ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន នឹង​សុំ​ជំនួយ​ពី​ចិន​ដើម្បី​ធ្វើ​ផ្លូវជាតិ​៣​ខ្សែ​ទៀត​
07, Oct 2020 , 7:29 pm        
រូបភាព
​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន គ្រោង​ស្ថាបនា​ផ្លូវជាតិ​ចំនួន​៣​ខ្សែ​ទៀត ដោយ​សុំ​ថវិកា​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។ សម្តេច បានលើកឡើង​យ៉ាង​ដូច្នេះ នៅ​ចំពោះមុខ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​«​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​៧​តុលា ឆ្នាំ​២០២០​។

 
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា គម្រោង​ផ្លូវជាតិ​ទាំង​៣​ខ្សែ​ដែល​នឹងត្រូវ​សាងសង់ឡើង ក្រោម​ការគាំទ្រ​ពី​ចិន​នោះ មាន​កំណាត់​ផ្លូវ​លេខ​៤១ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៤ ចុះទៅ​ខេត្តកំពត និង​ផ្លូវជាតិ​លេខ​៣១ និង​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ខេត្តកំពត​។​
 
​ប្រមុខ​រដ្ឋាភិបាល បាន​ប្រថាប់ត្រា និង​ចុះហត្ថលេខា​លើ​គម្រោង​ធ្វើ​ផ្លូវ​៣​ខ្សែ​នេះ ដោយ​សម្រេច​ឱ្យ​លោក​អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក​ជាមួយ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ទទួលបន្ទុក​លើ​កិច្ចការ​សាងសង់​ផ្លូវ​ទាំងនេះ​។ 
 
​កន្លងមក ប្រទេស​ចិន​បានផ្តល់​ជំនួយឥតសំណង និង​កម្ចី​ជាច្រើន​ដល់​កម្ពុជា ដើម្បី​កសាង​ផ្លូវជាតិ និង​ស្ពាន​នានា សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើ​ចរាចរណ៍​ជាដើម​។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន របស់​កម្ពុជា​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន មាន​ផ្លូវជាតិ​លេខ​៥៨, ផ្លូវ​លេខ​១០,  ផ្លូវជាតិ​លលេ​ខ​៨, ស្ពាន​ព្រែក​ក្តាម និង​ស្ពាន​ព្រែក​តា​មាក់​...​។ បើតាម​សម្តេច​ហ៊ុន សែន ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវជាតិ និង​ស្ពាន របស់​ដៃគូ​ប្រទេស​ចិន​មក​កម្ពុជា គឺ​បាន​បំពេញ​ចន្លោះ​ខ្វះខាត ឬ​ការតភ្ជាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​កាន់តែ​ល្អប្រសើរ​៕ 
 

Tag:
 ផ្លូវ​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com