អន្តរជាតិ
បារាំង​និង​អាល្លឺម៉ង់ បិទ​ប្រទេស​ជាថ្មី ខណៈ​កូ​វីដ​-១៩​រាតត្បាត​ខ្លាំង​នៅ​អឺរ៉ុប​
29, Oct 2020 , 9:29 pm        
រូបភាព
មនុស្សពាក់ម៉ាស់ការពារ ដើរតាមផ្លូវនៅទីក្រុង Frankfurt អាល្លឺម៉ង់ កាលពីថ្ងៃទី ២៧ ខែតុលា ។ រូបភាព៖ Reuters
មនុស្សពាក់ម៉ាស់ការពារ ដើរតាមផ្លូវនៅទីក្រុង Frankfurt អាល្លឺម៉ង់ កាលពីថ្ងៃទី ២៧ ខែតុលា ។ រូបភាព៖ Reuters
ដោយ:
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បានចេញ​បញ្ជា​ឲ្យ​បិទ​ប្រទេស​ពួកគេ​ឡើងវិញ នៅ​ថ្ងៃទី ២៨ ខែតុលា ខណៈ​រលក​ទី​២​ដ៏​ធំ​សម្បើម នៃ​ជំងឺ​កូ​វីដ​-១៩ បាន​គំរាមកំហែង​ខ្លាំង​លើ​តំបន់​អឺរ៉ុប មុន​រដូវរងារ​ចូលមក​ដល់​។

 
​ថ្លែង​ក្នុង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍ លោក ម៉ា​ក្រុង គូសបញ្ជាក់ថា ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​រាលដាល​នៅ​ល្បឿន​អាក្រក់​បំផុត ហើយ​ប្រទេសជិតខាង​បារាំង​ទាំងអស់ ក៏​កំពុង​ហ៊ុមព័ទ្ធ​ដោយ​ល្បឿន​ឆ្លង​យ៉ាង​លឿន​នៃ​ជំងឺ​នេះ​ផងដែរ​។ 
 
«​យើងទាំងអស់គ្នា [​តំបន់​អឺរ៉ុប​] ស្ថិតនៅ​ស្ថានភាព​ដូចគ្នា ហើយ​នោះ​គឺ​រងគ្រោះ​ដោយ​រលក​ទី​២ [​នៃ​ជំងឺ​កូ​វីដ​-១៩] ដែល​យើង​ដឹងថា​នឹង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​គ្រោះថ្នាក់​ខ្លាំង​ជាង​រលក​ទី​១​ទៅទៀត​»​។ លោក​ប្រធានាធិបតី លើកឡើង​បែបនេះ មុននឹង​សង្កត់ធ្ងន់ថា ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​បិទ​ប្រទេស​ឡើងវិញ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​ក្រោម​វិធានការ​បារាំង​ថ្មី​ដែល​ចូល​ជា​ធរមាន​នា​ថ្ងៃទី ៣០ ខែតុលា ពលរដ្ឋ​បារាំង​នឹង​តម្រូវ​ឲ្យ​ស្នាក់​នៅផ្ទះ លើកលែងតែ​ទិញ​ទំនិញ​ចាំបាច់ ទៅពិនិត្យ​សុខភាព ឬ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​។ ប្រជាជន​បារាំង នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចេញទៅ​ធ្វើការ ប្រសិនបើ​ថោ​កែ​ពួកគេ​អះអាងថា ការងារ​ពួកគេ​ពុំ​អាច​ធ្វើទៅ​ពី​ផ្ទះ​បានទេ​នោះ​។ ដោយឡែក សាលារៀន នឹង​បន្ត​បើកទ្វារ​។ 
 
​យ៉ាងណាមិញ ពលរដ្ឋ​បារាំង​ណា​ម្នាក់ ដែល​ចង់​ចាក​ចេញពីផ្ទះ នឹងត្រូវ​ភ្ជាប់​ឯកសារ​បញ្ជាក់ តាម​ខ្លួន ដែល​អាច​ត្រូវ​ត្រួតពិនិត្យ​ដោយ​សមត្ថកិច្ច​។ 
 
​ដូចគ្នា​នឹង​បារាំង​ដែរ រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បិទ​ហាង​ស្រា ភោជនីយដ្ឋាន និង​រោងភាពយន្ត ចាប់ពី​ថ្ងៃទី ២ ដល់ ៣០ ខែវិច្ឆិកា​។ យ៉ាងណាមិញ សាលារៀន នឹង​បន្ត​បើកទ្វារ​ដដែល ខណៈ​ហាង​ទំនិញ​នានា នឹងត្រូវ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​តាម ជាមួយ​ការ​រឹតត្បិត​មួយចំនួន​។ 
 
«​យើង ត្រូវ​ចាត់​សកម្មភាព​ឥឡូវនេះ​» ។ អ្នកស្រី​អធិការបតី អែន​ជែ​ឡា មឺ​ហ្គែ​ល អះអាង​បែបនេះ ដោយ​បន្ថែមថា ប្រព័ន្ធ​សុខាភិបាល​អាល្លឺម៉ង់ នៅតែ​អាច​ទប់ស្កាត់​បញ្ហា​ប្រឈម​បច្ចុប្បន្ននេះ​បាន ក៏ប៉ុន្តែ​ស្ថិតក្នុង​ល្បឿន​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ វា​នឹង​ឈានដល់​កម្រិត​កំណត់​នៃ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ 
 
​ផ្សារ​ហ៊ុន​ពិភពលោក បាន​ដាំ​ក្បាល​ចុះ​យ៉ាងគំហុក ឆ្លើយតប​នឹង​ដំណឹង​ដែល​ប្រទេស​២​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប បានប្រកាស​បិទ​ប្រទេស ដោយសារ​ការផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩​។   
 
​តួលេខ​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ខែតុលា បាន​បង្ហាញថា អឺរ៉ុប​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ១,៣​លាន​ករណី​ក្នុងពេល​៧​ថ្ងៃ​ចុងក្រោយ ជិត​ពាក់កណ្ដាល​ករណី​ឆ្លង​ដែល​រាយការណ៍​ទូទាំង​ពិភពលោក ដែល​ស្មើ​២,៩​លាន​ករណី​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២៩ ខែតុលា បារាំង មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ១,២​លាន​ករណី​ក្នុងនោះ​ជាសះស្បើយ មាន​ជាង​១១​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​៣៥៥៤១​នាក់​។ ចំណែក អាល្លឺម៉ង់ មាន​ករណី​ឆ្លង​សរុប​ជាង​៤៨,៧​ម៉ឺន​ករណី ក្នុងនោះ​ជាសះស្បើយ​មាន​ជាង​៣៣,៦​នាក់ ខណៈ​អ្នក​ស្លាប់មាន​ជាង​១​ម៉ឺន​នាក់​។​
 
​បច្ចុប្បន្ន ពិភពលោក មាន​ករណី​ឆ្លង​សរុប ៤៤​លាន​ករណី ក្នុងនោះ​ជាង​២៩,៨​លាន​នាក់​ជាសះស្បើយ ខណៈ​មាន​អ្នកស្លាប់​១,១៧​លាន​នាក​៕

Tag:
 បារាំង​
  អាល្លឺម៉ង់​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អែន​ជែ​ឡា មឺ​ហ្គែ​ល
© រក្សាសិទ្ធិដោយ thmeythmey.com