កីឡាជាតិ
កីឡាអន្តរជាតិ
F1៖ Bottas ឈ្នះ​ការប្រកួត​ទីលាន​រុស្ស៊ី ឯ Hamilton ខក​ឱកាស​តាម​ស្មើ​កំណត់ត្រា Schumacher
28, Sep 2020 , 7:39 pm        
រូបភាព
Valtteri Bottas ឈ្នះ​ការប្រណាំង​រថយន្ត Formula One លើក​ទី​២ រដូវ​កាល​នេះ​ក្នុង​កម្មវិធី Russian Grand Prix នៅ​ទីលាន​ប្រទេស​រុស្ស៊ី​។ ម្ចាស់​ជើងឯក​៦​សម័យ Lewis Hamilton ខក​ឱកាស​រក​ជ័យជម្នះ​ទី​៩១​របស់ខ្លួន ដើម្បី​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង​ច្រើនជាងគេ​លើ​លោក​របស់ Michael Schumacher​។​

 
Bottas អ្នក​ប្រណាំង​សញ្ជាតិ​ហ្វាំ​ង​ឡង់ ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​ទៅ​ដល់ទី​មុនគេ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣០​នាទី និង​៥៥​វិនាទី នា​ការប្រណាំង​លើ​ទីលាន​ទី​១០ រដូវ​កាល​នេះ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​។ កីឡាករ Max Verstappen ដែល​បើក​ឲ្យ​ក្រុម Red Bull ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ខណៈ​លេខ​៣ បាន​ទៅ​មិត្ត​រួម​ក្រុម Mercedes កីឡាករ Hamilton​។​
 
Hamilton ម្ចាស់​ការពារ​ជើងឯក ដែល​រំពឹង​ទទួល​ជ័យជម្នះ​ដើម្បី​តាម​ស្មើ​កំណត់ត្រា​ឈ្នះ​ការប្រណាំង​ច្រើនជាងគេ​របស់​អតីត​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Schumacher ចំនួន​៩១​លើក ត្រូវ​រង់ចាំ​នៅ​ប្រកួត​បន្ទាប់ៗ​ទៀត​។​
 
​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស​វ័យ​៣៣​ឆ្នាំ ដែល​ឈ្នះ​ការប្រណាំង​នៅ​រដូវ​កាល​២០២០​នេះ​ចំនួន​៦​លើក​មកហើយ បាន​កើន​ការទទួលបាន​ជ័យជម្នះ​របស់ខ្លួន​ក្នុង​អាជីព​ដល់​៩០​លើក​ហើយ មុន​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុងការ​ប្រណាំង​នៅ​ទឹកដី​រុស្ស៊ី​នេះ​។​
 
​ឆ្លងកាត់​ការប្រណាំង​១០​លើក Hamilton បាន​កើន​ដល់​២០៥​ពិន្ទុ ដោយ​នាំមុខ​មិត្ត​រួម​ក្រុម Mercedes កីឡាក Bottas ចំនួន​៤៤​ពិន្ទុ​។ Max Verstappen អ្នក​ប្រណាំង​សញ្ជាតិ​ហូ​ឡង់ របស់​ក្រុម Red Bull ឈរ​លេខ​៣ មាន​១២៨​ពិន្ទុ ខណៈ Sebastian Vettel ដែលជា​គូប្រជែង​ដ៏​ខ្លាំងក្លា​របស់ Hamilton ទើបតែ​រកបាន​១៧​ពិន្ទុ​ប៉ុណ្ណោះ និង​ឈេ​នៅ​លេខ​រៀង​ទី​១៣ ក្នុង​តារាង F1​។​
 
​ដោយឡែក ផ្នែក​គ្រឿង​ម៉ាស៊ីន​វិញ Hamilton និង Bottas បាន​ជួយ​ឲ្យ Mercedes បង្កើន​ការនាំ​មុខដាច់​គេ​តែម្តង​រហូតដល់​ទៅ ១៧៤​ពិន្ទុ​ឯណោះ​។ Red Bull នៅ​ចំណាត់ថ្នាក់​ទី​២ មាន​១៩២​ពិន្ទុ ឯ McLaren Renault រកបាន​១០៦​ពិន្ទុ ឈរ​លេខ​រៀង​ទី​៣​។ Racing Poing លេខ​៤​មាន​១០៤​ពិន្ទុ តាម​ពីក្រោយ​ដោយ Renault និង Ferrari ដែលមាន​៩៤ និង​៧៤​ពិន្ទុ​។ Williams Mercedes នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។​
 
​ទីលានប្រណាំង​បន្ទាប់​នឹងធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​កម្មវិធី Germany Grand Prix នៅ​ថ្ងៃទី​១១ ខែតុលា ខណៈ​ការប្រណាំង​នៅសល់​ចំនួន​៧​លើក​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០២០​នេះ​៕



Tag:
 Valtteri Bottas
  Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com