អន្តរជាតិ
ការស្រាវជ្រាវ​នៅ​អង់គ្លេស​បង្ហាញថា​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វីដ​១៩ ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​
29, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ អ្នកវិទ្យាសាស្ត្រ​កាន់​ឈាម​មួយ​បំពង់​សម្រាប់​ធ្វើតេស្ត​រក​អង់​ទីករ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពិសោធន៍ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ អ្នកវិទ្យាសាស្ត្រ​កាន់​ឈាម​មួយ​បំពង់​សម្រាប់​ធ្វើតេស្ត​រក​អង់​ទីករ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពិសោធន៍ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។​
ដោយ: VOA
​ការសិក្សា​ថ្មី​មួយ​ទៅលើ​ប្រជាជន​អង់គ្លេស​បង្ហាញថា អង្គ​បដិបក្ខ​ឬ​អង់ទីគ័រ​ការពារ​មេរោគ​ក្នុង​សារពាង្គកាយ​មនុស្ស ដើម្បី​ទប់ទល់​ជំងឺ​កូ​វីដ​១៩​នោះ មានការ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស ក្នុងចំណោម​ពលរដ្ឋ​ជនជាតិ​អង់គ្លេស ក្នុង​រដូវក្តៅ​កន្លងទៅនេះ ដែល​នេះ​បង្ហាញថា ភាពស៊ាំ​ប្រឆាំងនឹង​វីរុស​ដែល​បង្ក​ជំងឺ​កូ​វីដ​១៩​ក្នុង​រាងកាយ​របស់​ពួកគេ មិន​ស្ថិតស្ថេរ​បានយូរ​នោះទេ​។​

 
​ការសិក្សា​ស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង ដោយ​មហាវិទ្យាល័យ Imperial ក្រុង​ឡុង​ដ៍ និង​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដែល​ក្នុងនោះ​រួមមាន​ការធ្វើ​តេស្ត​សាកល្បង​ទៅលើ​ជនជាតិ​អង់គ្លេស​ចំនួន​ជាង​៣៦៥.០០០​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​២០ ខែមិថុនា ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ​។​
 
​ក្នុងការ​រកឃើញ​នោះ អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ការធ្វើ​តេស្ត​ជួស​ឈាម​ពី​ម្រាម​ចង្អុលដៃ​អ្នកចូលរួម ដោយបាន​រកឃើញថា អង់ទីគ័រ​វិជ្ជមាន​ស​ម្រា​ប់​ប្រឆាំង​មេរោគ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង​២៦% ក្នុងអំឡុងពេល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​។​
 
​លទ្ធផល​នេះ ក៏បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​អង់ទីគ័រ​ការពារ​កូ​វីដ​១៩​ក្នុង​រាងកាយ​ពលរដ្ឋ​អង់គ្លេស នៅ​មុនពេល​ការផ្ទុះ​ឆ្លង​ជា​លើក​ទី​២​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ដែល​បាន​បង្ខំ​ឲ្យ​មានការ​រឹតបន្តឹង​ឡើងវិញ និង​ការបិទ​តំបន់​មួយចំនួន​ក្នុង​មូលដ្ឋាន​។​
 
​អ្នកស្រាវជ្រាវ​បញ្ជាក់ថា គេ​មិន​ច្បាស់​ថា តើ​រាងកាយ​មនុស្ស​ត្រូវការ​អង់ទីគ័រ​ការពារ​ក្នុង​កម្រិត​ប៉ុណ្ណា ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩​បាន​នោះ​។​
 
​យ៉ាងនេះ​ក្តី អ្នកស្រាវជ្រាវ​ថា ការសិក្សា​នេះ បានបង្ហាញ​ជាថ្មី​ថា​មាន​ភាពចាំបាច់​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​ដែលមាន​ប្រសិទ្ធភាព ដើម្បី​អាច​គ្រប់គ្រង​ការ​រាតត្បាត​នៃ​កូ​វីដ​១៩​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com