ពីនេះ ពីនោះ
សុខភាព
មិន​ពិបាក​ឡើយ​! ចង់​ធាត់ ឬ​កើន​ទម្ងន់ កុំ​រំលង​អាហារ​ទាំងនេះ​
22, Oct 2020 , 8:59 pm        
រូបភាព
​ខណៈដែល​អ្នកខ្លះ​ព្យាយាម​ឥត​ឈប់​ដើម្បី​អាច​ស្រក​ទម្ងន់ អ្នក​ដទៃទៀត​បែរជា​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅវិញ​។ គួរឱ្យ​អស់សំណើច​ណាស់​ដែល​អាហារ​កញ្ចប់ ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​គ្មាន​ប្រសិទ្ធិភាព​ចំពោះ​អ្នក​ដែល​មិនអាច​កើន​ទម្ងន់​។ ទោះជា​យ៉ាងណា ការចង់​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​គ្មានអ្វី​ពិបាក​សោះឡើយ​! ដំណោះស្រាយ គឺ​សាមញ្ញ​មែនទែន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អៗ និង​ប្រូតេអ៊ីន​ជាការ​ស្រេច​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ឡើង​គីឡូ ៖

 
១. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ដូចជា​ខ្លាញ់​ល្អ ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​កើន​ទម្ងន់​ផងដែរ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​។​
 
២. ខ្លាញ់​ទឹកដោះគោ​
 
​រួមមាន​ទឹកដោះគោ និង​ឈី​ស​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម ប្រូតេអ៊ីន និង​ខ្លាញ់​ល្អ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​កើន​ទម្ងន់ ហើយ​ថែមទាំង​ពង្រឹង​សុខភាព​សាច់ដុំ ក៏ដូចជា​ឆ្អឹង​ផងដែរ​។​
 
៣. បឺ​រ​
 
​បឺ​រ​ប្រៃ​មាន​ផ្ទុក​កាឡូរី ៣៦ កាឡូរី​ក្នុង​បរិមាណ ៥ ក្រាម ហើយ​ជាតិ​ខ្លាញ់​នៃ​បឺ​រ​ប្រៃ​ល្អ​សម្រាប់​អ្នក​ចង់​កើន​ទម្ងន់​។ បឺ​រ​ដ៏​ប្រសើរ​មួយ​ប្រភេទ​ទៀត គឺ​បឺ​រ​សណ្ដែកដី​! បឺ​រ​សណ្ដែកដី​ធម្មជាតិ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​ប្រូតេអ៊ីន​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់​។ ត្រឹមតែ ១ ស្លាបព្រា​បាយ​នៃ​បឺ​រ​សណ្ដែកដី​សុទ្ធ​មាន​ផ្ទុក​កាឡូរី​ដល់​ទៅ ១០០ កាឡូរី ៤ ក្រាម​នៃ​ប្រូតេអ៊ីន សារធាតុ Folate វីតាមីន B3 វីតាមីន E និង​ម៉ាញ៉េ​ស្យូ​ម​។​
 
៤. សាច់មាន់​និង​សាច់​ក្រហម​
 
​សាច់មាន់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត និង​ខ្លាញ់​ទាប​។ ទោះជា​យ៉ាងណា​សាច់​ក្រហម​ដូចជា​សាច់គោ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាឡូរី​និង​ជាតិ​ខ្លាញ់​។ អាហារ​ទាំងពីរ​នេះ​ជួយ​បង្កើន​ការលូតលាស់​នៃ​សាច់ដុំ​និង​ជម្រុញ​ប្រសិទ្ធភាព​នៃ​ការ​កើន​ទម្ងន់​។​
 
៥. ចេក​
 
​ចេក​ទំហំ​ធំ​មួយ​ផ្លែ​មាន​ផ្ទុក​កាឡូរី ១២០ កាឡូរី ព្រមទាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​បូ​តា​ស្យូ​ម និង​ជាតិ​រ៉ែ​ដែល​ល្អ​សម្រាប់​អ្នក​ចង់​កើន​ទម្ងន់​។ ទឹកចេក​ក្រឡុក​ក៏​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​បង្កើន​ទម្ងន់​ផងដែរ​។​
 
៦. ដំឡូង​ផ្អែម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​ដែល​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​កើន​ទម្ងន់​។ ការទទួល​ទាន​អាហារ​មើម​នេះ​ក៏​ល្អ​សម្រាប់​សុខភាព​បេះដូង​និង​ឆ្អឹង​រឹងមាំ​គួរឱ្យកត់សម្គាល់​។​
 
៧. ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ ខ្លាញ់​ល្អ និង​ប្រូតេអ៊ីន​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​កើន​ទម្ងន់​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com