ADB ផ្តល់​កម្ចី​ជិត​៣០​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ពង្រឹង​សេវាសាធារណៈ
ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់​កម្ចី​ជិត​៣០​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ពង្រឹង​សេវាសាធារណៈ
23, Sep 2020 , 2:41 pm        
រូបភាព
រូបថត៖ ADB
រូបថត៖ ADB
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្តល់​កម្ចី​ចំនួន​២៩,៣៥​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​គាំទ្រ  និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាសាធារណៈ តាមរយៈ​កំណែទម្រង់​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ  ជាពិសេស​នៅតាម​តំបន់​ជនបទ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB នា​ថ្ងៃទី​២៣ ខែកញ្ញា​។​

 
​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា ក្នុងចំណោម​កម្ចី​ទាំង​ជិត​៣០​លាន​ដុល្លារ​នេះ មាន ២០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ផែនការ គោលនយោបាយ និង​ការគ្រប់គ្រង​សារពើពន្ធ​នៃ​រដ្ឋបាល​មូលដ្ឋាន ក៏ដូចជា​រដ្ឋបាល​សាធារណៈ ក្នុងការ​អភិវឌ្ឍ​ផ្នែក​សេវា និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បានធ្វើ​វិមជ្ឈការ​រួម​។​
 
​រីឯ កម្ចី​៩,៣៥​លាន​ដុល្លារ​ទៀត​នោះ  គឺ​សម្រាប់​អនុវត្ត​គម្រោង កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ ដែលជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​តំបន់​។ បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី ការអនុវត្ត​គម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ១,៧​លាន​ដុល្លារ ផងដែរ​។​
 
​កម្ចី​សម្រាប់​អនុវត្ត​គម្រោង​នេះ គឺជា​កម្មវិធី​ទី​២​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដោយ​ជួយ​បំពេញបន្ថែម​លើ​កម្មវិធី​ទី​១ នៃ​ការអភិវឌ្ឍន៍​ផ្នែក​សេវា និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការធ្វើ​វិមជ្ឈការ ដែល​កំពុងតែ​ដំណើរការ​។  ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា គម្រោង​នេះ នឹង​ជួយ​ពង្រឹង​ការសម្របសម្រួល​ការងា​រ​ទីភ្នាក់ងារ​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ការផ្តល់សេវា​កម្ម​ដែល​ឆ្លើយតប នឹង​តម្រូវការ ប្រកបដោយ​ការទទួលខុសត្រូវ ដែល​រួមបញ្ចូល នូវ​ការពង្រឹង​ផែនការ​ថវិកា សវនកម្ម  និង​មុខងារ​អ្នកស៊ើប​អង្កេត ជា​យុទ្ធសាស្ត្រ​។ លើសពីនេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការគ្រប់គ្រង​ចំណូល​និង ចំណាយ ដើម្បី​ឆ្លើយតប​នឹង តម្រូវការ​ក្នុង​មូលដ្ឋាន និង​ដោះស្រាយ​កង្វះខាត​នៃ​ជំនាញ​សម្រាប់​រយៈពេល វែង របស់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន​។ 
 
​បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី គម្រោង​នេះ​នឹង​គាំទ្រ​ដល់​ការសាងសង់​និង​ដំណើរការ​នៃ​សាលា​រដ្ឋបាល មូលដ្ឋាន​ជាតិ​ថ្មី ដែល​នឹង​ផ្តល់នូវ​ការអភិវឌ្ឍ​ជំនាញ តាម​រចនាសម្ព័ន្ធ សម្រាប់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន​។​
 
​លោកស្រី Jhelum Thomas អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា គម្រោង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ដល់​រដ្ឋបាល​មូលដ្ឋាន​នៅ​ទូទាំង ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព ហើយក៏​នឹង​បង្រួម​គម្លាត​តំបន់​ជនបទ និង​ទីប្រជុំជន ផងដែរ​។ 
 
«​គម្រោង​នេះ​ចាំបាច់​ណាស់ ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន បាន​ផ្លាស់​ទី ពី​ទីក្រុង​ទៅ​ជនបទ​»​។ នេះ​ការលើកឡើង​របស់​អ្នកស្រី Jhelum Thomas  ដោយបាន​អះអាង​ដូច្នេះ​៖«​ប្រការនេះ នឹង​នាំ​សម្ពាធ​បន្ថែម​ដល់​រដ្ឋបាល​មូលដ្ឋាន ក្នុងការ​ផ្តល់ជំនួយ​ស​ង្គ​ម​និង​សេវាកម្ម​ចំ​បាច់​ដូចជា​ផ្លូវថ្នល់ ការផ្គត់ផ្គង់  ទឹក និង​អនាម័យ ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​ណើ​ន ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​»​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បានផ្តល់​ការគាំទ្រ​យ៉ាង​ទូលំទូលាយ ដល់​កំណែទម្រង់​វិមជ្ឈការ​របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០២​។ ដូចជា ការគាំទ្រ​ដល់​កំណែទម្រង់​ច្បាប់ គោលនយោបាយ និង ស្ថាប័ន​។ ចន្លោះ​ឆ្នាំ ២០០២ និង​ឆ្នាំ ២០១២ ការចូលរួម​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ផ្តោតលើ ការពង្រឹង​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ការពង្រីក​សេវាកម្ម​នៅតាម​តំបន់​ជនបទ​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១២​មក ការគាំទ្រ​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី បាន​ផ្តោតលើ​ការពង្រឹង ការសម្របសម្រួល​ការ​ងារ របស់​រាជរដ្ឋាភិបាល ក្របខ័ណ្ឌ​ច្បាប់ ស្ថាប័ន និង​ការកំណត់​តួនាទី​និង​ភារកិច្ច​ក្នុង​ការផ្តល់សេវា​។ គម្រោង​ថ្មី​នេះ គឺ​ស្របទៅនឹង​អាទិភាព ដែល​បានដាក់​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ របស់​ADB សម្រាប់​ប្រទេស​កម្ពុជា ២០១៩-២០២៣ ។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេចបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់​និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បើតាម​ADB ៕ 
 

Tag:
 កម្ចី​
  ADB
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com