រថយន្ត
បច្ចេកវិទ្យា
ក្រុមហ៊ុនអ៊ីស្រាអែល បង្ហាញពីគម្រោងរថយន្ត EV នាពេលអនាគត ដែលមានរាងដូចក្តារបន្ទះ
× ក្រៅពីរួមចំណែកកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល រថយន្តអគ្គិសនីមិនមានសំឡេងរំខាន ហើយល្បឿនលឿនជាងរថយន្តចាក់សាំងថែមទៀតផងដែរ។ ការរចនាម៉ូដរថយន្តអគ្គិសនីក៏កាន់តែមានលក្ខណៈប្លែកទៅតាមសម័យកាលផងដែរ។ តាមរយៈគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Startup មួយរបស់អ៊ីស្រាអែល បានបង្ហាញពីគម្រូរថយន្ត EV នាថ្ងៃអនាគត ដែលរូបរាងត្រឹមតែជាក្តារបន្ទះ (Skateboard) យក្សមួយប៉ុណ្ណោះ។
Ree ស្ថិតក្នុងចំណោមក្រុមហ៊ុនបង្កើតថ្មីដ៏ទាក់ទាញមួយប្រចាំឆ្នាំ២០២០ ហើយត្រូវបានក្រុមហ៊ុនផលិតយានយន្តជាច្រើនចាប់អារម្មណ៍លើគម្រោងរចនារបស់ក្រុមហ៊ុនមួយនេះ។ ក្នុងវីដេអូរបស់ខ្លួន Ree បានបង្ហោះពីដំណើរការសាកល្បងរថយន្ត EV រាងក្តារបន្ទះដែលរចនាបីទម្រង់ផ្សេងៗគ្នា ដោយបានបញ្ជាក់ថា រថយន្តទាំងនេះ អាចផ្ទុកមនុស្ស និងទំនិញមួយចំនួនសម្រាប់ដំណើរលើចម្ងាយផ្លូវដែលជិត។
រថយន្ត EV ដែលរចនាដោយ Ree នោះ មិនបានបំពាក់កាប៊ីន ឬខ្សែក្រវាត់សម្រាប់ការបើកបរឡើយ ពោលគឺវាមានរាងរៅដូចជាក្តារបន្ទះ ដោយមានឧបករណ៍បញ្ជា ប៉ុន្តែវាមិនមែនស្ថិតក្នុងចំណោមរថយន្តដែលគ្មានមនុស្សបើកបរ (Self-driving) នោះទេ។
លោក Daniel Barel សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន REE Automotive ដែលមានទីស្នាក់ការនៅក្រុង Tel-Aviv បានអះអាងថា មហិច្ឆតាក្រុមហ៊ុនរបស់លោក គឺចង់ក្លាយជាក្រុមហ៊ុននាំមុខលើការរចនារថយន្ត EV ជាមួយនឹងជម្រើសដ៏សម្បូរបែប។
ទោះបីជាយ៉ាងណាក៏ដោយ REE មិនទាន់បានបញ្ជាក់ពីការបង្ហាញជាសាធារណៈនូវរថយន្ត EV ក្តារបន្ទះយក្សនោះឡើយ ព្រោះត្រូវការពេលវេលា និងគំនិតច្នៃប្រឌិតបន្ថែម។ បើតាមគេហទំព័ររបស់ក្រុមហ៊ុន រថយន្តដែលត្រូវបានរចនានោះ មាន៦ម៉ូដែលហើយ ក្នុងនោះមាន P1, P2, P4, P6 និង P7។
រថយន្តទាំងនោះ មានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែអាចផ្ទុកទម្ងន់បានផ្សេងគ្នា ហើយអាចប្រើប្រាស់សម្រាប់ដំណើរកម្សាន្ត ការដឹកទំនិញ និងសេវាកម្មផ្សេងៗ ដែលនៅជិត។ ជាមួយគ្នានេះ គេក៏អាចបំពាក់ដំបូលបានផងដែរ ប្រសិនបើមិនចង់ជិះដូចជាក្តារបន្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com