey.com