ជាតិ
សមាគម​គ្រូបង្រៀន​ឯករាជ្យ ៖ ស្ថានភាព​ជីវភាព​របស់​គ្រូ មិនទាន់​ល្អប្រសើរ​នៅឡើយ​
05, Oct 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​គ្រូបង្រៀន​ឯករាជ្យ ទាមទារ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រូបង្រៀន​បន្ថែមទៀត​។ សមាគម មើលឃើញថា ជីវភាព​គ្រូបង្រៀន មិនទាន់​ល្អប្រសើរ​នៅឡើយ ទោះបី​រដ្ឋ បាន​ដំឡើង​ប្រាក់បៀវត្ស​ជាង​១​លាន​រៀល​ក្តី​។​



២៧​ឆ្នាំ​ហើយ កម្រិត​ស្ថានភាព​នៃ​គ្រូបង្រៀន និង​វិស័យ​អប់រំ​នៅ​កម្ពុជា នៅ​មិនទាន់បាន​ឆ្លើយតប​នឹង​អនុសាសន៍​របស់​អង្គការ ILO និង​អង្គការ UNESCO ដែល​កម្ពុជា បានផ្ដល់​សច្ចាប័ន នៅឡើយ​ទេ​។ នេះ​បើតាម​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​បន្ថែមថា កម្រិតជីវភាព​គ្រូបង្រៀន​មិនទាន់​ល្អប្រសើរ​នោះទេ​។​


 
​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានដាក់​ញ្ញត្តិ​ជូន រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ តុលា​នេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ចំពោះ​កម្រិត​ស្ថានភាព​ជីវភាព​របស់​គ្រូបង្រៀន នៅតែមាន​បញ្ហា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ បើទោះបីជា​រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ខែ​ជា​រៀងរាល់ឆ្នាំ​ហើយក៏​ដោយ ក៏​ជីវភាព​របស់​គ្រូបង្រៀន​មិនទាន់​ល្អប្រសើរ​នៅឡើយ​ដោយសារ​ប្រាក់ខែ​គ្រូបង្រៀន​នៅតែមាន​គម្លាត​ឆ្ងាយ​ពី​តម្លៃ​ទំនិញ​ទីផ្សារ​។ ម្យ៉ាងទៀត សិទ្ធិ​គ្រូបង្រៀន​កាន់តែ​រួម​តូច មិនត្រូវ​បាន​ធានា​ដល់​សិទ្ធិ​សម្ដែង​មតិ សេរីភាព​សមាគម និង​សិទ្ធិ​ចរចា​»​។​
 
​បើតាម​សមាគម​គ្រូបង្រៀន​ឯករាជ្យ វិស័យ​អប់រំ​មិនទាន់មាន​ការឯកភាព និង​សមភាព​ទូទាំងប្រទេស​នៅឡើយ រវាង​សាលារៀន​នៅក្នុង​ក្រុង និង​ជនបទ ហើយ​រវាង​សាលារៀន​សាធារណៈ និង​ឯកជន​។ «​សាលារៀន​នៅក្នុង​ក្រុង មានការ​បង្រៀន​និង​មាន​សម្ភារៈ​ប្រសើរ​ជាង​សាលារៀន​នៅ​ជនបទ​។​លើសពីនេះ​នៅក្នុង​វិស័យ​អប់រំ​ពុករលួយ​គ្រប់​រូបភាព មិនទាន់​លុបបំបាត់​»​។



នេះ​ជាការ​លើកឡើង​របស់​គ្រូបង្រៀន​ឯករាជ្យ ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​ត្រូវ​ធានា ដល់​ប្រជាពលរដ្ឋ​គ្រប់រូប មានភ័ព្វ​សំណាង​ក្នុង​ការទទួល​បានការ​អប់រំ​ស្មើគ្នា​។  


 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង អ្នកនាំពាក្យ​ក្រសួង​អប់រំ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ឆ្លើយតប នឹង​ការលើកឡើង​របស់​សមា​គម​គ្រូបង្រៀន​ឯករាជ្យ​នៅឡើយ​ទេ​។​
 
​ក្នុង​ខ្លឹមសារ​ញ្ញត្តិ​ដែល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានដាក់​ទៅ​ស្ថាប័ន​រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួង​អប់រំ បានទាមទារ​លក្ខខណ្ឌ​៩​ចំណុច​រួមមាន ការដំឡើង​ប្រាក់បៀវត្ស​២​លាន​រៀល​ក្នុង​មួយខែ ដល់​គ្រូបង្រៀន​, ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត​, ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​គ្រូបង្រៀន​, គ្រូបង្រៀន​ទាំងអស់ ត្រូវ​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង​ការ​ឱកាស​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ក្នុងពេល​វិសមកាល និង​បញ្ឈប់​ឥទ្ធិពល​គណបក្សនយោបាយ​នៅតាម​គ្រឹះស្ថាន​, បញ្ឈប់​ការរើសអើង​លើ​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​ផ្ដល់​សិទ្ធិ​ឱ្យ​គ្រូបង្រៀន​មាន​សិទ្ធិ​បង្កើត​សហជីព , ក្រសួង​ត្រូវ​ផ្ដល់​ក្របខណ្ឌ​អប់រំ​គ្រូបង្រៀន​ទាំង​១១​នាក់​ឡើងវិញ ដែល​បាន​លុបឈ្មោះ​កាលពី​ឆ្នាំ​២០១៨ រួមទាំង​លុបចេញ​ការបែងចែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម​ជាដើម​។​


 
​គិត​ចាប់ពី​ដើមឆ្នាំ​២០២០​មក គ្រូបង្រៀន​ម្នាក់​ទទួលបាន​ប្រាក់បៀវត្ស ១,២៤២,៥០០​រៀល ឡើង​៤២,៥០០​រៀល បើ​ធៀប​ឆ្នាំ​២០១៩ ប្រមាណ​១,២០០,១០០​រៀល ៕

Tag:
 គ្រូបង្រៀន​ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com