អន្តរជាតិ
Rolf Buchholz បុរស​ដែល​ប្តូរ​រូបរាង និង​សាក់​ច្រើនជាងគេ​បំផុត​លើ​លោក​
31, Oct 2020 , 8:39 am        
រូបភាព
ដោយ: ធីតា
​បុរស​អាល្លឺម៉ង់​អាយុ​៦០​ឆ្នាំ ក្លាយជា​ម្ចាស់​កំណត់ត្រា​ពិភពលោក Guinness World Record ក្នុងនាម​ជាម​នុស្ស​ដែល​ប្តូរ​រូបរាង វះកាត់ និង​ចោះ​សាក់​ច្រើនជាងគេ​បំផុត​លើ​លោក​។ នា​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ លោក​បាន​ផ្លាស់ប្តូរ​រូបរាង​ខ្លួន​ដល់​ទៅ​៥១៦​លើក​។ នេះ​បើតាម​ការផ្សាយ​របស់ Euro Weekly News​។​

 
​លោក Rolf Buchholz បានប្រកាសថា ខ្លួនឯង​ជា​បុគ្គល​សាធារណៈ ក្រោយ​មានឈ្មោះ​ក្នុង​សៀវភៅ Guinness World Record តាំងពី​ឆ្នាំ​២០១០ មក ដោយ​កាលណោះ លោក​បាន​ចោះ​ដូរ​រូបរាងកាយ ចាក់​សាច់ និង​ដាំ​បង្គោល​ផ្សេងៗ ចំនួន​៤៥៣​លើក​។​
 
 
​ក្រោយ​មិន​ឈ្មោះ​ល្បីល្បាញ លោក Rolf នៅតែ​បន្ត​ផ្លាស់ប្តូរ​រូបរាងកាយ​ខ្លួន រហូត​សរុប​ទៅដល់​៥១៦​លើក ដែល​ក្នុងនោះ​មាន ការ​ចោះ​សាច់​៤៨១​លើក ដោយ​៣៧​លើក​នៅ​បរិវេណ​ចិញ្ចើម និង​១១១​លើក​បរិវេណ​មាត់​។ ជាមួយគ្នានេះ លោក​បាន​វះកាត់​ដាក់​ជា​ស្នែង​ចំនួន​២​លើក ធ្វើ​អណ្តាត​ឲ្យ​ព្រែក​១​លើក និង​ដាំ​បង្គោល​ម៉ាញ៉េ​ទិច​លើ​ដៃ​ចំនួន​៥​លើក​។ ការចាក់​សាក់​គ្របដណ្តប់​៩០​ភាគរយ​លើ​ដងខ្លួន​របស់គាត់​ទាំងមូល​។​
 
​លោក Rolf ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​នៅ​អាល្លឺម៉ង់ បាន​អះអាងថា នៅមុន​អាយុ​៤០​ឆ្នាំ គាត់​មិនដែល​ធ្លាប់​ប្តូរ​រូបរាង​ឡើយ ប៉ុន្តែ​២០​ឆ្នាំ​ចុង​ក្រោយនេះ លោក​ពេញចិត្ត​យ៉ាងខ្លាំង​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​អះអាងថា​៖«​ការផ្លាស់ប្តូរ​រូបរាង គឺ​ត្រឹមតែ​ជា​រូបភាព​ខាងក្រៅ​ប៉ុណ្ណោះ វា​មិនអាច​ប្តូរ​ខ្ញុំ​បានឡើយ ព្រោះ​ខ្ញុំ​នៅតែ​ជា​ខ្ញុំ​»​។​
 
​បើ​មិនមាន​ព្រឹត្តិការណ៍​រៀបចំ​ណាមួយ​សម្រាប់​លោក ដែលមាន​ការធានា​ត្រឹមត្រូវ​ទេនោះ លោក Rolf ពិតជា​ពិបាក​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​តែម្នាក់ឯង ដោយសារ​មុខមាត់​របស់លោក មិន​ដូច​ក្នុង​រូបថត​ឯកសារ​សម្រាប់​ធ្វើដំណើរ​។ កាលពី​ឆ្នាំ​២០១៤ លោក​ក៏​ត្រូវបាន​បណ្តេញ​ចេញពី​អាកាសយានដ្ឋាន Dubai ផងដែរ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com