ជាតិ
លោក ហ៊ុន ម៉ានី ប្រាប់មន្ត្រីការទូតវ័យក្មេងថា «There is no free lunch»
30, Sep 2020 , 10:57 am        
រូបភាព
ឃ្លាជាភាសាអង់គ្លេស «There is no free lunch» (គ្មានអាហារណាដែលគេផ្តល់ឱ្យដោយឥតគិតថ្លៃនោះទេ) គឺជាខ្លឹមសារដ៏ចាប់អារម្មណ៍មួយនៅក្នុងបាឋកថារបស់លោក ហ៊ុន ម៉ានី ស្តីពី «យុវជន និងកិច្ចការបរទេស»។

 
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានចែករំលែកទស្សនៈផ្ទាល់ខ្លួនទាក់ទងនឹងប្រធានបទខាងលើ ជាមួយមន្ត្រីការទូតវ័យក្មេងជិត២០០នាក់ នៅក្នុងបាឋកថាមួយដែលត្រូវបានរៀបចំរួមគ្នាដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា នារសៀលថ្ងៃទី២៩ខែកញ្ញា។ លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏មានវត្តមាននៅក្នុងវេទិកានោះដែរ។ 
 
«There is no free lunch» គឺជាគំនិតស្នូលមួយដែលលោក ហ៊ុន ម៉ានី បានអត្ថាធិប្បាយភ្ជាប់ជាមួយចំណុចសំខាន់ពីរទៀតគឺ ការយល់ពីតម្លៃនៃព័ត៌មាន និង ផលប្រយោជន៍ជាតិ។ ចំពោះលោក ហ៊ុន ម៉ានី ចំណុចសំខាន់ទាំងបីមានភាពទាក់ទងគ្នា ហើយដែលមន្ត្រីការទូត ដែលនឹងក្លាយជាអ្នកការទូតតំណាងប្រទេស ត្រូវយកចិត្តទុកដាក់។ គឺព័ត៌មានដែលទាក់ទងនឹងសន្តិសុខជាតិ។
 
«There is no free lunch។ គេចង់បានអ្វីមួយពីយើង។ ព័ត៌មានខ្លះដែលយើងឱ្យគេ គឺជាប្រភេទព័ត៌មានសន្តិសុខធំណាស់។ សូមយល់ឱ្យច្បាស់ ពីតម្លៃនៃព័ត៌មាន។ អ្វីក៏ដោយ យើងត្រូវផ្អែកលើផលប្រយោជន៍ជាតិ!»។ តំណាងរាស្ត្រ ហ៊ុន ម៉ានី បានរំឭកយ៉ាងនេះ នៅចំពោះមុខមន្ត្រីការទូតវ័យក្មេង ព្រមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានការទូត ដោយបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ក្នុងនាមជាមន្ត្រីក្រសួងការបទេស ដែលនឹងក្លាយជាអ្នកកាទូតដ៏សំខាន់របស់ប្រទេសជាតិ ខ្ញុំសុំតែមួយទេ ដោយសារខ្ញុំដឹង គឺសូមឱ្យយល់ពីគុណតម្លៃនៃព័ត៌មាន។ សូមកុំផ្អែកតែលើការផ្តល់ព័ត៌មានទៅគេ ដើម្បីឱ្យគេទាក់ទងយើង។ អ្នកខ្លះ នៅពេលគេលែងទាក់ទង ដូច្នេះគាត់ឱ្យព័ត៌មានគេ បន្តិចម្តងៗ»។
 
នៅត្រង់នេះហើយ ដែលលោក ហ៊ុន ម៉ានី ទាញចំណាប់អារម្មណ៍អ្នកចូលរួមថា អាយុមិនមែនជាកត្តាកំណត់នៃអាជីពវិជ្ជាជីវៈនោះឡើយ។ លោកថា គឺភាពចាស់ទុំ ស្មារតីទទួលខុសត្រូវ និងសមត្ថភាពនៃការធ្វើសេចក្តីសម្រេចឯណោះវិញទេ។
 
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចង់ឃើញយុវជនដែលជាមន្ត្រីរាជការស៊ីវិល បង្ហាញភាពចាស់ទុំនៅក្នុងការងារបម្រើប្រទេសជាតិ។ ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានលើកឃ្លាមួយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នកចូលរួម ដើម្បីធ្វើជាគំរូនៃការពិចារណាសម្រាប់អ្នកដឹកនាំវ័យក្មេង។ «ក្នុងភារកិច្ចគ្រប់គ្រងប្រទេស យើងមិនអាចមើលដើមឈើមួយដើម។ ត្រូវមើលព្រៃទាំងមូល»។ លោក ម៉ានី ប្រាប់ឱ្យដឹងថា លោកបានឮពាក្យនេះដំបូងនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨។ 
 
លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះថា៖«សម្តេចតេជោ មានរបៀបនៃការមើលព្រៃទាំងមូលរបស់គាត់។ ចំពោះខ្ញុំ ការមើលព្រៃទាំងមូល ត្រូវមើលតាមរបៀប បក្ស រដ្ឋ និងសង្គម។ ទាំងអស់នេះមានអន្តរសកម្មភាពនឹងគ្នា នៅក្នុងការសម្រេចចិត្តមួយ។»។ 
 
ដោយសារតែប្រធានបទនៃបាឋកថាទាក់ទងនឹងយុវជន លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ក៏បានរំឭកប្រាប់មន្ត្រីការទូតផងដែរថា ការដែលពួកគេបានក្លាយជាមន្ត្រីរាជការ គឺបានន័យថា ពួកគេបានចុះហត្ថលេខាយល់ព្រមអនុវត្តបម្រើស្ថាប័នរបស់ពួកគេហើយ។ ក្នុងន័យនេះ សម្រាប់លោក ហ៊ុន ម៉ានី មន្ត្រីរាជការស៊ីវិលវ័យក្មេងត្រូវគិតពីអនាគតរបស់កម្ពុជា ដែលជាអនាគតរបស់កូនចៅជំនាន់ក្រោយ៕ 















Tag:
 ហ៊ុន ម៉ានី
  ការទូត
  no free lunch
  បាឋកថា
© រក្សាសិទ្ធិដោយ thmeythmey.com