ក្រុមបាល់ទាត់បឹងកេតបន្តរក្សាគម្លាតពីរពិន្ទុពីការតាមប្រជែងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលអាចជួយឲ្យពួកគេមានភាគរយខ្ពស់ ក្នុងការគ្រងជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ប្រចាំឆ្នាំ២០២០។ នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ លីគកំពូលកម្ពុជា នឹងត្រូវបញ្ចប់ការប្រកួតជាស្ថាពរ ខណៈភ្នំពេញក្រោនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
ជ័យជម្នះ ២-០ លើក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ(ទ័ព)ជួយឲ្យបឹងកេតអាចមានភាគរយខ្ពស់ក្នុងការគ្រងជើងឯកលីគកំពូលប្រចាំឆ្នាំ២០២០។ ប៉ុន្តែទាមទារឲ្យម្ចាស់ជើងឯកពីរសម័យកាលមួយនេះ ត្រូវយកឈ្នះភ្នំពេញក្រោនជាចាំបាច់ក្នុងជំនួបចុងក្រោយនៅកីឡដ្ឋាន Smart R.S.N ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
លទ្ធផលត្រឹមស្មើភ្នំពេញក្រោន ក៏អាចជួយក្រុមក្រោមការដឹកនាំរបស់លោក គឹម ភក្តី គ្រងជើងឯកបានដែរ ក្នុងករណីព្រះខ័នរាជស្វាយរៀង ចាញ់ ឬស្មើជាមួយក្រុមណាហ្គាវើលនៅជំនួបចុងក្រោយក្នុងថ្ងៃតែមួយនោះ។ ប៉ុន្តែបើក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងអាចយកឈ្នះណាហ្គាវើល ហើយបឹងកេតបញ្ចប់ក្នុងលទ្ធផលស្មើ ឬចាញ់ភ្នំពេញក្រោន នោះក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor Nestor នឹងបន្តគ្រងជើងឯកនៅឆ្នាំនេះ។
បច្ចុប្បន្នបឹងកេតកំពុងគ្រងកំពូលតារាងមាន៤០ពិន្ទុជាមួយគ្រាប់បាល់ចំណេញ២៩គ្រាប់ ខណៈព្រះខ័នរាជស្វាយរៀងស្ថិតនៅលេខរៀងទី២មាន៣៨ពិន្ទុជាមួយគ្រាប់បាល់ចំណេញ៣៤គ្រាប់។ បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតសប្តាហ៍ទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
នាជំនួបនៅកីឡដ្ឋានស្តាតចាស់រវាងបឹងកេត ជាមួយមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ដែលគ្រោងធ្វើនៅម៉ោង៦ល្ងាច ត្រូវបានពន្យាពេលដោយសារភ្លៀងធ្វើឲ្យទីលានដក់ទឹកមិនអាចរៀបចំការប្រកួតបាន។ បន្ទាប់មកប្រធានស័ក្តិ បានអនុញ្ញាតឲ្យការប្រកួតនៅម៉ោង៦:៣០នាទី ក្រោយភ្លៀងមានស្ថានភាពធូរស្បើយ។
សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ
ទោះបីព្រះពិរុណឈប់បង្អុរភ្លៀងក៏ដោយ ផ្នែកខ្លះនៅលើទីលានគ្របដណ្តប់ដោយទឹកភ្លៀង ដែលធ្វើឲ្យកីឡាករមានការលំបាកក្នុងការបញ្ចូនបាល់ និងបង្កើតឱកាសក្នុងការរកគ្រាប់បាល់ ព្រោះមានស្ថានភាពរអិល។ គ្មានគ្រាប់បាល់កើតឡើងឡើយក្នុងតង់ទី១នាជំនួបរវាងក្រុមទាំងពីរ។
ការប្រកួតតង់ទីពីរដំណើរការបាន១៦នាទី ទើបមានគ្រាប់បាល់ទី១កើតឡើងសម្រាប់ក្រុមភ្ញៀវបឹងកេតដែលសម្រេចបានដោយកីឡាករ Dzarma Bata។ បន្ទាប់មកខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ បានតែតបាល់បញ្ចូលទីគ្រាប់ទីពីររបស់ខ្លួនបានសម្រេចនៅនាទីទី៨៣ ដើម្បីនាំជ័យជម្នះ ២-០ ឲ្យបឹងកេតក្នុងការរក្សាគម្លាតពីរពិន្ទុពីការប្រជែងរបស់ព្រះខ័នរាជស្វាយរៀង។
ចំណែកការប្រកួតនៅកីឡដ្ឋានព្រីនស៍ រវាងក្រុមម្ចាស់ផ្ទះវិសាខាជាមួយព្រះខ័នរាជស្វាយរៀងបានបញ្ចប់ក្នុងលទ្ធផលចាញ់ឈ្នះ ២-០ ដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវសម្រេចបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម។ គ្រាប់បាល់ទាំងពីរបានកើតឡើងក្នុងតង់ទី១ ខណៈក្រុមវិសាខាបានបាត់បង់សមាជិកម្នាក់នៅតង់ទី១នេះដែរ ក្រោយរងការពិន័យកាតក្រហមពីអាជ្ញាកណ្តាល។
សកម្មភាពប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយណាហ្គាវើល
ការប្រកួតនៅកីឡដ្ឋានដែលមានផ្នែកខ្លះដក់ដោយទឹកនិងមានស្ថានភាពរអិលដំណើរការបាន៦នាទី កីឡាករ ប្រាក់ មុន្នីឧត្តម បានទាត់បាល់ពិន័យ(Free Kick)បញ្ចូលទីនាំមុខ ១-០ ឲ្យក្រុមភ្ញៀវ ក្រោយអ្នកចាំទី ជា វណ្ណសាក់ ភ្លាត់ស្នៀតក្នុងការចាប់បាល់។ បាល់ពិន័យនេះ បានកើតឡើងក្រោយកីឡាករ ងយ ស្រ៊ីន លោតទៅបុកកីឡាករ Kobayshi Daisuke ដួល។
ក្រោយមកនៅនាទីទី៤៤កីឡាករ ប្រាក់ មុន្នីឧត្តម បានបន្ថែមមួយគ្រាប់ទៀត ដើម្បីបង្កើនការនាំមុខ ២-០ លើក្រុមម្ចាស់ផ្ទះ តាមរយៈការប៉ែងបាល់បញ្ចូលទីយ៉ាងល្អក្រោយការលើកចេញពីជ្រុងរបស់កីឡាករ សុក សំណាង។ មុនចប់តង់ទី១ក្រុមវិសាខាបានបាត់បង់សមាជិកម្នាក់ គឺកីឡាករ ទិត្យ ឌីណា ក្រោយរងការពិន័យកាតក្រហមពីអាជ្ញាកណ្តាល បន្ទាប់ពីរូបគេច្រានឲ្យកីឡាករ Privat ដួល ក្រោយមានការប៉ះទង្គិចគ្នា។
នៅតង់ទីពីរពុំមានគ្រាប់បាល់កើតឡើងនោះទេ ដោយក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត ទោះបីវិសាខាបានបាត់បង់សមាជិកមួយរូបតាំងពីតង់ទី១ក៏ដោយ។ ជ័យជម្នះនេះ ជួយឲ្យព្រះខ័នរាជស្វាយរៀងនៅតែមានឱកាសក្នុងការប្រជែងដណ្តើមពានពីក្រុមបឹងកេត។
ដោយឡែក ការប្រកួតនៅកីឡដ្ឋាន Smart R.S.N ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះក្រុមភ្ញៀវណាហ្គាវើលដ៍ក្នុងលទ្ធផល ១-០។ ជ័យជម្នះនេះជួយក្រុមជើងឯក៥សម័យកាលមួយនេះ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅឆ្នាំនេះ ទោះបីពួកគេនៅសល់ការប្រកួតមួយទៀតជាមួយបឹងកេតក៏ដោយ។
សកម្មភាពប្រកួតរវាងក្រុមវិសាខាជាមួយព្រះខ័នរាជស្វាយរៀង
បច្ចុប្បន្នភ្នំពេញក្រោនស្ថិតនៅលេខរៀងទី៣មាន៣២ពិន្ទុ ដែលឈរពីក្រោយដោយវិសាខា ណាហ្គាវើល និងមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ដោយរក្សា២៥ និង២៤ពិន្ទុរៀងៗខ្លួន៕