អន្តរជាតិ
ចិនគំរាមចាត់វិធានការតបវិញ ក្រោយអាមេរិកហាមទាញយក TikTok និងបិទ WeChat
19, Sep 2020 , 1:38 pm        
រូបភាព
ការទាញយកកម្មវិធី TikTok និង WeChat នៅអាមេរិក នឹងត្រូវបានហាមឃាត់ទាំងស្រុងនៅទឹកដីអាមេរិក ចាប់ពីថ្ងៃទី២០ ខែកញ្ញាតទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី១៨ ខែកញ្ញា។ ប៉ុន្តែកម្មវិធីវីដេអូកម្សាន្តខ្លី TikTok អាចនឹងរួចខ្លួនវិញ បើការបារម្ភរបស់អាមេរិកពាក់ព័ន្ធសន្តិសុខជាតិ ត្រូវបានដោះស្រាយមុនពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ ចិន ប្រឆាំងទង្វើអាមេរិក និងគំរាមចាត់វិធានការតបវិញ

 
TikTok និង WeChat បានក្លាយជាមុខសញ្ញារបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយក្ដីបារម្ភថា កម្មវិធីរបស់ចិនទាំងពីរនេះ ជាច្រកសម្រាប់បក្សកុម្មុយនីស្តចិនលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ហើយធ្វើឲ្យប៉ះពាល់សន្តិសុខជាតិអាមេរិក។ ម្ដងជាពីរដង ទីក្រុងវ៉ាស៊ីនតោន បានគំរាមបិទកម្មវិធីទាំងពីរនេះមិនឲ្យប្រើលើទឹកដីអាមេរិកតែម្ដង។
 
នៅថ្ងៃទី១៨ ខែកញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកប្រកាសវិធានការហាមឃាត់ការទាញយក TikTok និង WeChat ចេញពី App Store របស់ឧបករណ៍ផលិតដោយក្រុមហ៊ុន Apple និង Play Store របស់ Google ដោយអនុវត្តពីថ្ងៃទី២០ ខែកញ្ញា។ វិធានការលើ TikTok និយាយដោយឡែក កើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមជំរុញការលក់ប្រតិបត្តិការរបស់កម្មវិធីមួយនេះរវាងម្ចាស់ក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនអាមេរិកដែលគេជឿថា ជាក្រុមហ៊ុន Oracle ។
 
«បក្សកុម្មុយនីស្តចិន បានបង្ហាញមធ្យោបាយ និងគំនិតរបស់ខ្លួនក្នុងការប្រើប្រាស់កម្មវិធី App ទាំងនេះដើម្បីគំរាមសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចអាមេរិក។» រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Wilbur Ross បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ហាមប្រាមការទាញយកម្មវិធីចិនទាំងពីរ។   
 
ជាមួយបញ្ជាថ្មីនេះ WeChat នឹងមិនអាចត្រូវបានទាញយកបានទៀតឡើយ ហើយក៏មិនអាចប្រើប្រាស់បានដែរ ប៉ុន្តែTikTok នៅមានច្រកចេញនៅឡើយ។ ក្រសួងពាណិជ្ជកម្មអាមេរិកអះអាងថា ខណៈដែលTikTok មិនអាចទាញយកបានចាប់ពីថ្ងៃអាទិត្យទៅ អ្នកប្រើប្រាស់អាមេរិក អាចបន្តប្រើប្រាស់កម្មវិធីកម្សាន្តនេះរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ហើយមានការចរចាទិញលក់ មានលទ្ធផល ឬមានការចរចាណាផ្សេងនោះ បំរាមនេះ អាចត្រូវបានលើកលែងវិញដែរ។
 
ទីក្រុងប៉េកាំង បានបង្ហាញជំហរជំទាស់នឹងវិធានការរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៩ ខែកញ្ញា ក្រសួងពាណិជ្ជកម្មចិនបានទទូចឲ្យអាមេរិកទម្លាក់គោលការណ៍បំពានគេឯង បញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន និងធានាបញ្ញត្តិអន្តរជាតិដោយយុត្តិធម៌ និងតម្លភាព។ ក្រសួងពាណិជ្ជកម្មបន្តថា ប្រសិនបើអាមេរិកនៅតែចចេស ចិន នឹងចាត់វិធានការតបវិញដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន៕

Tag:
 ចិន
  អាមេរិក
  TikTok WeChat
© រក្សាសិទ្ធិដោយ thmeythmey.com