COVID-19
ជាតិ
ពលករខ្មែរ ២៧នាក់នៅប្រទេសហ្ស៊កដានី ត្រូវបានបញ្ជូនមកកម្ពុជា រូបពលករខ្មែរ ដែលមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ដល់ឱ្យអ្នកកាសែត តាមបណ្ដាញតេឡេក្រាម
× ភ្នំពេញ៖ ពលរដ្ឋខ្មែរ ២៧នាក់ ដែលបានទៅធ្វើការនៅប្រទេសហ្ស៊ុកដានី ត្រូវបានបញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី១៦ តុលា តាមរយៈការស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបចេញផ្សាយព័ត៌មាននៅថ្ងៃទី១៩តុលានេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានបញ្ជាក់ក្នុងលិខិតថា ពលករទាំងនេះ ត្រូវបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ទើបមន្ត្រីស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនពួកគេមកកម្ពុជា។
ពលករទាំងនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ កាលពីយប់ថ្ងៃទី១៦ ខែតុលា ហើយ។ នេះបើតាមលោក កុយ គួង។
បើតាមការអះអាងរបស់លោក កុយ គួង កន្លងមក រាល់ពលរដ្ឋ ឬពលករខ្មែរ រួមទាំងជនបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់កម្ពុជា គឺត្រូវអនុវត្តធ្វើចត្តាឡីស័ក តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជា បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្ស៊កដានី ចំនួន ៣ លើកហើយ ដោយសរុបចំនួនមនុស្ស ៨៤ នាក់ ឱ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕
Tag:
ពលករខ្មែរ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com