លោក ថោង ខុន ប្រាប់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​មើល​សក្តានុពល​ខេត្តសៀមរាប និង​កំពង់ធំ​សម្រាប់​គម្រោង «​ខ្សែក្រវាត់​បៃតង​»
ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ប្រាប់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​មើល​សក្តានុពល​ខេត្តសៀមរាប និង​កំពង់ធំ​សម្រាប់​គម្រោង «​ខ្សែក្រវាត់​បៃតង​»
23, Sep 2020 , 9:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី
​ក្រុមហ៊ុន​ជប៉ុន «​យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អ៊ិ​ល​ធី​ឌី​» មានបំណង​អភិវឌ្ឍ​គម្រោង «​ខ្សែក្រវាត់​បៃតង​» នៅ​កម្ពុជា សំដៅ​ប្រែក្លាយ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅជា «​ក​សិ​-​ទេសចរណ៍​»​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​នេះ និង​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​នេះ សំឡឹងមើល​សក្តានុពល​សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​នេះ នៅក្នុង​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​មុនគេ​។​



​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អ៊ិ​ល​ធី​ឌី (Yamato Green Co.,Ltd) បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​«​ខ្សែក្រវាត់​បៃតង (Green Belt) ដែល​ពាក់ព័ន្ធ​នឹង​ការជំរុញ​ការអភិវឌ្ឍន៍​ក​សិ​-​ទេសចរណ៍ សង្គម និង​ផ្នែក​សេដ្ឋកិច្ច នៅ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ ត្រូវបាន​លើកឡើង ក្នុងជំនួប​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រតិភូ​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៉ី​តុ (Nabeshima Katsuhito) អគ្គនាយក​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន  កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​


រូបភាពកិច្ចជំនួនរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនយ៉ាម៉ាតុ ហ្គ្រីន ខូអ៊ិលធីឌី នៅទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី២១ ​ខែកញ្ញា ឆ្នាំ២០២០ 

​លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៊ី​តុ (Nabeshima Katsuhito) អគ្គនាយក​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អ៉ិ​ល​ធី​ឌី បា​លើកឡើងថា តាមរយៈ​គម្រោង​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍ ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច​នេះ ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន នឹងធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ក្លាយទៅជា «​ក​សិ​ទេសចរណ៍​» ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទទួលទាន​អាហារ ដែលមាន​ស្រាប់​នៅតាម​តំបន់​ទេសចរណ៍​នីមួយៗ ប្រកបដោយ​សុវត្ថិភាព​។ លើសពីនេះ ភ្ញៀវទេសចរ ក៏​អាច​ចូលរួម​ទស្សនា​បច្ចេកទេស​នៃ​ការដាំដុះ និង​ថែទាំ​បាន​ដោយផ្ទាល់​ផងដែរ​។​
 
​តាម​លោក កាត់​ស៊ូ​ហ៊ី​តុ  ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន កំពុង​ទទួលជោគជ័យ និង​ល្បីល្បាញ​ណាស់ដែរ ក្នុងការ​អភិវឌ្ឍ​ក​សិ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​។ ហេតុនេះហើយ​ទើប​ជំ​រុញឱ្យ​ក្រុមហ៊ុន មាន​គម្រោង​អភិវឌ្ឍន៍​ថ្មី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ខ្សែ​ក្រវាត់បៃតង នៅ​កម្ពុជា​បន្ថែមទៀត​។​
 
​លោក ថោង ខុន បានបង្ហាញ​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​នេះ ចាប់ផ្តើម​ការវិនិយោគ​លើ​គម្រោង​ក្រវាត់បៃតង​នេះ​ដោយ​ផ្តើម​ពី​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ផងដែរ​។ លោក ថោង ខុន មានប្រសាសន៍​ដូច្នេះ​៖«​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​ពិតជា​អំណោយផល​ច្រើន​បំផុត សម្រាប់​ការវិនិយោគ​លើ​វិស័យ​ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ ពិសេស​ការកសាង​ខ្សែក្រវាត់​បៃតង​»​។ 
 
​ភាគី​ទាំង​២ ក៏បាន​ឯកភាពគ្នា​ថា នឹង​រៀបចំ​ឱ្យ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ  ក៏ដូចជា​រៀបចំ​ឱ្យមាន​ក្រុមការងារ​រួមមួយ ដើម្បីឱ្យ​កិច្ចសហការ​នេះ ប្រព្រឹត្តទៅ​រលូន ជោគជ័យ និង​នាំ​ផលចំណេញ ដល់​ប្រជាជន​កម្ពុជា​ផង និង​ដល់​ក្រុមហ៊ុន​វិនិយោគ​ផង​៕
 

លោក ណាបិស្ស៊ីម៉ា កាត់ស៊ូហ៊ីតុ តំណាងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអិលធីឌី​

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com