ជាតិ
សង្គមជាតិ
មន្ត្រី​៖ កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់មាន​នា​ជិត​មួយ​ទសវត្សរ៍​ចុងក្រោយ​
14, Oct 2020 , 7:59 pm        
រូបភាព
​ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​គ្រោះទឹកជំនន់​នៅ​ខេត្តបាត់ដំបង បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​
​ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​គ្រោះទឹកជំនន់​នៅ​ខេត្តបាត់ដំបង បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​
ដោយ: VOA
​ភ្នំពេញ — ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បានឱ្យដឹងថា ទឹកជំនន់​លើក​នេះ​ដែល​កំពុង​ប៉ះពាល់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស ជាពិសេស​បណ្ដា​ខេត្ត​ភាគ​ខាងលិច​និង​ភាគ​ខាងជើង មាន​ស្ថានភាព​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​នោះទេ រាប់​ពី​ជំនន់​ទឹកធំ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៣ មក​។​

-
 
​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រាយការណ៍​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ មាន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់​នេះ​ឡើងដល់ ១១ នាក់​។ ស្ថាប័ន​ដដែល​បន្ថែមថា ពលរដ្ឋ​យ៉ាងហោច ៣ ម៉ឺន​គ្រួសារ រង​ផលប៉ះពាល់​ពី​ជំនន់​លើក​នេះ ក្នុងនោះ​មាន ២ ពាន់​គ្រួសារ ត្រូវ​ជន្លៀស​ចេញពី​គេហដ្ឋាន​តែម្ដង​។​
 
​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​អង្គា​រថា ជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយលុក​នេះ​មាន​ទំហំ​ធំ ទោះ​វា​មិនទាន់​ដល់​កម្រិត​នៃ​ជំនន់​ចុងក្រោយ​កាលពី ៧ ឆ្នាំមុន និង ៩ ឆ្នាំមុន​ក៏ដោយ​។​
 
«​មកដល់ពេលនេះ​យើង​ឃើញ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​វា​ធំ តែ​ចំពោះ​ជំនន់​ទន្លេមេគង្គ​តូច អត់​ទាន់​មាន​ជំនន់​ទេ តែ​នេះ​ជា​ជំនន់​ទឹកភ្លៀង​។ ហើយ​បើ​កាលពី​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៣ យើង​មាន​ជំនន់​មេគង្គ​ផង ជំនន់​ទឹកភ្លៀង​ផង​»​។​
 
​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក​រូបនេះ ចំណុច​ដែល​កំពុង​គំរាមកំហែង គឺ​តំបន់​ស្ទឹង​ព្រែក​ត្នោត ភាគ​និរតី​និង​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ទឹក​ជន់​ពី​ស្ទឹង​ចេះតែ​បន្ត​កើនឡើង និង​ស្ថានភាព​នៅ​ខេត្តបន្ទាយមានជ័យ ទី​ដែល​ស្ទឹង​មង្គលបុរី និង​ស្ទឹង​សេរី​សោភ័ណ កំពុង​ទទួល​ទឹក​ជន់​ពី​តំបន់​ផ្សេងៗ​។​
 
​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បានប្រកាសថា ទឹកជំនន់​នឹង​គំរាមកំហែង​កាន់តែខ្លាំង​លើ​ខេត្ត​ប៉ែក​ពាយព្យ​ជាប់​ព្រំដែន​ថៃ​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ដោយសារតែ​អាជ្ញាធរខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ ទើបបាន​ជូនដំណឹង​មក​ថា ខ្លួន​នឹង​បើក​ទំនប់ទឹក​ដែល​ជន់​ជោរ​លើស​ចំណុះ​របស់ខ្លួន​នា​សប្ដាហ៍​នេះ​។​
 
​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា ទឹក​ជន់​ពី​ថៃ​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ នឹង​ប៉ះពាល់​ដល់​គ្រប់​ក្រុង​និង​ស្រុក​ក្នុង​ខេត្តបន្ទាយមានជ័យ​តែម្ដង​។​
 
«​ច្រើន​គ្រួសារ ខ្ញុំ​គិតថា បើសិន​ជាមាន​ការបើក​ទំនប់​ទៀត បូក​នឹង​ស្ថានភាព​ជាក់ស្ដែង ទឹក​មកពី​ប​វេ​ល​(​ខេត្តបាត់ដំបង​)​ផង បើ​អាចមាន​ទឹកភ្លៀង​ទៀត ខ្ញុំ​គិតថា​ប្រហែលជា​អាច​ចូលដល់​មិន​ទាប​ជាង​ម៉ឺន​គ្រួសារ​ទេ​»​។​
 
​លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ VOA ថា អាជ្ញាធរ​បានរៀបចំ​ជន្លៀស​អ្នកទោស​ប្រមាណ ១៦០០ នាក់ ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ដែល​កម្ពស់​ទឹក​ជន់​លិច ចេះតែ​បន្ត​កើនឡើង​។​
 
«​មិនអាច​ទប់​បាន​យើង​ត្រូវតែ​ជន្លៀស​ពួកគាត់​ចេញ ទឹក​វា​ចេះតែ​ឡើង​ខ្លាំងពេក​»​។​
 

​កម្លាំងយោធា​កំពុង​ជួយសង្គ្រោះ​និង​ជម្លៀស​ពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​ទឹក​ជន់​លិច នៅ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​
 
​លោក​ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​១ រូបនេះ​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ ពី​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា រឿង​ថៃ​បើក​ទំនប់​ទឹកជា​កត្តា​រួមផ្សំ​។ លោក​បញ្ជាក់ថា​៖ «​យើង​ភ័យ​រឿង​ហ្នឹង​មួយទៀត​[​ដែល​ថៃ​បើក​ទំនប់​]​។ តែ​ទឹក បើទោះបីជា​ថៃ​វា​មិន​បើក ឥឡូវ​ទឹក​វា​ឡើងដល់​កម្រិត​មួយ​ដែល​យើង​ទប់​លែង​ជាប់​ហើយ​»​។​
 
​លោក ឆែម សាវុធ បញ្ជាក់ថា ពន្ធនាគារ​នៅតាម​បណ្ដា​រាជធានី​ខេត្ត​ដទៃ មិនទាន់មាន​ការគំរាមកំហែង​អ្វី​ជា​ដុំកំភួន ដូច​នៅ​ខេត្តបន្ទាយមានជ័យ​នៅឡើយ​ទេ​។​
 
​ក្រសួង​ធនធាន​ទឹកបាន​ព្រមាន​ថា​ព្យុះ​នានា​ចេញពី​សមុទ្រ​ចិន​ខាងត្បូង នឹង​បោកបក់​មក​អាស៊ីអាគ្នេយ៍​ដីគោក​ជា​បន្តបន្ទាប់​។ ព្យុះ​ទី​១៦ ឈ្មោះ ណា​ង​កា (Nangka) នឹង​បោកបក់​មកដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នា​ថ្ងៃទី​១៥ ខែតុលា រីឯ​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល (Saudel) នឹង​រំកិល​មកដល់​ភាគ​កណ្ដាល​វៀតណាម នៅ​ថ្ងៃទី​១៦-១៧ ខែតុលា​។​
 
​ក្រសួង​ធន​ថា​ន​ទឹក​បញ្ជាក់ថា​៖ «​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​។ អ្នកនេសាទ​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ សូម​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​ចាប់ពី​ថ្ងៃទី​១៦ ដល់​២០ ខែតុលា​»​។​
 
​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទឹកជំនន់​ដែលមាន​ហូរហែរ​ពី​ដើមខែ​តុលា​មក បាន​ជន់​លិច​ដី​ដំណាំ ១២ ម៉ឺន​ហិកតា ដែល​ក្នុងនោះ​មាន​ផ្ទៃដី​ដាំ​ស្រូវ​សរុប​ប្រមាណ ៨ ម៉ឺន​ហិកតា​។ រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន ១៦ ផ្សេង​រង​ការ​ជន់​លិច​។​
 
​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក បានឱ្យដឹង​បន្ថែមថា ទោះ​ព្យុះ​ត្រូ​ពិ​ក​អាច​នឹងមាន​ជា​បន្តបន្ទាប់​លើសពី​ព្យុះ​ទី​១៧ នេះ តែ​មិន​ប្រាកដថា​វា​នឹង​ប៉ះពាល់​ដល់​កម្ពុជា​ទាំងអស់​នោះទេ​។​
 
«​យើង​ជឿថា វា​មិន​អូសបន្លាយ​ទៅដល់​ខែក្រោយ​ទេ ព្រោះ​ខេត្ត​ដែល​កំពុង​តែមាន​ជំនន់​គឺ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ​ដូច​ពោធិ៍សាត់ ដូច​បាត់ដំបង ជាដើម បាន​ស្រក​ជា​បណ្ដើរៗ​»​។​
 
​លោក ចាន់ យុ​ត្ថា បន្ថែមថា​៖ «​នៅពេលនេះ​យើង​ពិបាក​នឹង​វាយតម្លៃ ព្រោះ​ស្ថានភាព​អាកាសធាតុ​នៅពេលនេះ មានកា​រវិ​វិ​ឌ្ឍ​លឿន​ណាស់ ... បាតុភូតធម្មជាតិ ទាំង​វិ​សម្ពាធ​ទាំង​ព្យុះ បាន​កើតជា​បន្តបន្ទាប់ ហើយ​មិន​ចប់​ត្រឹម​ព្យុះ​ទី​១៧​នេះ​ទេ​។ ចាប់ពី​(​ព្យុះ​)១៧ ហ្នឹង​អាចមាន​(​ព្យុះ​) កើត​បន្តបន្ទាប់​ទៀត គ្រាន់​ថា នេះ​ចាំមើល​ពេល​វា​កើត​។ តែ​យើង​ដឹងថា វា​មិន​ចប់​ត្រឹមហ្នឹង​ទេ​នៅ​បន្តទៀត​»​។​
 
​ទឹកជំនន់​ឆ្នាំ ២០១៣ បានសម្លាប់​មនុស្ស ១៦៨ នាក់​នៅ​កម្ពុជា និង​បាន​បង្ក​ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣៥៥ លាន​ដុល្លារ ខណៈ​ទឹកជំនន់​ឆ្នាំ ២០១១ បានសម្លាប់​មនុស្ស ២៥៥ នាក់ និង​បង្ក​ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៦៣០ លាន​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com