អន្តរជាតិ
ព្យុះ​ម៉ូ​ឡាវ បង្ក​ឲ្យ​មនុស្ស​២​នាក់​បាត់​បង់ជីវិត និង​២៦​នាក់​បាត់​ខ្លួន​នៅ​វៀតណាម​
28, Oct 2020 , 4:06 pm        
រូបភាព
រូបភាព៖ VnExpress
រូបភាព៖ VnExpress
​ប្រជាជន​វៀតណាម​យ៉ាងហោចណាស់​២​នាក់ បាន​បាត់​បង់ជីវិត និង​២៦​នាក់​ទៀត​បាន​បាត់​ខ្លួន ដោយសារតែ​ព្យុះ​ម៉ូ​ឡាវ ដែល​បាន​បោកបក់​មកលើ​ភាគ​កណ្តាល​របស់​វៀតណាម​នៅ​ថ្ងៃទី​២៨ ខែតុលា​។



​ព្យុះ​ម៉ូ​ឡាវ បានចាប់ផ្តើម​បោកបក់​មកលើ​ភាគ​ខាង​កណ្តាល​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៨ ខែតុលា​។ កម្លាំង​ខ្យល់ អាចមាន​ល្បឿន​រហូតដល់ ១៤៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ប្រជាជន​វៀតណាម ប្រមាណ ៣៧៥០០០ នាក់ ត្រូវ​ជម្លៀស​រក​កន្លែង​សុវត្ថិភាព ចំណែក​ជើងហោះហើរ​ត្រូវបាន​លុបចោល​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​វៀតណាម VTV អាកាសយានដ្ឋាន​យ៉ាងហោចណាស់​៥ ត្រូវ​ផ្អាក សាលារៀន​និង​សេវា​រថភ្លើង​ត្រូវ​បិទ​។ 
 
​ទាក់ទិន​នឹង​កម្លាំង​ខ្យល់​ខ្លាំង​បែបនេះ មនុស្ស​យ៉ាងហោចណាស់​ចំនួន ២​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ខេត្ត​Quang Ngai ក្នុងអំឡុងពេល​អ្នក​ទាំ​ង​នោះ កំពុង​ការពារ​ផ្ទះសម្បែង​របស់ខ្លួន​។ កម្លាំង​ព្យុះ​ដ៏​ខ្លាំង ដែល​មិន​ធ្លាប់​កើតមាន​នៅ​វៀតណាម​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ក៏បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន ២៦​នាក់​បាត់​ខ្លួន​ផងដែរ នៅក្នុង​ខេត្ត​Binh Dinh ដោយសារតែ​លិច​ទូក​។ បើតាម​អាជ្ញាធរ​វៀតណាម អ្នក​ទាំងអស់នោះ គឺជា​អ្នកនេសាទ​។ 
 
​បន្ថែម​ពីលើ​នេះ ផ្ទះសម្បែង​មួយចំនួន ក៏បាន​បំផ្លាញ​ក្នុង​ព្យុះ​ម៉ូ​ឡាវ​នេះ​ផងដែរ​។ បញ្ហា​នេះ អាជ្ញាធរ​វៀតណាម បាន​ប្រាប់​ប្រជាជន​ឲ្យ​នៅក្នុង​ផ្ទុះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ណាមួយ​។ 
 
​អង្គការ​កាកបាទក្រហម​បាន​ព្រមាន​ថា មនុស្ស​ជិត ១,២​លាន​នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​ត្រូវការ​ជំនួយ​។ បើតាម​ការអះអាង​រប​ស់លោក Nguyen Thi Xuan Thu ប្រធាន​កាកបាទក្រហម​វៀតណាម ខ្យល់ព្យុះ និង​ទឹកជំនន់​ឥត​ស្រាកស្រាន្ត បាន​បង្ក​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន ហើយ​ថែមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ និង​លំនៅដ្ឋាន​របស់​ពួកគេ​ថែម​នេះ​។ 
 
​ចំណែក​អ្នកនាំពាក្យ​កាកបាទក្រហម​អន្តរជាតិ លោក Christopher Rassi លើកឡើងថា ភាព​ឥត​ស្រាកស្រាន្ត​នៃ​ព្យុះ​នេះ គឺជា​ឧទាហរណ៍​នៃ​ផលប៉ះពាល់​ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ​។ 
 
​សូមបញ្ជាក់ថា វៀតណាម ទើបតែ​រងគ្រោះ​ដោយសារ ព្យុះ និង​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ ហើយ​មាន​ប្រជាជន​ចំនួន ១៣៦​នាក់ បាន​បាត់​បង់ជីវិត និង​មនុស្ស​មួយចំនួន​បន្ត​បាត់​ខ្លួន ខណៈ​ទ្រព្យសម្បត្តិ​ជាច្រើន​ត្រូវ​បំផ្លាញ​៕ 

Tag:
 វៀតណាម​
  ព្យុះ​ម៉ូ​ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com