អន្តរជាតិ
វៀតណាម ត្រៀមចែករំលែកបទពិសោធឲ្យអង់គ្លេសដើម្បីក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP
20, Sep 2020 , 3:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng ។ រូបភាព VNA
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng ។ រូបភាព VNA
ដោយ:
រដ្ឋាភិបាលវៀតណាម បានប្រកាសជំហរបើកចំហទៅកាន់រដ្ឋាភិបាលអង់គ្លេសក្នុងការចែករំលែកបទពិសោធន៍ផ្សេងៗអំពីការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយរបស់ពិភពលោក គឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ប្រសិនបើអង់គ្លេស ពិតជាមានបំណងចង់ក្លាយជាភាគីនៃកិច្ចព្រមព្រៀងនេះមែន។

 
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng នៅថ្ងៃ១៧ កញ្ញាកន្លងទៅ បានលើកឡើងថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដ៏មានគុណភាព និងភ្ជាប់ដោយការតាំងចិត្តខ្ពស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរវាងបណ្តាសមាជិក និងជំរុញពាណិកម្មសេរីនិយម ដោយគោរពតាមស្តង់ដារ និងច្បាប់អន្តរជាតិទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
 
តាមប្រភពព័ត៌មានដដែល លោកស្រីអះអាងថា វៀតណាម បានទទួលដឹងលឺថា អង់គ្លេស បានពិភាក្សា ពីលទ្ធភាពក្នុងការចូលជាសមាជិក របស់ CPTPP  ហើយក្នុងនាមជាសមាជិកមួយនៃ CPTPP វៀតណាម បានត្រៀមខ្លួនរួចស្រេចក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងនីតិវិធីនានាជាមួយនឹងអង់គ្លេស ប្រសិនបើអង់គ្លេស ពិតជាចង់ស្វែងយល់មែននោះ។ 
 
សេចក្តីប្រកាសបើកចំហរបស់វៀតណាម ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានបង្ហើបពីកិច្ចសន្ទនា និងលទ្ធភាពក្នុងការពិភាក្សាជាមួយនឹងប្រមុខចរចាទាំង១១សមាជិក នៃកិច្ចព្រមព្រៀង CPTPP កាលពីពេលថ្មីៗនេះ ។ តាម Vietnam News រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស បានគូសបញ្ជាក់ថា ការចូលជាសមាជិក CPTPP នឹងក្លាយជាសារមួយដ៏មានឥទ្ធិពលទៅកាន់ពិភពលោក ថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងបណ្តាប្រទេសដែលប្រកាន់យកពាណិជ្ជកម្មសេរី និងតម្លាភាព។ 
 
សម្រាប់រដ្ឋាភិបាលអង់គ្លេសមើលឃើញថា ការទទួលបានសមាជិកភាពពី CPTPP នឹងផ្តល់ឱកាសថ្មីជាច្រើនសម្រាប់ធុរកិច្ច និងជម្រើសបន្ថែមសម្រាប់អតិថិជន ក៏ដូចជាផ្តល់អង់គ្លេសនូវភាពនឹងធឹងសេដ្ឋកិច្ចកាន់តែល្អប្រសើរ ហើយបើនិយាយក្នុងក្របខណ្ឌយុទ្ធសាស្ត្រវិញ  កិច្ចព្រមព្រៀងនេះ នឹងនាំអង់គ្លេសឲ្យកាន់តែខិតជិតកាន់តែទូលាយក្នុងតំបន់ប៉ាស៊ីហ្វិក និងជួយសម្រួចឡើងវិញនូវតួនាទីអង់គ្លេសទៅកាន់ពាណិជ្ជកម្មសកលទៀតផង។
 
គួរជម្រាបផងដែរថា CPTPP មានសមាជិកសរុបទាំងអស់ ១១ ប្រទេសរួមមាន អូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក ណូវែលហ្សេឡង់ សិង្ហបុរី វៀតណាម ព្រុយណេ ម៉ាឡេស៊ី ស៊ីលី និងប៉េរូ។ តាមការរំពឹងទុកសមាជិកទាំង១១ នៃកិច្ចព្រមព្រៀង CPTPP រួមគ្នាតែមួយ ស្មើនឹងទីផ្សារសរុប ៥០០លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប ១៣,៥ ទ្រីលានដុល្លារ និងស្មើនឹង ១៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុបជាសកល៕ 
 

Tag:
 អង់គ្លេស
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com