ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ស្បែក​អាច​ប្រែជា​ជ្រីវជ្រួញ​ដោយសារ​កត្តា​ទាំងនេះ​
24, Sep 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កត្តា​មួយចំនួន​អាច​បន្ថែម​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​គួរឱ្យកត់សម្គាល់​។ ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​កត្តា​ដែល​អាច​បណ្ដាលឱ្យ​ស្បែក​កាន់តែ​ជ្រីវជ្រួញ ៖

 
១. គេង​មិនបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ ឬ​តិចជាង ៥ ម៉ោង​ក្នុង​មួយថ្ងៃ នោះ​វា​អាច​បណ្ដាលឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ហើយ​របាំង​ការពារ​ស្បែក​ក៏ត្រូវ​ថយចុះ​។ ការ​គេង​បាន​គ្រប់គ្រាន់ ៨ ម៉ោង​ក្នុង​មួយ​យប់​ជា​គន្លឹះ​ជួយ​ឱ្យ​ស្បែ​កមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ជួសជុល​ឡើងវិញ​និង​ការលូតលាស់​នៃ​កោសិកា​ថ្មី​។ ដូច្នេះ​ប្រសិនបើ​ចង់​រក្សាបាន​នូវ​ស្បែក​ដែល​ក្មេង​ជាង​វ័យ ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​។​
 
២. កង្វះ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​វីតាមីន A វីតាមីន C វីតាមីន E និង​ប៉ូ​តា​ស្យូ​ម គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​ស្បែក​។ ដូច្នេះ​ចូរ​ព្យាយាម​រួមបញ្ចូល​បន្លែ ពិសេស​ការ៉ុត ប៉េងប៉ោះ និង​បន្លែ​ស្លឹក​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ វា​ក៏​ល្អ​ណាស់ដែរ​ក្នុងការ​រួមបញ្ចូល​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ដើម្បី​រក្សា​ភាព​ក្មេង​ជាង​វ័យ​នៃ​ស្បែក​។​
 
៣. កង្វះ​ប្រូតេអ៊ីន​
 
​កង្វះ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​អាច​បណ្ដាលឱ្យ​ស្បែក​បាត់បង់​ភាពបត់បែន​និង​កាន់តែ​ជ្រីវជ្រួញ​ខ្លាំង​។ វា​ក៏​រារាំង​ស្បែក​ពី​ការ​ជាសះស្បើយ​និង​ជួសជុល​ឡើងវិញ​ដោយ​ខ្លួនឯង​ផងដែរ​។​
 
៤. ការ​ប៉ះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើនពេក​
 
​ការដែល​ប៉ះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើនពេក​អាច​ជះ​ផល​អាក្រក់​ច្រើនជាង​ល្អ​។ ពន្លឺព្រះអាទិត្យ​លើសលប់​អាច​បណ្ដាលឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផងដែរ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរប្រើ​ប្រាស់​ឡេ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ដែលមាន​ផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេល​ចេញ​ក្រៅ​ក្រោយ​ម៉ោង ១០ ព្រឹក​និង​មុន​ម៉ោង ៤ ល្ងាច​។​
 
៥. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ​ក៏​ចាំបាច់​ណាស់ដែរ​សម្រាប់រ​ក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​។ កង្វះ​ជាតិ​ទឹកនឹង​បណ្ដាលឱ្យ​ស្បែក​ស្ងួត​ឆាប់​ជ្រីវជ្រួញ ហើយ​ងាយ​ជួបប្រទះ​បញ្ហា​ផ្សេងៗ​ថែមទៀត​។​
 
៦. ទទួលទាន​អាហារ​កែច្នៃ​ច្រើន​
 
​អាហារ​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ អាហារ​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​អាហារ​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com