COVID-19
ជាតិ
ក្រសួងសុខាភិបាល៖ លទ្ធផលបង្ហាញថា បុរសហុងគ្រីមានកូវីដ-១៩
26, Sep 2020 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួ​ងសុខាភិបាលនា​រសៀលថ្ងៃសៅរ៍ នេះ បានអះអាងថា បុរសជនជាតិហុងគ្រីអាយុ​៧០​ឆ្នាំ មានកូវីដ-១៩។ នេះបើ​យោង​តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ។ បុរសនោះមានអាសយដ្ឋាន​នៅភូមិក្រួស ឃុំស្វាយ​ដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។



នាព្រឹក​ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបាន​ប្រកាសពីករណីបាត់ខ្លួន​បុរស​ហុងគ្រី រូបនេះ ពី​កន្លែងចត្តាឡីស័ក ប៉ុន្តែ​ត្រូវរក​ឃើញវិញ ដោយគាត់​បានសម្ងំនៅ​ក្នុង​ផ្ទះវីឡា​មួយក្នុង​បុរីអាថែន ភូមិគ្រួស ឃុំ​ស្វាយដង្គុំ ហើយក្រុមគ្រូពេទ្យ បាន​ដឹកគាត់ និងភរិយា យកទៅមន្ទីរពេទ្យ​ខេត្ត និង​បន្តស្រាវជ្រាវរកអ្នកប៉ះពាល់។

តាមព័ត៌មានដែល​ក្រសួងទទួល​បាន បុរស​ហុងគ្រីរូបនេះ បាន​ចាកចេញពីភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្ពោះទៅសៀមរាប ដោយបានម៉ៅតាក់ស៊ីជិះមួយតែម្នាក់ឯង និងឈប់​ចាក់ប្រេង​តែម្តងគត់នៅតាមផ្លូវ។

ពេលទៅដល់សៀមរាប គាត់សម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិត​វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានតែមួយថ្ងៃគត់​ គឺ​ថ្ងៃទី​១៧ ខែកញ្ញា គាត់បានចេញទៅទិញផ្ទាំងគំនួរដោយជិះកង់​បី នៅគ្រឹះស្ថាន​ក្រុងអង្គរ រួចត្រឡប់ទៅផ្ទះវិញ។

រីឯភរិយារបស់គាត់ដោយសារមានម្ហូបអាហារជាច្រើននៅក្នុងផ្ទះ ក៏មិន​បានចេញទៅណានោះដែរ តែបាន​ចេញទៅផ្សារម្តងគត់ ហើយបានអះអាងថា មិនបានប៉ះពាល់អ្នកផ្សេងឡើយ។

ស្ថាប័នជំនាញកំពុង​បន្ត​ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលប៉ះផ្ទាល់ និង​ប្រយោលជាមួយ​បុរសហុងគ្រីរូបនោះ។

មកពេលនេះ កម្ពុជាមានអ្នកឆ្លង​២៧៦នាក់ ក្នុងនោះ ២នាក់ស្ថិតក្នុងការព្យាបាល ដោយក្រៅពីបុរសហុងគ្រី នៅមាន​បុរសអង់គ្លេសតាំងពីថ្ងៃទី១៣ ខែកញ្ញា៕



© រក្សាសិទ្ធិដោយ thmeythmey.com