ជាតិ
ប្រធាន ស.ស.យ.ក. ណែនាំឱ្យសមាជិកទូទាំងប្រទេសចូលរួមជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
13, Oct 2020 , 3:54 pm        
រូបភាព
ក្រុមការងារ ស.ស.យ.ក. ខេត្តប៉ៃលិន កំពុងជួយសង្រ្គោះពលរដ្ឋពីទឹកជំនន់
ក្រុមការងារ ស.ស.យ.ក. ខេត្តប៉ៃលិន កំពុងជួយសង្រ្គោះពលរដ្ឋពីទឹកជំនន់
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រាប់ទៅសមាជិករបស់លោកឱ្យត្រៀមលក្ខណៈដើម្បីជួយអាជ្ញាធរមូលដ្ឋានក្នុងការជួយសង្គ្រោះពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។

 
តាមរយៈសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៣ខែតុលានេះ លោក ហ៊ុន ម៉ានី បានណែនាំឱ្យក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់រាជធានីខេត្ត ត្រូវតាមដានពីស្ថានភាពទឹកជំនន់ជាប្រចាំ និងពិនិត្យមើលតម្រូវការជាក់ស្តែងដើម្បីជួយជនរងគ្រោះ។ 
 
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរនៅក្នុងសេចក្តីណែនាំយ៉ាងដូច្នេះ៖«គណៈកម្មាធិការ ស.ស.យ.ក. រាជធានីខេត្ត ត្រូវផ្សារភ្ជាប់ និងនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពទឹកជំនន់ វិធានការនានា និងការរួមចំណែកជាកម្លាំងពលកម្ម ឬសម្ភារជាគ្រឿងឧបភោគបរិភោគតាមលទ្ធភាពរបស់ខ្លួន»។
 
លោក ហ៊ុន ម៉ានី ក៏បានណែនាំឱ្យក្រុមការងារទាំងនោះ សហការជាមួយវិស័យឯកជន និងដៃគូនានាដើម្បីរៃអង្គាសថវិកា សម្ភារដើម្បីផ្តល់ជូនជនរងគ្រោះដោយទឹកជំនន់។
 
មិនចំពោះតែការចូលរួមជួយសង្គ្រោះពលរដ្ឋនោះឡើយ បើសិនជាក្រុមការងាររបស់ ស.ស.យ.ក. ថ្នាក់រាជធានីខេត្តណា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយផ្ទាល់ ពួកគេត្រូវវាយតម្លស និងរាការណ៍ស្ថានភាពស្តីពីផលប៉ះពាល់ទាំងនោះមកគណៈកម្មការកណ្តាលផងដែរ។
 
គួរម្លឹកផងដែរថា ក្នុងរយៈពេលនៃទឹកជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តភាគពាយ័ព្យប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ជួយសង្គ្រោះជម្លៀសជនរងគ្រោះដោយទឹកជំនន់នេះបានយ៉ាងច្រើន៕

 

ក្រុមការងារ ស.ស.យ.ក. ខេត្តប៉ៃលិន កំពុងជួយសង្រ្គោះពលរដ្ឋពីទឹកជំនន់៖
 





 

© រក្សាសិទ្ធិដោយ thmeythmey.com