ផ្អាកចរាចរណ៍រថយន្តធុនធំឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវមួយចំនួនក្នុងខេត្តបាត់ដំបងជាបណ្ដោះអាសន្ន
ជាតិ
ផ្អាកចរាចរណ៍រថយន្តធុនធំឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវមួយចំនួនក្នុងខេត្តបាត់ដំបងជាបណ្ដោះអាសន្ន
17, Oct 2020 , 4:11 pm        
រូបភាព
រូប​ពី​ហ្វេសប៊ុកមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង
រូប​ពី​ហ្វេសប៊ុកមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ តុលានេះ បានជូនដំណឹងជាថ្មី ពីការផ្អាកបណ្ដោះអាសន្ន ការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់ ផ្លូវជាតិលេខ៥។ ក្រៅពីនេះ រថយន្តធុនធំ ក៏ត្រូវបានហាមឆ្លងកាត់ផ្លូវក្នុងខេត្តមួយចំនួនដែរដូចជា ផ្លូវខេត្តលេខ១៥៧០ ចាប់ពីបំបែកផ្លូវជាតិលេខ៥៧ ដល់អាងកំពីងពួយ, ផ្លូវខេត្តលេខ១៥៩សេ ចាប់ពីបំបែកផ្លូវជាតិលេខ៥៧បេ បវេល ដល់អូរស្ងួត និងផ្លូវខេត្តលេខ ១៥៩បេ១ ចាប់ពីបំបែកផ្លូវខេត្តលេខ ១៥៩បេ ដល់ផ្លូវខេត្តលេខ១៥៧០។


 
តាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដំបងដដែល ការផ្អាកនេះ គឺដើម្បីការពារសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយសារតែផ្លូវទាំងនេះបានរងគ្រោះដោយ ជំនន់ទឹកភ្លៀងនាពេលកន្លងមកហើយ អាជ្ញាធរបារម្ភថានឹងអាចរងការជន់លិចជាថ្មីទៀត។ ការជន់លិចជាលើកទី២ នឹងធ្វើឱ្យផ្លូវទូទាំងខេត្ត ខូចខាតយ៉ាងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដដែល។ 
 
សូមជម្រាប់ថា ខេត្តបាត់ដំបង ជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ក្នុងចំណោមខេត្តទាំង១៩ដែលបានរងគ្រោះដោយសារទឹកជំនន់។ តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្លូវជាតិ និងផ្លូវខេត្ត ក្នុងខេត្តបាត់ដំបង ជិត១០ម៉ឺនម៉ែត្រ បានរងផលប៉ះពាល់ គិតត្រឹមថ្ងៃទី១៥ តុលា។ ដ្បិតមានទំហំរងគ្រោះធ្ងន់ជាងគេ ប៉ុន្តែតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តនេះគ្មានជនរគ្រោះណាម្នាក់បានបាត់បង់ជីវិតដោយទឹកជំនន់នោះទេ ខណៈដែលគិតត្រឹមថ្ងៃទី១៦ តុលា មានមនុស្សសរុប ១៨នាក់ ក្នុងនោះក្មេង៨នាក់ បានស្លាប់ដោយគ្រោះទឹកជំនន់នេះ។ ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត មាន៧នាក់បន្ទាយមានជ័យ, កណ្តាល៤នាក់, ពោធិ៍សាត់៣នាក់, ព្រះសីហនុ២នាក់ ប៉ៃលិន១នាក់ និង១នាក់នៅខេត្តកំពង់ធំ៕

Tag:
 ផ្លូវជាតិលេខ៥
  ភ្លៀង
 ទឹកជំនន់
 ផ្អាករថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com