អន្តរជាតិ
មីយ៉ាន់ម៉ាពន្យារពេលទទួលទេសចរបរទេស ខណៈការបោះឆ្នោតជិតមកដល់ ប្រជាជនមីយ៉ាន់ម៉ាដែលគាំទ្របក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុង Yangon។រូបភាព៖ AFP
×
ដោយ៖កង ម៉េងហុង
រដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រេចពន្យារការរឹតបន្តឹងរាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និង ការចេញទិដ្ឋាការគ្រប់ប្រភេទសម្រាប់ទេសចរណ៍រហូតដល់ចុងវិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 នៅមុនការបោះឆ្នោតបានចូលមកដល់។
ក្រសួងដឹកជញ្ជូននិងគមនាគមន៍របស់មីយ៉ាន់ម៉ាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ ២៦ ខែតុលាថា ការហាមឃាត់ជនបរទេសចូលក្នុងប្រទេសនឹងត្រូវបានពន្យារពេលមួយខែទៀតរាប់ចាប់ពីថ្ងៃប្រកាស។
បើតាមសារព័ត៌មានថៃ Bangkok Post ការពន្យារពេលទទួលជនបរទេសដែលជាវិធានការក្នុងការទប់ស្កាត់តាមពិតទៅត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែតុលានេះ ហើយវាត្រូវបានរៀបចំដោយគណៈកម្មាធិការមួយដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។
ដោយឡែក នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាឯណោះវិញបានប្រកាសដែរថា វិធានការបន្ថែមក្នុងការការហាមឃាត់ការហោះហើរក្នុងស្រុករយៈពេល ២ សប្តាហ៍នឹងត្រូវដាក់ឲ្យអនុវត្តផងដែរពោលគឺដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។
យ៉ាងណាក៏ដោយ ធុរជនដែលចាំបាច់ត្រូវធ្វើដំណើរចាំបាច់នោះ ត្រូវស្នើសុំការអនុញ្ញាតពីខាងក្រសួងការបរទេស និងត្រូវធ្វើយ៉ាងណាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានបិទតំបន់ជាច្រើននៅក្នុងតំបន់ Yangon ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការប្រមូលផ្តុំគ្នាជាសាធារណៈនៅថ្ងៃទី ២៥ ខែតុលាដើម្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការមុនពេលប្រជាជនទៅបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា។
ប៉ុន្តែបទបញ្ជាស្នាក់នៅក្នុងផ្ទះសម្រាប់ ៧៤ តំបន់ រួមទាំងតំបន់ Yangon ទាំងមូល និង រដ្ឋ Rakhine នៅតែមានប្រសិទ្ធភាព៕
Tag:
មីយ៉ាន់ម៉ា
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com