អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនធ្វើសមយុទ្ធយោធា ដើម្បីព្រមានមន្រ្តីជាន់ខ្ពស់អាមេរិកដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់
18, Sep 2020 , 4:10 pm        
រូបភាព
លោក Keith Krach រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ រូបភាព៖ EPA
លោក Keith Krach រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ រូបភាព៖ EPA
ចិន នៅថ្ងៃទី១៨ ខែកញ្ញា បានចាប់ផ្តើមធ្វើសមយុទ្ធយោធាមួយទៀត នៅកៀកច្រកសមុទ្រតៃវ៉ាន់ ស្របនឹងដំណើរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់អាមេរិកមកទីក្រុងតៃប៉ិ។ ក្នុងដំណើរទស្សនកិច្ចនេះ ទីក្រុងប៉េកាំង បានជំទាស់អាមេរិកយ៉ាងខ្លាំង ហើយថា នឹងឆ្លើយតបឲ្យសាកសមបំផុត។



លោក Keith Krach រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ត្រូវធ្វើដំណើរទស្សនកិច្ចមកកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ គឺមិនមានរបៀបវារៈច្បាស់លាស់ឡើយ ប៉ុន្តែគេដឹងត្រឹមថា នៅថ្ងៃទី១៨ ខែកញ្ញា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ ត្រូវជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ហើយថ្ងៃទី១៩ ខែកញ្ញា នឹងចូលរួមជាមួយពិធីរំលឹកខួបរបស់អតីតប្រធានាធិបតីតៃវ៉ាន់  លោក Lee Teng-hui ។នេះ គឺជាដំណើរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់អាមេរិកលើកទីពីរហើយ មកកោះតៃវ៉ាន់ បន្ទាប់ពីរដ្ឋមន្រ្តីសុខាភិបាលអាមេរិក។

ស្របនឹងដំណើរទស្សនកិច្ចនេះ ចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់។ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang «ពួកគេ [សមយុទ្ធយោធា] គឺមានហេតុផលច្បាស់លាស់ ចំណាត់ការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី»។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ជាងនេះឡើយ ប៉ុន្តែសមយុទ្ធនេះ  ទំនងគំរាមដល់មន្រ្តីជាន់ខ្ពស់អាមេរិក ដែលកំពុងទស្សនកិច្ចនៅតៃវ៉ាន់។

សម្រាប់ចិន តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន ហើយចិនក៏មិនឲ្យបរទេសណា ជ្រែតជ្រៀកកិច្ចការផ្ទៃក្នុងបានឡើយ។ លោក Ren បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន ឬ ផ្អែកលើកម្លាំងបរទេស ដើម្បីពង្រឹងខ្លួនឯង គឺគ្រាន់ជាការស្រមៃ និងមានតែផ្លូវទាល់តែប៉ុណ្ណោះ។ បន្ទាប់ពីថ្លែងដូចខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបន្ថែមថា៖ « អ្នកដែលលេងជាមួយភ្លើង នឹងរលាក»។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនបានបង្កើនសមយុទ្ធយ៉ាងខ្លាំងនៅក្នុង ឬក្បែរច្រកសមុទ្រតៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ យន្តហោះចម្បាំងរបស់ចិន ក៏បានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ដែរ ដែលធ្វើឲ្យតៃវ៉ាន់ព្រមានថា អាចបង្កឲ្យមានការប៉ះទង្គិចកើតឡើង។ ចំណែកអាមេរិកវិញ ក៏ពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ដែរ ហើយថែមទាំងបានបើកភ្លើងបៃតង ក្នុងការលក់អាវុធឲ្យដែនកោះមួយនេះថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com