ជាតិ
សង្គមជាតិ
ពលរដ្ឋ ទៅតវ៉ានៅមុខស្ថានទូតចិន ស្រែកថា៖«២៣តុលានៅឯណា? យើងត្រូវការ២៣តុលា»
23, Oct 2020 , 12:30 pm        
រូបភាព
ប្រជាពលរដ្ឋ កាន់ទង់ជាតិកម្ពុជា និងអ្នកខ្លះទៀត កាន់ទង់អង្គការសហប្រជាជាតិ ពេលនាំគ្នាយកញត្តិទៅដាក់ស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ជួយជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មុនយកញត្តិទៅដាក់នៅស្ថានទូតអាមេរិក ពួកគេ បាននាំគ្នាទៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រូបដោយសហការី
ប្រជាពលរដ្ឋ កាន់ទង់ជាតិកម្ពុជា និងអ្នកខ្លះទៀត កាន់ទង់អង្គការសហប្រជាជាតិ ពេលនាំគ្នាយកញត្តិទៅដាក់ស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ជួយជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មុនយកញត្តិទៅដាក់នៅស្ថានទូតអាមេរិក ពួកគេ បាននាំគ្នាទៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រូបដោយសហការី
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ដែលជាទិវារម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រជាពលរដ្ឋប្រមាណ១០០នាក់ បាននាំគ្នាទៅតវ៉ា នៅមុខស្ថានទូតចិន ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅ សេទុង ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន ដើម្បីទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ ចូលរួមគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។



ការតវ៉ានោះ មិនបានប្រព្រឹត្តទៅដោយរលូនប៉ុន្មានឡើយ ដោយប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដែលភាគច្រើនពាក់ម៉ាស់និងពាក់មួកសុវត្ថិភាព បានប៉ះទង្គិចនិងប្រទាញប្រទង់គ្នា។ សមត្ថកិច្ចម្នាក់ បានចាប់ទាញស្រ្តីម្នាក់ រហូតដល់ស្រ្តីរូបនោះ អង្គុយលើដី។ អ្នកទៅតវ៉ាជាមួយគ្នា បានរឹតដើមទ្រូវនិងបក់ឲ្យស្រ្តីរូបនោះ។ ពួកគាត់ បាននិយាយគ្នាថា ឲ្យហៅរថយន្តសង្គ្រោះ ដើម្បីយកស្ត្រីរូបនោះ ទៅមន្ទីរពេទ្យ។

ពេលនោះ អ្នកតវ៉ា នាំគ្នាស្រែកទៅកាន់សមត្ថកិច្ចថា ពួកគាត់ មិនបានធ្វើអ្វីខុសឡើយ ហើយការតវ៉ារបស់ពួកគាត់ គឺធ្វើដោយសន្តិវិធី។ ក្រោយស្រ្តីរូបនោះ ត្រូវសមត្ថកិច្ចទាញ ប្រជាពលរដ្ឋ ជាអ្នកតវ៉ា បានស្រែកថា អយុត្តិធម៌និងជាការរំលោភសិទ្ធិមនុស្ស ហើយសុំឲ្យអង្គការជាតិ-អន្តរជាតិ ជួយមើលនិងពិចារណាពីទង្វើរបស់សមត្ថកិច្ច។

«សួរអស់លោក [អាជ្ញាធរ] ២៣តុលា នៅឯណា? សួរខ្មែរទាំងអស់គ្នា ជួយឆ្លើយប្រាប់ខ្ញុំផង ថា២៣តុលានៅកន្លែងណា? យើងត្រូវការទី២៣ តុលា ខ្លាំងណាស់»។ ទាំងនេះជាពាក្យដែលប្រជាពលរដ្ឋជាអ្នកតវ៉ា នាំគ្នាស្រែកជាដដែលៗ។

ពួកគាត់ នាំគ្នាស្រែកទៀតថា៖«...ត្រូវតែមានថ្ងៃ២៣តុលា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស [២៣តុលា] គោរពសិទ្ធិមនុស្ស ស្តារសិទ្ធិមនុស្សឡើងវិញ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ជយោសិទ្ធិសេរីភាព ជយោយុត្តិធម៌ យុត្តិធម៌ត្រូវតែមាន...»។

ក្រៅពីការប្រទាញប្រទង់គ្នា ក៏មានការចាប់ខ្លួនដែរ។ អ្នកស្រី ចក់ សុខភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សមត្ថកិច្ច បានឃាត់ខ្លួនអ្នកតវ៉ា៣នាក់ ដោយក្នុងនោះ មានបុរសម្នាក់និងស្រ្តី២នាក់។

ក្រោយចាកចេញពីស្ថានទូតចិន ប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាបន្តដំណើរទៅស្ថានទូតនៃប្រទេសមហាអំណាចមួយទៀត គឺស្ថានទូតអាមេរិក ស្ថិតខាងលិចវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកញត្តិទៅដាក់។ ក្នុងញត្តិនោះ ពួកគាត់ សុំឲ្យរដ្ឋាភិបាលអាមេរិក ជំរុញប្រទេសទាំងអស់ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំជាថ្មី លើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះពួកគាត់ យល់ថា រដ្ឋាភិបាលកម្ពុជា បានដើរចេញឆ្ងាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។


នៅមុខស្ថានទូតអាមេរិក ប្រជាពលរដ្ឋ លើកបដាដែលមានសរសេរថា «ចិនត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។  

លើសពីនេះ ពួកគាត់ សរសេរក្នុងញត្តិថា ពួកគាត់ជាប្រជាពលរដ្ឋខ្មែរ ប្រឆាំងដាច់ខាតនឹងចិន ដែលមានបំណងមកបោះទីតាំងកងទ័ពនៅលើផែរាមខេត្តព្រះសីហនុ និងនៅតាមតារាសាគរខេត្តកោះកុង។ តាមរយៈញត្តិ ពួកគាត់ ថែមទាំងស្នើឲ្យរដ្ឋាភិបាលអាមេរិក ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលចិន ដើម្បីឲ្យឈប់គាំទ្រអំណាចបុគ្គល គឺសំដៅលើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ប្រជាពលរដ្ឋ ក៏បានយកញត្តិទៅដាក់នៅស្ថានទូតបារាំងដែរ ដែលស្ថិតនៅជិតស្ថានទូតអាមេរិក គឺខាងលិចស្ថានទូតអាមេរិក។ ញត្តិ ដែលដាក់នៅស្ថានទូតបារាំង គឺមានខ្លឹមសារដូចគ្នាទាំងស្រុង ទៅនឹងញត្តិ ដែលដាក់នៅស្ថានទូតអាមេរិក។ 

មិនមែនតែម្តងឡើយ ដែលរដ្ឋាភិបាល ចេញមកប្រកាសប្រាប់ប្រជាពលរដ្ឋ និងអង្គការអន្តរជាតិ ថា កម្ពុជា មិនបានអនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានកងទ័ពលើទឹកដីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បំភ្លឺថា៖«យើង គ្មានគោលការណ៍ណាមួយ ដើម្បីនឹងផ្តល់ឲ្យបរទេស ប្រើប្រាស់នូវមូលដ្ឋាន [ទ័ព] ក្នុងប្រទេសយើង ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ»។

ប្រមុខរដ្ឋាភិបាល បន្ថែមទៀតថា៖«កម្ពុជា សុំបញ្ជាក់ជាថ្មីថា កម្ពុជា ជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជា មិនចូលរួមជាមួយអ្នកនេះ ប្រឆាំងនឹងអ្នកនោះ។ [យើង] មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយយើង ក៏មិនបោះទីតាំងយោធារបស់យើង នៅលើទឹកដីបរទេសដែរ...»។

ចិន អាមេរិក និង បារាំង សុទ្ធតែជាហត្ថលេខីក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រទេសទាំងអស់ ដែលចូលរួមធ្វើជាហត្ថលេខីជាមួយភាគីកម្ពុជា ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មាន១៨។ ប្រទេសទាំង១៥ទៀត គឺ អូស្ត្រាលី ព្រុយណេ កាណាដា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ សហភាពសូវៀត អង់គ្លេស វៀតណាម និង យូហ្គោស្លាវី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺកើតចេញពីការស្រុះស្រួលរវាងភាគីខ្មែរទាំង៤ គឺរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រហម។ ក្នុងន័យជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយផ្សះផ្សារ បង្រួមបង្រួម និង កសាងប្រទេសជាតិឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថែមទាំងតម្រូវឲ្យកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សផងដែរ៕ 

Tag:
 កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com