សង្គមអន្តរជាតិ
អន្តរជាតិ
ក្រសួងការបរទេសអាមេរិក អនុម័តគម្រោងលក់ប្រព័ន្ធការពារឆ្នេរតម្លៃ២,៤ពាន់លានដុល្លារឲ្យតៃវ៉ាន់ ប្រព័ន្ធបាញ់មីស៊ីល Harpoon ដែលតៃវ៉ាន់ស្នើទិញពីអាមេរិក។ រូបភាព AFP
× ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៦ ខែតុលា បានប្រកាសថា ខ្លួនបានអនុម័តគម្រោងលក់ប្រព័ន្ធការពារឆ្នេរមួយឈុតទៀតឲ្យតៃវ៉ាន់ដែលមានតម្លៃដល់ទៅ២,៤ពាន់លានដុល្លារ។ នេះជាការលក់អាវុធចុងក្រោយបំផុតពីសំណាក់អាមេរិកឲ្យដែនកោះតៃវ៉ាន់ដែលប្រឈមការគំរាមកំហែងរបស់ចិន បន្ទាប់ពីទើបបានយល់ព្រមលក់សព្វាវុធបីមុខកាលពីសប្ដាហ៍មុន។ ដូចរាល់ដង ចិន ប្រាកដជាក្ដៅស្លឹកត្រចៀកខ្លាំងនឹងរឿងនេះ។
បើតាមសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា សំណើរបស់តៃវ៉ាន់ក្នុងការទិញប្រព័ន្ធការពារឆ្នេរ 100 Harpoon (100 Harpoon Coastal Defense Systems) ត្រូវបានយល់ព្រមហើយ។ តម្លៃសម្រាប់កិច្ចព្រមព្រៀងលើកនេះ គឺ២,៤ពាន់លានដុល្លារ រួមមានមីស៊ីលប្រភេទ RGM-84L-4 Harpoon Block II Surface Launched Missiles ចំនួន៤០០គ្រាប់ ដែលអាចបាញ់គោលដៅនៅចម្ងាយ១២៥គីឡូម៉ែត្រ។ ក្រុមហ៊ុន Boeing ជាអ្នកផលិតមីស៊ីលនេះ។
គម្រោងនេះ ត្រូវឆ្លងការអនុញ្ញាតពីសភាអាមេរិកសិនទើបអាចចេញជាផ្លូវការ។ ប៉ុន្តែគេមិនរំពឹងថា សភាអាមេរិកនឹងបដិសេធឡើយ ព្រោះទាំងបក្សសាធារណរដ្ឋ ទាំងបក្សប្រជាធិបតេយ្យសុទ្ធតែគាំទ្រតៃវ៉ាន់ក្នុងការប្រឈមមុខនឹងចិន។
នេះជាការយល់ព្រមលើកទីពីរក្នុងពេលមួយសប្ដាហ៍របស់ក្រសួងការបរទេសអាមេរិកលើសំណើរបស់តៃវ៉ាន់។ កាលពីថ្ងៃទី២១ ខែតុលា ក្រសួងនេះក៏បានផ្ដល់ភ្លើងបៃតងលើគម្រោងលក់មីស៊ីលប្រដេញAGM-84H SLAM-ER ចំនួន១៣៥គ្រាប់តម្លៃ១ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃសំណើសុំទិញសព្វាវុធច្រើនមុខរបស់តៃវ៉ាន់នោះ។
ការបើកផ្លូវជាបន្តបន្ទាប់បែបនេះពីសំណាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឲ្យចិនមួរម៉ៅកាន់តែខ្លាំង។ នៅថ្ងៃទី២៦ ខែតុលា ក្រសួងការបរទេសចិន ទើបបានប្រកាសទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួនបីដែលក់អាវុធឲ្យតៃវ៉ាន់ តែមិនបានបញ្ជាក់លម្អិតពីចំណាត់ការនោះឡើយ។ ការលក់លើកនេះ ប្រាកដជាត្រូវថ្មោងរបស់ចិនទៀតមិនខាន។
តៃវ៉ាន់ក្រោមការដឹកនាំរបស់ប្រធានាធិបតី Tsai Ing-wen បានចំណាយលុយច្រើនដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ស្របពេលដែលចិនធ្វើសកម្មភាពកំញើញកាន់តែខ្លាំង។ មួយរយៈពេលចុងក្រោយ យន្តហោះចម្បាំងចិនហោះឆ្វែលតៃវ៉ាន់សឹងមិនលស់ថ្ងៃ។ ចិនក៏តែងនិយាយជាចំហដែរថា ខ្លួនមិនអនុញ្ញាតឲ្យតៃវ៉ាន់ផ្ដាច់ខ្លួនឡើយ ហើយការប្រើប្រាស់កម្លាំង នឹងជាមធ្យោបាយចៀសមិនផុតទៀតផង៕
Tag:
អាមេរិក
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com