ជាតិ
​យុទ្ធនាការ​ស្តារឡើងវិញ​នៃ​ដំណាំ​កសិកម្ម​ផ្តើម​ពី​សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​
29, Oct 2020 , 7:59 am        
រូបភាព
លោក វេង សាខុន (អាវខ្មៅ) ចុះវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មក្នុងខេត្តសៀមរាប រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
លោក វេង សាខុន (អាវខ្មៅ) ចុះវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មក្នុងខេត្តសៀមរាប រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
ដោយ:
​ក្រោយ​ទឹកជំនន់​មានការ​ធូរស្រាល​បន្តិច​ម្ដងៗ ថ្នាក់ដឹកនាំ​នៃ​ក្រសួងកសិកម្ម ចាប់ផ្ដើម​យុទ្ធនាការ​ស្ដារឡើងវិញ និង​បំពេញបន្ថែម​ចំពោះ​ដំណាំ​កសិកម្ម ដែល​បាន​ខូចខាត​អំឡុង​គ្រោះទឹកជំនន់​។ ក្រសួងកសិកម្ម បានកំណត់​គោលដៅ​ដំបូង គឺ​ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ២៧ ខែតុលា​។​

 
​នៅ​ថ្ងៃទី​២៧ តុលា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចុះ​វាយតម្លៃ​លើ​ផលប៉ះពាល់ និង​ខូចខាត​ជារួម​នៃ​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ ដោយសារ​ជំនន់​ទឹកភ្លៀង និង​នាំយក​ពូជស្រូវ ពូជ​ដំណាំ ពូជ​ត្រី និង​កង្កែប​ទៅ​ចែកជូន​ប្រជាកសិករ​តាម​ខេត្ត​គោលដៅ​ទាំង​៤​។ បើតាម​លោក វេ​ង សាខុន បេសកកម្ម​ដំបូង​នា​ខេត្តសៀមរាប បាន​នាំយក​ពូជស្រូវ និង​ពូជ​បន្លែ ដើម្បី​ចែកជូន​កសិករ​ដែលរ​ង​គ្រោះ​ចំនួន​២០០​គ្រួសារ​។ ក្នុងនោះ​គ្រួសារ​នីមួយៗ​ទទួលបាន​ស្រូវពូជ ១០០​គីឡូ និង​ពូជ​បន្លែ​មួយចំនួន ដូចជា ពូជ​ពោតតំណើប ត្រប់វែង សណ្តែកកួរ និង​គ្រាប់ពូជ​ស្ពៃចង្កឹះ​។ 
 
​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា​៖ «​នេះ​ជា​ពូជ មិនគួរ​យកទៅ​បុក ឬ​កិន​យក​អង្គរ​មក​បរិភោគ​នោះទេ ផ្ទុយទៅវិញ​ត្រូវ​យកទៅ​ដាំ​ដុះ​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​ជា​ពូជ​មិន​ប្រកាន់​រដូវ និង​អាយុកាល​ខ្លី ហើយ​សង្ឃឹមថា បងប្អូន​នឹង​យក​ពូជ​នេះ​ទៅ​ដាំ​ដុះ​បាន​ផល​ផ្លែផ្កា គ្រាន់​ទុកជា​ស្បៀង​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយក៏​គួរ​ដាំ​បន្លែ ដំណាំ​រួមផ្សំ និង​ចិញ្ចឹម​មាន់ ឬ​ត្រី​បន្ថែម ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​»​។ រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​ផ្ទាល់​ដើម្បី​មានការ​យោគយល់​ចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយយោង​លើ​ហេតុផល​ជាក់ស្តែង​។ 
 
​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃទី​២៨ ខែតុលា ពលរដ្ឋ​សរុប​៤៤​នាក់ បាន​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​គ្រោះទឹកជំនន់ និង​ជិត​៦០​ម៉ឺន​នាក់ រង​ការប៉ះពាល់ ក្នុងនោះ​មាន​ជាង​៤​ម៉ឺន​៧​ពាន់​នាក់ ត្រូវបាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ 
 
​ផ្ទះ​ជាង​១៣​ម៉ឺន​៥​ពាន់​ខ្នង រង​ការប៉ះពាល់ ហើយ​ក្នុងចំណោម​នោះ មាន​៦៣​ខ្នង ត្រូវ​ខូចខាត ខណៈ​សាលារៀន មាន​៩៥១​កន្លែង និង​វត្ត​អារាម​ចំនួន​៣០៧​កន្លែង ត្រូវបាន​លិច​ទឹក ។ ចំពោះ ស្រូវ​វិញ មាន​ជាង​២៨​ម៉ឺន​៤​ពាន់​ហិកតា រួមទាំង​ដំណាំ​ផ្សេងៗ​ទៀត មាន​ជាង​៩​ម៉ឺន​៧​ពាន់​ហិកតា ត្រូវ​លិច​ទឹក​។​
 
​ដោយឡែក ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម បូក​បញ្ចូល​គ្នា​មាន​ប្រវែង​៦២៧​គីឡូម៉ែត្រ និង​ផ្លូវលំ​នានា​តាម​ជនបទ មាន​ប្រវែង​ជាង​១,៦​ពាន់​គីឡូម៉ែត្រ ទំនប់​ប៉ះពាល់​៤៩​គីឡូម៉ែត្រ ប្រឡាយ​មេ ប្រឡាយ​រង និង​ប្រឡាយ​ស្រោចស្រព​សរុប​ចូលគ្នា​ចំនួន​៦៨៩​គីឡូម៉ែត្រ រួមទាំង​បាក់​ច្រាំងទន្លេ​២១៩៥​ម៉ែត្រ​។  
 
​បច្ចុប្បន្ន​រាជធានី​-​ខេត្ត ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ មាន​២០​រាជធានី​ខេត្ត​ក្រុង គឺ​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

Tag:
 ​កសិកម្ម​
 ​ជំនន់​
 ​ស្រូវ​
 ​ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com