ជាតិ
អ្នកស្លាប់ដោយទឹកជំនន់កើនដល់៤០នាក់ ដោយបន្ទាយមានជ័យ២៣នាក់
25, Oct 2020 , 10:56 am        
រូបភាព
រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
គិតត្រឹមថ្ងៃទី២៤ ខែតុលា មានពលរដ្ឋ៤០នាក់ បានបាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥៤ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានជាង៤៧ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។

 
 
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា អ្នកស្លាប់ទាំង៤០នាក់ គឺខេត្តបន្ទាយមានជ័យ ស្លាប់ច្រើនជាងគេ ចំនួន២៣នាក់ បន្ទាប់មកទៀត ពោធិ៍សាត់ និងកំពង់ធំ មានចំនួន ៦នាក់ដូចគ្នា, ព្រះសីហនុ២ នាក់, ប៉ៃលិន ស្ទឹងត្រែង និងកំពង់ឆ្នាំង មានអ្នកស្លាប់១នាក់ដូចគ្នា។  
 
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ទះជាង១២ម៉ឺនខ្នង បានរងប៉ះពាល់ ក្នុងនោះមាន៦៣ខ្នងខូចខាត ខណៈសាលារៀន ៩២៥កន្លែងលិចទឹក។ ចំណែកស្រូវវិញ មានជាង ២៧ម៉ឺនហិកតា រួមទាំងដំណាំផ្សេងៗ ជាង៨៨ពាន់ហិកតា ត្រូវលិចទឹក។ 
 
ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប្រមាណ ៦១៦គីឡូម៉ែត្រ និងផ្លូវតាមជនបទ ប្រវែង ១,៦៨៥ គីឡូម៉ែត្រ បានខូចខាតដោយសារគ្រោះធម្មជាតិនេះដែរ។
 
រាជធានី-ខេត្តចំនួន ២០ ដែលរងប៉ះពាល់ដោយទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់  បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ  កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម៕  
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com