កីឡាជាតិ
ជាតិ
លោក មៀ​ច សុផាន់​ណា នឹង​លាលែង បើ​វិញ្ញាសា​បាញ់កាំភ្លើង​មិនបាន​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
22, Sep 2020 , 10:59 pm        
រូបភាព
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា(ស្តាំ)ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា(ស្តាំ)ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០
ដោយ:
​លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បានប្រកាសថា លោក​នឹង​លាលែង​ពី​តំណែង​បើ​សហព័ន្ធ​ខ្លួន​មិន​ដណ្តើមបាន​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បច្ចុប្បន្ន​សហព័ន្ធ​នេះ កំពុងស្ថិត​នៅក្នុង​តំណែង​ជា​ប្រភេទ​កីឡា​ត្រៀម​បម្រុង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​។

 
​នា​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បានប្រកាស​យក​តំណែង​ជា​ប្រធាន​របស់ខ្លួន ដោះដូរ​ជាមួយ​មេដាយ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ លោក​អះអាងថា លោក​នឹង​លាលែង​ពី​តំណែង បើ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​មិន​ទទួលបាន​មេដាយ​ណាមួយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
​នៅ​ចំពោះមុខ​សមាជិក​ប្រតិបត្តិ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី លោក មៀ​ច សុផាន់​ណា បាន​បញ្ចាក់​ដូច្នេះ​ថា​៖«​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខ្ញុំ​អត់​និយាយ​ទេ គឺ​ប្រកាស​ជា​ផ្លូវការ បើ​អត់​បាន​មេដាយ ខ្ញុំ​សុំ​ឈប់​ហើយ​(goodbye my love baby)​។ សម្រាប់​គ្នា​យើង​ស្តាប់​ឲ្យ​ហើយ ខ្ញុំ​ទុក​ឲ្យ​លោក​ឯង​ធ្វើ អ្នកណា​ធ្វើ​ប្រធាន​ថ្មី​ទៀត​ទៅ កុំ​ឲ្យ​ខ្ញុំ​នៅ​ទៅ វា​អត់​បានការ ចោលម្សៀត​ដដែល​»​។​
 
​តែ​យ៉ាងណា ប្រធាន​សហព័ន្ធ​រូបនេះ ជឿជាក់ថា លើ​សមត្ថភាព​របស់​ម​ន្ត្រី គ្រូបង្វឹក និង​កីឡាករ​របស់ខ្លួន​អាច​ធ្វើបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម បើ​ពួកគេ​រួបរួម និង​សាមគ្គី​គ្នា​បានល្អ​។ ទន្ទឹមនឹងនេះ លោក ជំរុញ​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​


 
​ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​ប្រាកដថា វិញ្ញាសា​បាញ់កាំភ្លើង​អាចមាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅឡើយ​ទេ ខណៈ​បច្ចុប្បន្ន​កីឡា​នេះ​កំពុងស្ថិត​ក្នុង​ប្រភេទ​កីឡា​ត្រៀម​បម្រុង​។ 
 
​នៅក្នុង​សន្និបាត​វិសាមញ្ញ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា នោះដែរ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមការងារ​ចំនួន​បី​រួមមាន​ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការប្រកួត​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ថ្នាក់ជាតិ​, ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការប្រកួត​កីឡា​បាញ់កាំភ្លើង​អន្តរជាតិ និង​ក្រុម​គ្រូបង្វឹក​ដែលមាន​លោក Thomas Bovet និង​លោក Sylvain Vogel​។​


 
​ក្រុមការងារ​ទាំងបី​មាន​តួនាទី​រៀបចំ​វគ្គ​បណ្តុះបណ្តាល កម្មវិធី​ហ្វឹកហាត់​សម្រាប់​កីឡាករ​កីឡាការិនី ជ្រើសរើស​និង​អភិវឌ្ឍន៍​ក្រុម​ដែលមាន​ស្នាដៃ​ខ្ពស់​សម្រាប់​វិញ្ញាសា​បាញ់កាំភ្លើង សម្របសម្រួល និង​រៀបចំ​ក្នុងការ​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ការប្រកួត​នៅក្រៅ​ប្រទេស និង​ក្នុងស្រុក​។ លើសពីនេះ សិក្សា និង​រៀបចំ​ឯកសារ​ពី​ផែនការ​យុត្តិសាស្ត្រ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម គ្រប់គ្រង​ធនធាន​សម្រាប់​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ក្រុម​ជម្រើសជាតិ និង​ទទួល​ភារកិច្ច​ដែល​ប្រធាន​សហព័ន្ធ​ផ្តល់​ឲ្យ​៕  




 
 

Tag:
 បាញ់កាំភ្លើង​
  មៀ​ច សុ​ផា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com