ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​៤ ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាបន្ទាន់ ក្រោយ​ទឹក​ស្រក​
26, Oct 2020 , 9:56 am        
រូបភាព
រូបពីឆ្វេងដៃ ខាងលើ មានលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម , លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារការ , លោក អ៊ុក រ៉ាប៊ុន(រូបឆ្វេងដៃ ខាងក្រោម) រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក
រូបពីឆ្វេងដៃ ខាងលើ មានលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម , លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារការ , លោក អ៊ុក រ៉ាប៊ុន(រូបឆ្វេងដៃ ខាងក្រោម) រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ចំនួន​៤ ចុះ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ ផ្លូវ និង​ស្ពាន​ជាបន្ទាន់ ក្រោយ​ទឹក​ស្រក​ទៅវិញ​។ សម្តេច បញ្ជា​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ពាន​នៅ​កោះនរា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ។​


«​សភាពការណ៍​មិនធម្មតា នីតិវិធី(ដោះស្រាយ)​ក៏​មិនធម្មតា​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ដែល​ប្រាប់​ឱ្យ​រដ្ឋមន្ត្រី​ទាំង​៤​នោះ រួសរាន់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យទាន់​ស្ថានការណ៍​ជាក់ស្ដែង ដោយ​មិនបាច់​រង់ចាំ​ការវាយតម្លៃ និង​របាយការណ៍​មន្ទីរ​ខេត្ត ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​កាន់​តែធ្ងន់ធ្ងរ​ឡើយ​។​
 
​រដ្ឋមន្ត្រី​ទាំង​៤ ដែល​សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យធ្វើ​ការរួម​គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នោះ រួមមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ​។​
 
​ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បើសិនជា​ពលរដ្ឋ ជួប​បញ្ហា​ខូចខាត​ស្រូវ​នោះ រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន ត្រូវយក​ពូជស្រូវ​ទៅ​ចែក​ឱ្យ​ពលរដ្ឋ​១០០​គីឡូ​ក្នុង​មួយ​គ្រួសារ តាម​គោលការណ៍​សង្គ្រោះបន្ទាន់រ​បស់រ​ដ្ឋ​។ ហើយ​បើ​ពលរដ្ឋ​ខ្វះ​ទឹក​ធ្វើស្រែ គឺ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក លោក លឹម គានហោ ត្រូវ​ជួសជុល​ទំនប់ ឬ​ធ្វើ​ប្រព័ន្ធ​ទប់ទឹក​ឡើងវិញ ដើម្បី​បង្ហូរទឹក​ចែក​ពលរដ្ឋ​ធ្វើស្រែ​។​
 
​រីឯ​កន្លែង​ណា មានការ​ខូចខាត​ផ្លូវជាតិ​នោះ គឺជា​តួនាទី​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​។ ចំណែក​ផ្លូវលំ និង​ស្ពាន​តូចៗ ដែល​ខូចខាត នៅតាម​ភូមិ ស្រុក​នានា គឺជា​ភារកិច្ច​របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ ដែល​ត្រូវ​ចុះ​ជួសជុល និង​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ នេះ​ជា​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ក៏​ប្រកាសប្រាប់​រដ្ឋមន្ត្រី​ទាំង​៤​នេះ ទុក​មុន​ថា សម្ដេច​នឹង​តាមដាន​លទ្ធផល ដែល​ពួកគេ ត្រូវអនុវត្ត​។ អម​ជាមួយ​ការប្រកាស​បែបនេះ សម្ដេច ក៏បាន​ព្រមាន​ដែរ​ថា បើសិនជា​រដ្ឋមន្ត្រី​ណាមួយ បំពេញការងារ​ស្ពឹក​ស្រពន់ ដែល​ធ្វើឱ្យ​ពលរដ្ឋ​ស្រែក​តវ៉ា និង​រិះគន់​ដល់​រដ្ឋាភិបាល​នោះ គឺ​សម្ដេច​នឹង​ចុះ​អន្តរាគមន៍​ផ្ទាល់​តែម្ដង​។ ហើយ​នៅពេលដែល​សម្ដេច ចុះ​អន្តរាគមន៍​ផ្ទាល់​នេះ បានន័យថា​រដ្ឋមន្ត្រី​នោះ ក៏ត្រូវ​ប្រឈមមុខ​ជាមួយ​សម្ដេច​ដែរ​។​
 
«​ខ្ញុំ​នឹង​ចាំមើល​! បើសិនជា​កន្លែង​(​រងគ្រោះ​)​ណា​យឺត ខ្ញុំ​នឹង​ចុះទៅ​កន្លែង​ហ្នឹង ចាំមើល​រដ្ឋមន្ត្រី​ធ្វើ​មុខ​យ៉ាងម៉េច​»​។ នេះ​ជាការ​ព្រមាន​របស់​សម្ដេច ហ៊ុន សែន​ ដែលបានបន្ថែមថា រដ្ឋាភិបាល មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ការជួយ​សង្គ្រោះ​ពលរដ្ឋ​​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ការដោះស្រាយ​រឿង​ទឹកជំនន់​ មិនមែន​បញ្ចប់​ត្រឹម​ការចែក​ជំនួយ​ដល់ពលរដ្ឋនោះទេ​ ។​

គិត​ត្រឹម​ថ្ងៃទី​២៤ ខែតុលា មាន​ពលរដ្ឋ​៤០​នាក់ បាន​បាត់​បង់ជីវិត ខណៈ​ពលរដ្ឋ​ជាង ៥៤​ម៉ឺន​នាក់ រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុងនោះ​មាន​ជាង​៤៧​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​។​រាជធានី​-​ខេត្ត​ចំនួន ២០ រង​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​។​នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
 
​របាយការណ៍​ដដែល​បាន​បង្ហាញថា ផ្ទះ​ជាង​១២​ម៉ឺន​ខ្នង បាន​រង​ប៉ះពាល់ ក្នុងនោះ​មាន​៦៣​ខ្នង​ខូចខាត ខណៈ​សាលារៀន ៩២៥​កន្លែង​លិច​ទឹក​។ ចំណែក​ស្រូវ​វិញ មាន​ជាង ២៧​ម៉ឺន​ហិកតា រួមទាំង​ដំណាំ​ផ្សេងៗ ជាង​៨៨​ពាន់​ហិកតា ត្រូវ​លិច​ទឹក​។ 
 
​ដោយឡែក ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប្រមាណ ៦១៦​គីឡូម៉ែត្រ និង​ផ្លូវ​តាម​ជនបទ ប្រវែង ១,៦៨៥ គីឡូម៉ែត្រ បាន​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ​នេះដែរ​៕
 
 
 

Tag:
 ទឹកជំនន់​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com