COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona បាត់ចំណូលជាង១០០លានដុល្លាររដូវកាលមុន ដោយសារ COVID-19
× ក្លិប Barcelona បានប្រកាសពីការបាត់ចំណូលរបស់ខ្លួនចំនួន ៩៧ លានអឺរ៉ូ (១១៤,២៨ លានដុល្លារអាមេរិក) ក្រោយបង់ពន្ធសម្រាប់ហិរញ្ញវត្ថុប្រចាំរដូវកាល ២០១៩-២០។ ការខាតបង់នេះកើតឡើងដោយសារជំងឺរាតត្បាត COVID-១៩ ខណៈមានការប៉ាន់ស្មានថា ក្លិបយក្សអេស្ប៉ាញមួយនេះ នឹងធ្លាក់ចំណូលទៅក្រោមពាន់លានដុល្លារនៅរដូវកាលថ្មីនេះ។
ក្លិបដែលមានមូលដ្ឋានក្នុងតំបន់ស្វយ័តកាតាឡូនាបាននិយាយក្នុងសេចក្តីប្រកាសរបស់ខ្លួននៅថ្ងៃទី៥ ខែតុលាថាពួកគេរកបានប្រាក់ចំណូល ៨៥៥ លានអឺរ៉ូ (១,០៨ពាន់លានដុល្លារ) ដែលធ្លាក់ចុះ ១៤ ភាគរយបើធៀបនឹងរដូវកាល ២០១៨-១៩ ដែលរកបាន ១១៦៧ លានដុល្លារ។ ដោយឡែក បំណុលសរុបរបស់ Barca កើនទ្វេដងដល់ ៥៧៥លានដុល្លារ។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការបាត់ចំណូលចំនួន១១៤លានដុល្លារនេះ កើតចេញពីការអាក់ខានការប្រកួតនៅ Nou Camp ចំនួន៥៥លានដុល្លារ, ៤០លានដុល្លារពីការលក់សម្ភារក្នុងហាងរបស់ក្លិប និង ២០លានដុល្លារសម្រាប់ដំណើរកម្សាន្តរបស់ទេសចរទៅកាន់កីឡាដ្ឋាន។ ការបាត់ចំណូល នឹងកើនឡើងបន្ថែមទៀត រហូតដល់អ្នកគាំទ្រអាចវិលត្រឡប់ទៅកីឡដ្ឋានវិញ។
បើតាមការប៉ាន់ស្មានសម្រាប់ឆ្នាំ ២០២០-២១ ក្លិបរហស្សនាមអ្នកមានបុណ្យអាចធ្លាក់ចំណូមកត្រឹម ៩៣២ លានដុល្លារប៉ុណ្ណោះ។
អំឡុងពេល COVID-19 រាតត្បាតខ្លាំង កីឡាករក្នុងក្លិបមួយចំនួនជាពិសេសនៅអឺរ៉ុបបានកាត់បន្ថយប្រាក់ឈ្នួល ក្នុងគោលបំណងជួយទប់វិបត្តិក្លិបរបស់ពួកគេ ស្របពេលដែលបាល់ទាត់ត្រូវបានផ្អាកការប្រកួតបណ្តោះអាសន្ន។
Barcelona ក្លិបក្នុងក្របខណ្ឌ La Liga ដែលទើបតែងតាំងអ្នកចាត់ការទូទៅថ្មីលោក Ronald Koeman បានលក់កីឡាករដែលជាប់កិច្ចសន្យា ហើយមានប្រាក់ខែខ្ពស់ដូចជា Luis Suarez, Ivan Rakitic និង Arturo Vidal និងទិញចូលកីឡាករតម្លៃធូរថ្លៃទៅរួមក្រុមវិញនៅរដូវកាលថ្មីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com