កីឡាជាតិ
ជាតិ
ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ ស្នើ​ឲ្យ​ធ្វើកំណែទម្រង់​ការវិនិច្ឆ័យ និង​ដាក់ពិន្ទុ​
28, Oct 2020 , 9:29 pm        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​លោក អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ ស្នើ​ឲ្យ​ធ្វើកំណែទម្រង់​លើ​ការវិនិច្ឆ័យ និង​ដាក់ពិន្ទុ​របស់​អាជ្ញាកណ្តាល​ចៅក្រម ដើម្បី​ធានា​ភាពយុត្តិធម៌​ជូន​កីឡាករ​កីឡាការិនី​។ ជាក់ស្តែង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ សហព័ន្ធ​នេះ បាន​បំពាក់​ឧបករណ៍​អេឡិចត្រូនិក​ក្នុងការ​ដាក់ពិន្ទុ​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​បញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​កាត់ក្តី​របស់​អាជ្ញាកណ្តាល​ចៅក្រម​។ ការជំរុញ​បែបនេះ មិនមែន​មានន័យថា ការកាត់ក្តី​កន្លងមក​មាន​ភាពមិន​ប្រក្រតី ឬ​អាជ្ញាកណ្តាល​ចៅក្រម​ពុំមាន​សមត្ថភាព​ក្នុងការ​កាត់ក្តី​នោះទេ​។ 
 
​បើតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ ការជំរុញ​របស់​ប្រធាន​សហព័ន្ធ គឺ​ចង់​ធ្វើយ៉ាងណា​ឲ្យ​ការកាត់ក្តី​ប្រកបដោយ​យុត្តិធម៌ និង​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ ម្យ៉ាងទៀត វា​ជា​ផ្នែក​មួយ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ 
 
​លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​ដោយ​ស្រង់​សម្តី​របស់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យ៉ាង​ដូច្នេះ​ថា​៖«​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ គឺ​ការណែនាំ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ធ្វើកំណែទម្រង់​លើ​ការវិនិច្ឆ័យ​របស់​អាជ្ញា​កណ្តាល​ចៅក្រម ដែលជា​កំណែទម្រង់​មួយ​ឈានទៅរក Fair Play»​។​


រូបភាពពី Cambodia SEA Games 2023 

​លោក បាន​បន្ថែមថា ការកាត់ក្តី​ប្រកបដោយ​ភាពយុត្តិធម៌ មិន​លម្អៀង ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ធ្វើ​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា​ក្នុង​គ្រួសារ​កីឡា​កា​រ៉ា​តេ និង​ភាព​សុខដុម​រមនីយ​កម្ម​កា​រ៉ា​តេ​ឡើងវិញ​ផងដែរ​។ ព្រោះ​ការកាត់ក្តី​មិន​យុត្តិធម៌ និង​ប្រកាន់​បក្ខពួក វា​ជា​ចលករ​អាក្រក់​ក្នុងការ​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង សាមគ្គីភាព​រវាង​ក្លិប​និង​ក្លិប និង​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​ក្នុងការ​ហ្វឹកហាត់​ជាដើម​។ 
 
​ក្នុងឱកាស​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ត​ដាស់តឿន​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក​នៃ​សហព័ន្ធ ក្លិប​សមាគម​រួបរួម​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​លើ​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០២៣​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ ក៏បាន​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ផងដែរ​។ ផែនការ​ទាំងនោះ​រួមមាន សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ពីរ​ចំនួន​ពីរ​នៅ​ចុងឆ្នាំ​២០២០ និង​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២២​។ ការប្រកួត Pre-SEA Games នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​កីឡាការិនី ក៏ដូចជា​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​កម្ពុជា ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​របស់​ប្រទេសជិតខាង​ជាដើម​។ 


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងសកម្មភាពប្រកួតក្នុងជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០, រូបភាពពី Cambodia SEA Games 2023 

​លើសពីនេះ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ បាន​ហៅ​គ្រូបង្វឹក​បរទេស​ចំនួន​ពីររូប គឺ​ជនជាតិ​អ៊ីរ៉ង់​១​រូប និង​ជនជាតិ​ជប៉ុន​១​រូប មក​បង្វឹក​នៅ​កម្ពុជា​។ គ្រូបង្វឹក​ជន​អ៊ីរ៉ង់ Hassan នឹង​បង្វឹក​លើ​វិ​ញ្ញា​ប្រយុទ្ធ ខណៈ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Shoki Toyarma បង្វឹក​លើ​វិញ្ញាសា​មេគុន​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន បើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅលើ​ពិភពលោក​មាន​ភាព​ធូរស្បើយ សហព័ន្ធ នឹង​ស្វែងរក​ឱកាស​ជាមួយ​ប្រទេស​ជា​មិត្ត ដែលមាន​សក្តានុពល​លើ​ប្រភេទ​វិញ្ញាសា​កា​រ៉ា​តេ ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ទីនោះ​។ តែបើ​ស្ថាន​ភាពមិន​អំណោយផល កម្ពុជា នឹង​បន្ត​ហៅ​គ្រូបង្វឹក​បរទេស​ដែលមាន​គុណភាព​ខ្ពស់​មក​បង្វឹក​នៅ​កម្ពុជា​។ 
 
​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​កា​រ៉ា​តេ​ឆ្នាំ​២០២០ មាន​ប្រតិភូ អត្ត​ព​លិ​ក​ចំនួន​២៣៦​នាក់​មកពី​២៣​ក្លិប​សមាគម​ចូលរួម ដោយ​ពួកគេ​ប្រកួតប្រជែង​គ្នា​លើ​៣៤​វិញ្ញាសា​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​ចន្លោះ​ពីថ្ងៃ​ទី​២៣-២៥ តុលា អត្ត​ព​លិ​ក​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​លោក អូន ព័ន្ធមុន្នីរ័ត្ន លើ​ភាព​រីកចម្រើន​ផ្នែក​សមត្ថភាព និង​បច្ចេកទេស​៕  
 

Tag:
 កា​រ៉ា​តេ​
  អូន ព័ន្ធមុនីរ័ត្ន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com