អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ
× រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័នក្រេឌីត បានប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ បន្ទាប់ពីស្ថាប័នក្នុងស្រុកមួយនេះ លក់ភាគហ៊ុន១០០%ទៅឲ្យក្រុមហ៊ុន CHENG FUNG INVESTMENT(CFI) និងក្រុមហ៊ុនNETGOLD INVESTMENT (NETGOLD )។ ការទិញលក់នេះ ធ្វើឡើងតាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ និងបានបិទបញ្ចប់ការទិញលក់ នៅថ្ងៃទី ០១ខែ តុលា ឆ្នាំ២០២០។
ប្រធានក្រុមប្រឹក្សាភិបាលថ្មី លោកស្រី ប៊ុត កេរ៉ាឌី បានមានប្រសាសន៍ថា ការសម្រេចវិនិយោគ លើវិស័យហិរញ្ញវត្ថុនាពេលនេះ គឺដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ និងមានសុខុមាលភាពអាជីវកម្មល្អ ក៏ដូចជាដើម្បីរួមចំណែក លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ទាំងទីក្រុង និងជនបទដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ យកទៅពង្រីក ឬបង្កើត មុខរបររបស់ពួកគាត់។ លោកស្រី ប៊ុត កេរ៉ាឌី បន្តទៀតថា ការវិនិយោគនេះ ក៏ដើម្បីរួមចំណកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។ តាមលោកស្រី ប៊ុត កេរ៉ាឌី សម្រាប់ឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន គ្រោងបន្ថែមដើមទុនវិនិយោគ ២៥ លានដុល្លារអាមេរិកបន្ថែមទៀត។
លោក ញាណ វីរៈ ប្រធានអគ្គនាយករបស់គ្រឹះស្ថានបាយ័ន ក្រេឌីត ម.ក បានមានប្រសាសន៍ថា ភាពប៉ិនប្រសប់ និងគុណវឌ្ឍរបស់បុគ្គលិក ក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ នឹងអាចធ្វើឲ្យគ្រឹះស្ថានមានសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារសម័យទំនើប នៃវិស័យហិរញ្ញវត្ថុដូចបច្ចុប្បន្ន។
តាម លោក ញាណ វីរៈ គ្រឹះស្ថានបាយ័នក្រេឌីត គឺផ្តោតយកចិត្តទុកដាក់ខ្លាំង លើការបម្រើសេវាកម្មអតិថិជន ក្នុងការប្រកួតប្រជែង ស្របតាមពាក្យស្លោករបស់ខ្លួនគឺ «ផ្តល់ជូនលោកអ្នកនូវសេវាកម្មជាទីគាប់ចិត្ត” (BRING THE BEST)»។ តាមរយៈទិសស្លោកនេះ ក្រុមហ៊ុន មានការរចនាផលិតផល តាមតម្រូវការអតថិជន បំពាក់បច្ចេកវិទ្យាធនាគារថ្មីទំនើបៗ គឺធ្វើយ៉ាងណា បំពេញតាមការចង់បានរបស់អតិថិជន និងផ្តល់លទ្ឋផលជាវិជ្ជមាន ជូនភាគហ៊ុននិក ដោយអនុលោមតាមច្បាប់ ជាពិសេសការប្រកាន់ភ្ជាប់ និងអនុវត្តតាមសេចក្តីណែនាំ របស់ធនាគារជាតិ ដែលជាអាណាព្យាបាល។
លោកប្រធានអគ្គនាយក បានបន្ថែមដោយសុទិដ្ឋិនិយមទៀតថា៖« គ្រឹះស្ថាន បាយ័ន ក្រេឌីត បានរចនានូវពាណិជ្ជសញ្ញាថ្មី ដែលជាអត្តសញ្ញាណមួយយ៉ាងជាក់លាក់ ដល់សាធារណជន ជាមួយនឹងបេសកម្ម និងចក្ខុវិស័យយូរអង្វែង ផែនការអាជីវកម្មច្បាស់លាស់ ការសហការគ្នា រវាងបុគ្គលិក និងបុគ្គលិកគ្រប់ឋានៈ ព្រមទាំងគោលការណ៍អភិបាលកិច្ចល្អ នឹងធ្វើឲ្យស្ថាប័នមួយនេះ ដណ្តើមបានការគាំទ្រយ៉ាងខ្លាំង នៅពេលដ៏ខ្លីខាងមុខ»។
ស្របពេលជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេឌីត ក៏បានធ្វើពិធីសូត្រមន្ត ក្រុងពាលី ឡើងអាគារការិយាល័យថ្មី ដែលមានអាស័យដ្ឋានស្ថិត នៅអគារលេខ ៣៤២មហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អគារថ្មីនេះ មានកម្ពស់ ១៩ជាន់ សាងសង់ឡើង តាមបទដ្ឋានស្តង់ដារត្រឹមត្រូវ ហើយកន្លែងបម្រើអតិថិជនធំទូលាយប្រកបដោយផាសុកភាព និងសុវត្ថិភាព ប្រកបដោយភាពទាក់ទាញខ្ពស់។ អគារថ្មីនេះ បានចំណាយទឹកប្រាក់ក្នុងការរចនា ជិតមួយលានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក បានបង្កើតតាំង ពីឆ្នាំ២០១១ដោយទទួលបាន អាជ្ញាបណ្ណប្រកបអាជីវកម្មហិរញ្ញវត្ថុ និងទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម ភតិសន្យានៅឆ្នាំ២០១៧ ពីធនាគារជាតិនៃកម្ពុជា។ គិតមកទល់សព្វថ្ងៃ មានការិយាល័យសាខាប្រតិបត្តិការ ចំនួន៦កន្លែង នៅតាមបណ្តាខេត្តសំខាន់ៗ និងមានអតិថិជនប្រាក់កម្ចី ជាង២,៩៣២នាក់ និងមានបុគ្គលិកកំពុងបម្រើការងារជិត១០០នាក់ មានដើមទុនចុះបញ្ជីថ្មី ៣ លានដុល្លារអាមេរិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com