កីឡាជាតិ
ជាតិ
បញ្ហា​ច្រមុះ បង្ខំ​ឱ្យ វិ​ទិ​នី បញ្ចប់​អាជីព​ពី​ជម្រើសជាតិ​កីឡាហែលទឹក ត្រឹម​វ័យ​២៧​ឆ្នាំ​
15, Sep 2020 , 9:29 pm        
រូបភាព
​ហែម​ថុ​ន វិ​ទិ​នី ដែល​គេ​ស្គាល់​ថា​ជា​កីឡាការិនី ពោរពេញ​ដោយ​សមត្ថភាព និង​សម្រស់ បាន​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​កីឡាហែលទឹក​កម្ពុជា​នៅត្រឹម​វ័យ​២៧​ឆ្នាំ​។ ជំងឺ​រលាក​ច្រមុះ ជា​បញ្ហា​ចម្បង​តែមួយគត់ ដែល​បង្ខំ​ឱ្យ វិ​ទិ​នី សម្រេចចិត្ត​បញ្ចប់​អាជីព​នេះ​។ ចូលនិវត្តន៍​ក៏ពិតមែន ប៉ុន្តែ​វិ​ទិ​នី​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្នុង​បទ​សម្ភាស​ថា ខ្លួន​មិន​ទៅណា​ឆ្ងាយ​ពី​អាង​ហែល​ទឹក​នោះទេ​។​


 
​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​របស់​កម្ពុជា សម្រាប់​ការចាកចេញ​របស់ វិ​ទិ​នី ពី​ក្រុម​ជម្រើសជាតិ​កីឡាហែលទឹក​។ កីឡាការិនី​រូបនេះ បើទោះជា​មិនទាន់បាន​សាង​ស្នាដៃ​អ្វី​ជា​ដុំកំភួន​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​ក្តី ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុងស្រុក កញ្ញា បាន​សាង​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​តាមរយៈ​ការដណ្តើម​បាន​មេដាយ​ស្ទើ​រាល់​ឆ្នាំ ពោល​ចាប់តាំងពី​ជាប់​ជម្រើសជាតិ​ឆ្នាំ​២០០៥ ដែល​មិនទាន់មាន​កីឡាការិនី​រូប​ណា​អាចធ្វើ​បានឡើយ​។ វិ​ទិ​នី ជាប់​ជម្រើសជាតិ​យ៉ាង​ឆាប់រហ័ស​នៅត្រឹម​វ័យ​១២​ឆ្នាំ ក្រោយ​ចូល​ហ្វឹកហាត់​នៅ​អាយុ​៥​ឆ្នាំ ។​
 
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វិ​ទិ​នី បាន​សុំលាលែង​ពី​ក្រុម​ជ​ម្រើ​ជាតិ​ហែល​ទឹក​តាំងពីដើម​ខែតុលា ឆ្នាំ​២០១៩​ម្លេះ ពោលគឺ​នៅពេល​ប្រកាស​សមាសភាព​កីឡាការិនី​ហែល​ទឹក​ដើម្បី​ទៅ​ចូលរួម​ស៊ី​ហ្គេម (SEA Games) នៅ​ហ្វីលីពីន​។​
 
​ជុំវិញ​ការលាឈប់​ពី​ជម្រើសជាតិ​នេះ ក្នុង​កិច្ច​សម្ភាស​ជាមួយ​យ​សារព័ត៌មាន​ថ្មីៗ អតីត​កីឡាការិនី​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា ថា​មូលហេតុ​តែមួយគត់​គឺ​មកពី​បញ្ហា​សុខភាព​។ វិ​ទិ​នី​ដែល​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​តំណាង​កម្ពុជា​ដល់​ទៅ​៣​លើក មាន​ដុះសាច់ច្រមុះ​ធ្ងន់ធ្ងរ ហើយ​អាច​ឈានដល់​ប៉ះពាល់​ប្រ័​ន្ធ​ប្រសាទ​ផង ដែល​តម្រូវ​ឲ្យ​ទទួល​ការព្យាបាល​រយៈពេល​វែង ឬមួយ​ជីវិត​តែម្តង​។​
 
 
«​ខ្ញុំ​មាន​បញ្ហា​ដក់​ទឹក​ដក់​ក្នុង​ច្រមុះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​ចុះ​ទឹកបាន​។ ក្រោយពេល​ខ្ញុំ​ចុះ​ទឹក វា​នឹងធ្វើ​ឲ្យ​សាច់​ក្នុង​ច្រមុះ​ខ្ញុំ​រីក ដែល​បណ្តាល​ឲ្យ​ពិបាក​ក្នុងការ​ដកដង្ហើម និង​ពិបាក​គេង​។ គ្រូពេទ្យ​ប្រាប់ថា ខ្ញុំ​អា​លាក់​ស៊ី​ជាមួយ​ក្ល​ដែល​ដាក់​ក្នុង​អាងទឹក​ផង​»​។ នេះ​ជាការ​រៀបរាប់​ទាំង​សោកស្តាយ​របស់​វិ​ទិ​នី ដោយ​បន្ថែមថា​នេះ​ជាការ​បញ្ចប់​អាជីព​ទាំង​មិនទាន់​បានសម្រេច​គោលដៅ​របស់ខ្លួន​នៅឡើយ​។​
 
​យ៉ាងណាក៏ដោយ អតីត​កីឡាការិនី​មាន​ឈាមជ័រ​ក្នុង​ត្រកូល​អ្នក​កីឡាហែលទឹក ដែលជា​ចៅ​បង្កើត​របស់​ព្រឹទ្ធាចារ្យ ហែម ថុ​ន នឹងមិន​ទៅណា​ឆ្ងាយ​ពី​វិស័យ​ដែល​ខ្លួន​ស្រឡាញ់​តាំងពី​តូច​នេះឡើយ ដោយ​យក​គោលដៅ​ជីវិត​ក្នុង​កីឡាហែលទឹក​របស់ខ្លួន​នេះ ទៅកាន់​ក្មេងជំនាន់ក្រោយ​។ 
 
​បច្ចុប្បន្ន​ជា​គ្រូ​អប់រំ​កាយ និង​កីឡា​ផង វិ​ទិ​នី​ប្តេជ្ញា​ជួយ​ជ្រម​ជ្រែង​កីឡាករ​កីឡាការិនី​ក្មេងៗ តាមរយៈ​ការចែករំលែក​បទពិសោធ​ដែល​ខ្លួន​មាន​សម្រាប់​ជាការ​ត្រួស​ត្រាយផ្លូវ​ពួកគេ​ឈានទៅ​កាន់​ជម្រើសជាតិ និង​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ដទៃទៀត​៕




 
 
 

Tag:
 កីឡាហែលទឹក​
  SEA Games
  ហែម ថុ​ន​វិ​ទិ​នី
© រក្សាសិទ្ធិដោយ thmeythmey.com