ភិក្ខុសង្ឃអាចធ្វើកិច្ចកឋិនបាន ប្រសិនបើមិនមានពុទ្ធបរិស័ទដង្ហែចូលដោយសារទឹកជំនន់
ជាតិ
ភិក្ខុសង្ឃអាចធ្វើកិច្ចកឋិនបាន ប្រសិនបើមិនមានពុទ្ធបរិស័ទដង្ហែចូលដោយសារទឹកជំនន់
17, Oct 2020 , 9:59 pm        
រូបភាព
ព្រះភិក្ខុ ជួក កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ (រូប​ផ្ដល់​ឱ្យ)
ព្រះភិក្ខុ ជួក កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ៖ វត្តអារាមដែលមិនមានពុទ្ធបរិស័ទដង្ហែអង្គកឋិនទានចូល ភិក្ខុនៅក្នុងអារាមនោះអាចធ្វើកិច្ចកឋិនបាន។ កឋិនកាលជាពុទ្ធបញ្ញត្តិ ដូច្នេះគេមិនអាចលើកកឋិន ទៅធ្វើក្រោយថ្ងៃ១៥កើតខែកត្តិកបានឡើយ។ ទោះជាយ៉ាងណា វត្តអារាមមួយខកខានមិនបានធ្វើកឋិនទាន ក៏មិនមានទោសអ្វីឡើយ គ្រាន់តែភិក្ខុសង្ឃដែលមិនបានក្រាលគ្រងកឋិន មិនបានទទួលអានិសង្ស៥ប៉ុណ្ណោះ។

 
កឋិនកាលត្រូវបានព្រះពុទ្ធទ្រង់អនុញ្ញាតត្រឹម២៩ថ្ងៃ គឺគិតចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។ ប្រសិនបើវត្តណាមួយ ខកខានមិនបានប្រារព្វពិធីបុណ្យកឋិន ឬមិនបានធ្វើកិច្ចកឋិន តាមកាលពុទ្ធបញ្ញត្ត អារាមនោះមិនអាចលើកពេលធ្វើកឋិនទៅក្រោយថ្ងៃ១៥កើតខែកត្តិកបានឡើយ។
 
ទោះជាយ៉ាងណា ភិក្ខុសង្ឃក្នុងអារាមមួយ អាចធ្វើកិច្ចកឋិនបាន ដោយភិក្ខុសង្ឃត្រូវស្វែងរកសំពត់ត្រៃចីវរ មកកាត់ដេរតាមក្បួនខ្នាតត្រឹមត្រូវ ឱ្យទៅជាសំពត់កឋិន ហើយប្រារព្វពិធីក្រាលគ្រោង ដោយសង្ឃសន្មតនៅក្នុងរោងឧបោសថ។ ទោះជាយ៉ាងណា បើមិនមានសំពត់កឋិនទាំង៣ ស្បង់ ចីពរ សង្ឃាដី នោះគឺមិនអាចប្រព្រឹត្តិទៅជាកឋិនបានទេ។
 
ទោះជាយ៉ាងណាក៏ដោយ វត្តមួយអាចមិនធ្វើកឋិនតែម្ដង ដោយមិនមានទោស គ្រាន់តែថាភិក្ខុសង្ឃដែលមិនបានក្រាលគ្រងកឋិន មិនអាចទទួលអានិសង្ស៥។
 
ព្រះភិក្ខុ ជួន កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ បានមានថេរដីកាថា ភិក្ខុសង្ឃដែលបានក្រាលគ្រង ឬបានចាំវស្សាទាំងអស់ដែលបានអនុមោទនាកឋិនទាន ដែលបានក្រាលគ្រងហើយ នឹងបានសម្រេចអានិសង្ស៥។ អានិសង្ស៥នេះមានអានុភាព អាចសម្រាលទោសភិក្ខុសង្ឃចាំវស្សា ដែលបានអនុមោទនាកឋិន រយៈពេល៥ខែ ឬចាប់ពីថ្ងៃអនុមោទនាកឋិនរហូតដល់ថ្ងៃពេញបូណ៌មីខែផល្គុន។
 
អានិសង្សទាំង៥ដែលអាចសម្រាលទោសភិក្ខុសង្ឃ បានរយៈពេល៥ខែនោះរួមមាន អានិសង្ស១ ភិក្ខុដែលភ្លេចឬមិនបានលាសង្ឃក្នុងវត្ត(មេវត្តឬមេកុដិ) មុនចេញទៅក្រៅអារាម នោះមិនត្រូវអាបត្តិឡើយ។ ប៉ុន្តែបើមិនមានអានិសង្សកឋិន ភិក្ខុសង្ឃនឹងត្រូវអាបត្តិ ប្រសិនបើមិនបានលាមេវត្តឬមេកុដិ។
 
អានិសង្ស២ ភិក្ខុសង្ឃដែលត្រូវនិមន្តទៅទីជិតឬឆ្ងាយក្ដី  មិនចាំបាត់យកកាសាវព័ស្ត្រ៣ មាន ចីពរ ស្បង់ សង្ឃាដី តាមខ្លួនគ្រប់៣ក៏បាន។ ប៉ុន្តែបើមិនមានអានិសង្សកឋិន ភិក្ខុសង្ឃត្រូវតែយកត្រៃចីវរ តាមខ្លួនឱ្យគ្រប់៣ បើពុំនោះទេភិក្ខុសង្ឃនឹងត្រូវអាបត្តិ។
 
អានិសង្ស៣ ភិក្ខុសង្ឃអាចហៅចំឈ្មោះភោជន ដោយមិនត្រូវអាបត្តិរយៈពេល៥ខែ។ ប៉ុន្តែបើភិក្ខុសង្ឃមិនមានអានិសង្សកឋិន នោះភិក្ខុសង្ឃនឹងត្រូវអាបត្តិប្រសិនបើហៅចំឈ្មោះភោជន។ ចំពោះអានិសង្ស៤ ភិក្ខុសង្ឃអាចរក្សាទុកត្រៃចីវរ ទទួលបានពីអង្គកឋិនទាន ដែលមានច្រើនលើចំនួនសង្ឃក្នុងវត្ត បានរយៈពេល៥ខែ ដោយមិនត្រូវអាបត្តិ។ ប៉ុន្តែប្រសិនបើភិក្ខុសង្ឃ មិនមានអានិសង្សកឋិន ការធ្វើបែបនោះភិក្ខុសង្ឃនឹងត្រូវអាបត្តិ។ អានិសង្ស៥ សង្ឃលាភដែលកើតក្នុងអារាមណា ភិក្ខុសង្ឃដែលស្ថិតក្នុងអារាមនោះ មានអានុភាពទទួលយក តែបើមិនចាំវស្សាក្នុងវត្តនោះទេ មិនអាចទទួលបានឡើយ៕
 

Tag:
 វត្ត
  កឋិន
  បរិស័ទ
  ភិក្ខុ
  សាសនា
  ព្រះពុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com