ផ្លូវ​រត់​យន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ជិត​៦០​លាន​ដុល្លារ នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​
ជាតិ
សង្គមជាតិ
ផ្លូវ​រត់​យន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ជិត​៦០​លាន​ដុល្លារ នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​
13, Oct 2020 , 10:49 pm        
រូបភាព
​ភ្នំពេញ​៖ ផ្លូវ​រត់​យន្តហោះ នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​៥៨​លាន​ដុល្លារ​អាមេរិក គ្រោង​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល និង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ពិធីសូត្រមន្ត​ប្រោះព្រំ​បញ្ចប់​ការងារ​ពង្រីក និង​ជួសជុល​ផ្លូវ​រត់​យន្តហោះ (Runway)  ដែល​ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​


 
​ផ្លូវ​រត់​យន្តហោះ​(Runway)​នេះ ត្រូវបាន​ពង្រីក​បន្ថែម​ពី ២,៥០០​ម៉ែត្រ​ឱ្យដល់ ៣,៣០០​ម៉ែត្រ លើផ្លូវ​យន្តហោះ​ឡើង​ចុះ (airstrip) បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​សន្ទុះ​កំណើន​អ្នកដំណើរ ។ ជាពិសេស​វា​អាចឱ្យ​យន្តហោះ​ធំៗ (​កូដ E) ដូចជា យន្តហោះ​ប៊ូ​អ៊ីង B-777-300ER ឫ យន្តហោះ A-350- 1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ចុះចត និង​ធ្វើដំណើរ​ទៅវិញទៅមក ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​
 
​បច្ចុប្បន្ននេះ ព្រលានយន្តហោះ​កងកេង ស្ថិតនៅក្នុង​កម្រិត Three I មានន័យថា ព្រលានយន្តហោះ ដែល​អាច​ទទួល​តែ​យន្តហោះ​ដឹក​អ្នកដំណើរ មាន​កៅអី​អង្គុយតែ​២​ជួរ ចុះចត​បាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការអភិវឌ្ឍន៍​ផ្លូវ​រត់​យន្តហោះ ទៅដល់​ប្រវែង ៣២០០​ម៉ែត្រ វា​នឹង​ធ្វើឱ្យ​ព្រលានយន្តហោះ​នេះ ក្លាយទៅជា​កម្រិត Four I ។ មានន័យថា​កម្រិត Four I នឹង​អាចឱ្យ​យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​មាន​កៅអីអង្គុយ​៣​ជួរ (​ភ្ញៀវ​អង្គុយ​ខាងស្ដាំ​ដៃ កណ្តាល​ផង និង​ខាងឆ្វេង​)​មាន​ផ្លូវ​ដើរ​ពីរ​នៅ​កណ្ដាល អាច​ចុះចត​បាន​។ នេះ​បើតាម​លោក គួច ចំរើន ដែល​ធ្លាប់​បញ្ជាក់​កន្លងមក​។​
 
​ក្រៅពី​ការពង្រីក​ផ្លូវ​រត់​យន្តហោះ​នេះ ក្រុមហ៊ុន Cambodia Airports ក៏​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ថ្មី ដែល​បែង​ចែកជា ២ ដំណាក់កាល​ដែរ​។ ដំណាក់កាល​ទី​១ គឺ​ការពង្រីក​ស្ថានីយ៍​អ្នកដំណើរ​ឱ្យទទួល​អ្នកដំណើរ​ចំនួន ៣, ៦ លាន​នាក់ (​ផែនការ​ឆ្នាំ​២០២០ ដល់​២០៣០)​។ ដោយឡែក ដំណាក់កាល​ទី​២ គឺ​សម្រាប់​ផែនការ (២០៣០ ដល់ ២០៤០) គឺ​ពង្រីក​បន្ថែម ដើម្បី​ឱ្យទទួល​អ្នកដំណើ​រ​ដល់​ទៅ​៥​លាន​នាក់​។​
 
​បន្ថែម​ពីនេះ ក្រុមហ៊ុន ក៏​នឹង​សាងសង់​ចំណត​យន្តហោះ​ថ្មី​ទៀតផង​។ ចំណត​ថ្មី ក្នុងដំណាក់កាល​ទី​១ គឺ​អាចមាន​សមត្ថភាព​ឱ្យ​យន្តហោះ ១៣ ចត​បាន ហើយ​នៅ​ដំណាក់កាល​ទី​២ គឺអាច​ចត​បាន​១៩ យន្តហោះ​។ នេះ​បើតាម​ក្រុមហ៊ុន Cambodia Airports កន្លងមក​។​
 
​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ទិសដៅ​ទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ឆ្នេរសមុទ្រ​ធម្មជាតិ​។ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩​នេះ ក៏បាន​ធ្វើឱ្យ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ ធ្លាក់ចុះ​ដែរ​៕
 

Tag:
 ផ្លូវ​យន្តហោះ​
  អាកាសចរណ៍​
  ព្រលាន​កងកេង
© រក្សាសិទ្ធិដោយ thmeythmey.com