កីឡាការិនី គង់ម៉ូណា ជេសស៊ីកា បានចូលហ្វឹកហាត់កីឡាហាប់គីដូតាំងពីអាយុ៦ឆ្នាំ ដោយផ្តើមចេញពីការដើរតាមឪពុកទៅបង្វឹកសិស្សនៅវត្តបទុមវតីជារៀងរាល់ព្រឹក។ ស្ថិតក្នុងវ័យ១៧ឆ្នាំ ជេសស៊ីកា ចង់ក្លាយជាកីឡាការិនីហាប់គូដូឆ្នើមម្នាក់ដូចបងប្រុសនិងឪពុក ហើយប្តេជ្ញាមិនបោះបង់កីឡាមានប្រភពមកពីប្រទេសកូរ៉េនេះឡើយ។ កីឡាការិនីខ្សែក្រវាត់ខ្មៅពីរដាន់រូបនេះ អះអាងថា នាងធ្លាប់ត្រូវបានមិត្តភក្តិសើចចំអក និងរងការរិះគន់ពីមនុស្សមួយចំនួន តែនាងមិនខ្វល់នឹងទង្វើ និងពាក្យទាំងនោះឡើយ។
ស្ថិតក្នុងវ័យ១៧ឆ្នាំកីឡាការិនី គង់ម៉ូណា ជេសស៊ីកា ហាក់មានប្រជាប្រិយភាពខ្លាំងក្នុងវិស័យកីឡាហាប់គីដូ ក្រោយប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាង១០ឆ្នាំ។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ជេសស៊ីកា ថែមទាំងអាចបង្ហាញក្បាច់គុនហាប់គីដូយ៉ាងស្ទាត់ជំនាញទៀតផង ខណៈបច្ចុប្បន្នរូបគេកំពុងពាក់ខ្សែក្រវាត់ខ្មៅកម្រិតពីរដាន់។
កូនទីពីរក្នុងគ្រួសារមានបងប្អូន៣នាក់នៅរាជធានីភ្នំពេញរូបនេះអះអាងថា នាង ធ្លាប់ត្រូវបានមិត្តរួមថ្នាក់ប្រុសៗសើចចំអក និងរងការរិះគន់ពីមហាជនមួយចំនួនតូច ក្រោយនាងចូលហ្វឹកហាត់កីឡាហាប់គីដូ។ មូលហេតុដែលធ្វើឲ្យមានការរិះគន់ ដោយសារអ្នករិះគន់ភាគច្រើនប្រកាន់ភ្ជាប់នូវការលើកឡើងរបស់ចាស់ៗបុរាណ ដែលនិយាយថា ស្ត្រីមិនអាចហាត់ក្បាច់គុនដូចបុរស ឬស្ត្រីហាត់ក្បាច់គុនខ្លាចគ្មានអ្នកស្រលាញ់ជាដើម។
កីឡាការិនីរូបនេះបានឆ្លើយតបនឹងការលើកឡើងរបស់ចាស់ៗសម័យមុនយ៉ាងដូច្នេះថា៖«ភាគច្រើនចាស់ៗសម័យមុនអាចថា គាត់មិនសូវឲ្យតម្លៃលើស្ត្រីទេ ដូចគាត់ថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។ ស្ត្រីកាលមុនគេចាត់ទុក សម្រាប់ឲ្យនៅតែផ្ទះដាំបាយធ្វើម្ហូបទុកឲ្យប្តី អត់អាចចេញទៅធ្វើការ ឬទៅរៀននោះទេ។ ប៉ុន្តែសម័យបច្ចុប្បន្នគេលើកស្ត្រីជាធំ ដូចមានពាក្យមួយគេលើកឡើងថា ស្ត្រីជាមាតានៃពិភពលោក ស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំគេ និងអាចហាត់ក្បាច់គុនការពារខ្លួនដូចបុរសដែរ»។
ប៉ុន្តែ ជេសស៊ីកា មិនខ្វល់ជាមួយការរិះគន់ និងការលើកឡើងទាំងនោះឡើយ ដ្បិតនាងយល់ថា ស្ត្រីចេះក្បាច់គុនមិនមែនជារឿងអាក្រក់នោះទេ តែវាងាយស្រួលក្នុងការដើរយប់ព្រលប់ម្នាក់ឯង និងអាចការពារពីបៀតបៀនរបស់បុរស ពិសេសជួយឲ្យស្ត្រីមានរាងកាយ និងស្មារតីរឹងមាំមិនចាញ់បុរស និងអាចចៀសផុតពីជំងឺមួយចំនួនថែមទៀតផង។
«អ្នកខ្លះគិតថា ស្រីៗចូលហាត់កីឡាអត់បានទេ អាចប៉ះពាល់ តែសម្រាប់ខ្ញុំធម្មតា បើស្រីៗមានក្បាច់គុន គឺល្អព្រោះអាចការពារខ្លួនបាន។ ខ្ញុំសូមសំណូមពរដល់មិត្តស្រីៗទាំងអស់យកពេលចូលរួមហាត់កីឡាទាំងអស់គ្នា ពិសេសកីឡាហាប់គីដូ។ ព្រោះពេលយើងមានអារម្មណ៍តានតឹង ហើយចូលហាត់កីឡាអាចមានអារម្មណ៍ធូរ»។ នេះជាការលើកឡើងរបស់ ជេសស៊ីកា។
នាង បានចូលហ្វឹកហាត់កីឡាហាប់គីដូតាំងពីអាយុ៦ឆ្នាំ ដោយផ្តើមចេញពីការតាមឪពុកទៅបង្ហាត់សិស្សជារៀងរាល់ព្រឹកនៅមុខវត្តបទុមវតី។ ក្រៅពីរូបនាង បងប្អូនពីរនាក់ផ្សេងទៀត ក៏ជាកីឡាករហាប់គីដូដែរ។ នាងរៀបរាប់ថា៖«ប៉ាខ្ញុំគឺជាគ្រូបង្វឹកកីឡាហាប់គីដូ។ ហើយកាលខ្ញុំនៅតូច ពេលឃើញគាត់ក្រោកម៉ោង៥ព្រឹកទៅបង្ហាត់សិស្សនៅវត្តបទុមវតី ខ្ញុំតែងតែយំតាមគាត់ទៅដែរ។ ដូច្នេះគាត់ ក៏ឲ្យខ្ញុំចូលហ្វឹកហាត់ជាមួយគេដែរ តាំងពីខ្ញុំអាយុ៦ឆ្នាំរហូតមកដល់បច្ចុប្បន្ន»។
ក្លាយជាកីឡាការិនីហាប់គីដូឆ្នើម វាជាក្តីស្រមៃរបស់ ជេសស៊ីកា ដែលបានតាំងចិត្តក្រោយចូលប្រឡូកក្នុងវិស័យនេះ។ ស៊ីកា បានប្តេជ្ញាចិត្តថា នាងនឹងខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាការិនី និងគ្រូបង្វឹកឆ្នើមដូចឪពុក និងបងប្រុសរបស់នាង ដែលបច្ចុប្បន្នជាគ្រូបង្វឹកថ្នាលកីឡាហាប់គីដូក្នុងសហព័ន្ធខ្មែរកីឡាហាប់គីដូ។
៖«ខ្ញុំឃើញគាត់(ឪពុក)ហាត់ខ្លាំងពូកែ ខ្ញុំក៏ចង់ហាត់ឲ្យដូចគាត់ដែរ។ ហើយខ្ញុំក៏បានតាំងចិត្តពីតូចថា ខ្ញុំត្រូវហាត់ឲ្យដូចគាត់ និងខ្លាំងដូចគាត់ ទោះបីខ្ញុំជាស្រីក៏ដោយ។ ការចូលហ្វឹកហាត់កីឡានេះ វាគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ព្រោះវាមានគុណសម្បត្តិច្រើន ដូចជាធ្វើឲ្យយើងមានសុខភាពល្អ និងចៀសផុតពីជំងឺផ្សេងៗ ពិសេសអាចការពារខ្លួនបាន»។
ជាមួយការត្អូញត្អែរពីការលំបាកពេលចូលហ្វឹកហាត់ដំបូងដោយសារខ្លួននៅក្មេង ជេសស៊ីកា ដែលមិនតម្លើងខ្លួនបានអះអាងថា បច្ចុប្បន្នសមត្ថភាពនាងមិនខ្លាំងនោះទេ គឺស្ថិតក្នុងកម្រិតមធ្យមបើធៀបនឹងកីឡាការិនីមានសមត្ថភាពខ្លាំងៗ។ ប៉ុន្តែកីឡាការិនីរូបនេះបានបញ្ជាក់ថា នាងអាចវាយទប់ទល់បានពីរនាក់ក្នុងករណីមានការបៀតបៀតពីប្រុសៗ ដែលមិនចេះក្បាច់គុន។
កីឡាការិនីខ្សែក្រវាត់ខ្មៅ២ដាន់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ហាប់គីដូគឺមានស្នៀតត្រូវហក់លោត ត្រូវបោក ដូច្នេះខ្លួនខ្ញុំជាស្រីមានពេលខ្លះអាចពិបាកខ្លះដែរ។ តែបើសិនជាយើងព្យាយាមធ្វើម្តងហើយម្តងទៀត យូរៗទៅលេងអីហើយ ព្រោះវាស៊ាំ តែបើនៅឈឺ គឺឈឺ។ ឪពុកម្តាយរបស់ខ្ញុំ ក៏ចង់ឲ្យខ្ញុំហ្វឹកហាត់កីឡានេះដែរ និយាយជារួមទៅគ្រួសារខ្ញុំ គឺហាត់កីឡានេះទាំងអស់»៕