ជាតិ
សេដ្ឋកិច្ច
FTA៖ ចិន-កម្ពុជា អាចនាំចេញ-នាំចូលទំនិញដោយសេរី នៅឆ្នាំ២០២១
12, Oct 2020 , 6:30 pm        
រូបភាព
ចិន-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានរបស់ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន និង លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន។



លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងពិធីចុះហត្ថលេខាលើ FTA នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថា បន្ទាប់ពី FTA រវាងចិន-កម្ពុជា បានចូលជាធរមានហើយនោះ ភាគីទាំងពីរនឹងបើកការនាំចេញ-នាំចូលទំនិញដែលមានសក្កានុពលរៀងៗខ្លួន នៅដើមឆ្នាំ២០២១។ រដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នឹងធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅចិន មានកំណើន២៥ភាគរយបន្ថែមទៀត។

តាមរយៈ FTA នេះ ប្រទេសចិនបានផ្ដល់ឱ្យមុខទំនិញនៃផលិតផលកសិកម្មរបស់កម្ពុជាទាំងអស់ ត្រូវបង់ពន្ធនាំចូលទីផ្សារចិនត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ លោក សុខ សុភ័ក្ត្រ  ប្រធានចរចាពាណិជ្ជកម្មសេរី និងជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសន្នីសិទកាសែតស្តីពីលទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA ) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កន្លងមក ភាគីចិន បានផ្តល់ឱ្យទំនិញកម្ពុជា ចំនួន៣៤០មុខ ដែលអនុគ្រោះពន្ធ៩៥ភាគរយ ឬមិនគិតពន្ធតែម្ដង។ លោក បន្តថា ចំណែកមុខទំនិញដែលចិនគិតពន្ធនាំចូលពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។

ជាមួយនឹងគ្នានេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា បានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និង គ្រឿងចក្រធំ ជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ គឺជាការបើកទីផ្សារពិភពលោកដ៏ធំមួយ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ពិសេសគឺនាំចេញផលិតកសិកម្មដោយមិនជាប់របាំងពន្ធគយ។ ថ្វីដ្បិតកម្ពុជាបានសម្រេចការធ្វើពាណិជ្ជកម្មសេរីមួយចិនក៏ពិតមែន ប៉ុន្តែ រដ្ឋមន្ត្រីកសិកម្ម មន្ត្រីជំនាញ អ្នកវិភាគសេដ្ឋកិច្ច កំពុងព្រួយបារម្ភពីលទ្ធភាពឬសមត្ថភាពរបស់កម្ពុជាក្នុងវិស័យកសិកម្មនៅមានកម្រិតទាបនៅឡើយ ក្នុងការចាប់យកទីផ្សារដ៏ធំមួយនេះនៃការនាំចេញផលិតផលកសិកម្មរបស់ខ្លួនឱ្យបានច្រើនជាអតិប្បរិមា។

កន្លងមក លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ផ្ដល់អត្ថប្រយោជន៍ទាំងចិន និងកម្ពុជា។ ប៉ុន្តែសម្រាប់កម្ពុជា គឺត្រូវត្រៀមខ្លួនឱ្យបានល្អ ទើបអាចទទួលបានផលពីកិច្ចព្រមព្រៀងនេះ។ បើតាមលោក សុខ ទូច កម្ពុជាត្រូវការរៀបចំនិងដោះស្រាយបញ្ហាមួយចំនួន ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដោយរួមមាន ការរៀបចំសេវាដឹកជញ្ជូន, ការិយាល័យធិបតេយ្យ, បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងតម្លៃអគ្គិសនី ជាពិសេសពង្រឹងការវិនិយោគក្នុងស្រុក និងបច្ចេកទេសដាំដុះដល់កសិករ។

សម្រាប់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា អាចផលិតនិងនាំចេញផលិតផលកសិកម្មទៅទីផ្សារចិនតាមរយៈ FTA នេះ បានលុះត្រាតែក្រសួងនិងវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវធ្វើការរួមគ្នាជាចង្កោមឬជាកញ្ចប់ មានភាពប្រទាក់ក្រឡាគ្នា នៅក្នុងខ្សែច្រវាក់នៃដំណាំនីមួយៗ ចាប់ពីការដាំដុះ រហូតដល់ការរដាក់លើកប៉ាល់នាំចេញតែម្តង។

លោក បានអះអាងក្នុងសន្និសីទសារព័ត៌មានស្តីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ យ៉ាងដូច្នេះ៖«ប្រសិនបើយើងជំរុញតែផលិតកម្ម តែផលិតកម្មនោះ នៅពេលដាក់នៅលើកប៉ាល់ដឹកទៅដល់ទឹកដីប្រទេសចិន តម្លៃយើងថ្លៃជាងគេ ទោះបីជាយើងមានពាណិជ្ជកម្មសេរី [សេរីនាំចូល] ពិតមែន ក៏ប៉ុន្តែគឺខ្វះការប្រកួតប្រជែង»។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្មរូបនេះ ឲ្យដឹងទៀតថា ដើម្បីធ្វើឱ្យថ្លៃដើមនៃកសិផលកសិកម្មកម្ពុជាមានតម្លៃទាប និងមានការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិននោះ គឺត្រូវមានការអនុវត្តរួមគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការភាគីពាក់ព័ន្ធទាំងឡាយ។ លោក លើកឡើងថា ទាំងដៃគូអភិវឌ្ឍ ទាំងវិស័យឯកជន និង ជាពិសេសទាំងស្ថាប័នរដ្ឋដែលស្ថិតនៅក្នុងចង្កោមនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ចាប់ពីការដាំដុះរហូតដល់ការដាក់ទំនិញលើកប៉ាល់នាំចេញ។

លោក ងិន ឆាយ មានប្រសាសន៍ដូច្នេះថា៖«យើងជំរុញសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និង ដៃគូអភិវឌ្ឍ។  បច្ចុប្បន្ននេះក្រៅពីខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងបង្កើនផលិតកម្ម ដាំដុះហើយនោះ ក្រសួងកសិកម្ម ក៏ជំរុញនិងទាមទារយ៉ាងចាំបាច់ក្នុងការបង្កើនកិច្ចសហការបន្ថែមពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម។

ជាមួយនឹងគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា ដើម្បីបានប្រយោជន៍ពី FTA កម្ពុជាត្រូវធ្វើទំនើបកម្មដាំដុះ ពិសេសគឺទាមទារចាំបាច់បំផុតឱ្យក្រសួងពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទាំងផ្នែកធារាសាស្ត្រ ផ្នែកដឹកជញ្ជូន និង ផ្នែកអគ្គិសនី សម្រួលឬរួមគ្នា ដើម្បីឱ្យថ្លៃដើមនៃផលិតផលកសិកម្មកម្ពុជាទាបទាំងថ្លៃផលិត ទាំងថ្លៃកែច្នៃ និងទាំងការដឹកជញ្ជូន ទើបកម្ពុជាអាចទទួលបានប្រយោជន៍ FTA ពិតប្រាកដពីចិន។

លោក វេង សាខុន ថ្លែងថា ស្ថិតនៅក្រោមកិច្ច FTA បច្ចុប្បន្ន កម្ពុជា គឺមិនទាន់បានត្រៀមខ្លួនរៀបរយនៅឡើយទេ ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅទីផ្សារប្រទេសចិនឡើយ។ លោក មើលឃើញថា កម្ពុជា នៅខ្វះចន្លោះច្រើនណាស់ ក្នុងការនាំចេញផលិតផលកសិកម្ម។ រដ្ឋមន្ត្រីកសិកម្ម សង្កត់ធ្ងន់ថា បានជាផលិតផលកសិកម្មកម្ពុជានាពេលបច្ចុប្បន្នមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការនាំចេញទៅទីផ្សារពិភពលោកដ៏ធំមួយនេះ គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធនានា (ទាំងការដឹកជញ្ជូន ទាំងប្រព័ន្ធធារាសាស្ត្រ និងតម្លៃអគ្គិសនី) ដែលគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម មិនទាន់ឆ្លើយតបនៃការនាំចេញនេះបាន។

បើតាមប្រសាសន៍របស់លោក វេង សាខុន ភាពមិនទាន់រៀបរយរបស់កម្ពុជា ក្នុងការនាំផលិតផលកសិកម្មទៅប្រទេសចិនតាមរយៈFTA នេះ មានផ្នែកប្រព័ន្ធធារាសាស្ត្រ និងបច្ចេកទេសដាំដុះទំនើប ចិញ្ចឹមសត្វនៅមានកម្រិត។ ផ្នែកថាមពលអគ្គិសនីសម្រាប់បម្រើដល់ការកែច្នែ ឬរក្សាផលិតផលកសិកម្ម មិនត្រឹមផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ទេ តែថែមទាំងមានតម្លៃខ្ពស់ទៀត បើធ្រៀបនឹងប្រទេសជិតខាង។ រីឯ ផ្នែកដឹកជញ្ជូន ពិសេសតាមផ្លូវទឹកដើម្បីនាំចេញ  គឺចំណាយរយៈពេលយូរ និងចំណាយថវិកាច្រើន។

FTA នេះ គឺជាលើកទី១សម្រាប់កម្ពុជា ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបរទេស (ចិន)។ បច្ចុប្បន្ន កម្ពុជាកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង ដោយបានបញ្ចប់កិច្ចចរចារួមគ្នាអស់៣ដំណាក់កាលរួចមកហើយ៕

Tag:
 កម្ពូជា-ចិន
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com