COVID-19
អន្តរជាតិ
ប្រមាណ​ជាង​១០​ខែ ករណី​កូ​វីដ​-19 របស់​ពិភពលោក​កើន​ជាង ៤៥​លាន​ករណី​
30, Oct 2020 , 9:40 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​-19 សរុប​ជាង ៤៥​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ជិត​១,២​លាន​នាក់​។ អាមេរិក​នៅតែ​បន្ត​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ស្របពេល​ឥណ្ឌា​កំពុង​តាម​ពីក្រោយ​។



​មកទល់ពេលនេះ វា​មាន​រយៈពេល​ប្រមាណ​ជាង​១០ ខែ មកហើយ ដែល​កូ​វីដ​-១៩ បាន​អុកឡុក​សកលលោក​។ មនុស្ស​ជាច្រើន​ពាន់​លាន​នាក់ ត្រូវ​ផ្លាស់ប្តូរ​របៀប​រស់នៅរ​បស់​ខ្លួន ទីក្រុង​មួយចំនួន នៅតែ​បន្ត​ដាក់​បម្រាម​រឹតត្បិត ការរក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​ការ​រាតត្បាត​ជំងឺឆ្លង​សកល​មួយ​នេះ​កាន់តែខ្លាំង​។ 
 
​តាម​ទិន្នន័យ​របស់​​​ Worldometer ពិភពលោក គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា មាន​ករណី​កូ​វីដ​-១៩ សរុប​ជាង ៤៥​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ជាង ១,១៨១,២៩៦​ ​នាក់​។ បើទោះបីជា​ពិភពលោក​មិនទាន់​រកឃើញ​វ៉ាក់សាំង​ក៏ដោយ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ប្រទេស​នីមួយៗ​អាចជួយ​ព្យាបាល​ប្រជាជន​ឲ្យ​ជាសះស្បើយ​ពី​កូ​រ៉ូ​ណា​វីរុស​នេះ ប្រមាណ​ជិត ៣៣​លាន​នាក់​។ 
 
​ក្នុងចំណោម​ប្រទេស​ទាំងអស់ អាមេរិក​នៅតែមាន​ករ​ណី​ឆ្លង​កូ​វីដ​-១៩​សរុប​ច្រើនជាងគេ ពោល​គឺមាន​ចំនួន​ជាង ៩​លាន​ករណី។ ចំណែក​ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​២ មាន​ករណី​ឆ្លង​ជាង ៨​លាន​ករណី និង​ប្រេ​ស៊ី​ល​ឈរ​នៅ​លំដាប់​ទី​៣ មាន​ជាង ៥​លាន​ករណី​។ ដោយឡែក ចិន​ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដំបូង​គេ បាន​ធ្លាក់​មកឈរ​នៅ​លំដាប់​ទី​៥៥ និង​មាន​ករណី​ឆ្លង​សរុប ៨៥៩១៥​ករណី​។ 
 
​រីឯ​នៅក្នុង​តំបន់​អាស៊ាន​វិញ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន មាន​ករណី​ឆ្លង​ច្រើនជាងគេ និង​ផ្លាស់ប្តូរ​តំណែង​គ្នា​ឈរលើ​កំពូល​តារាង​ម្នាក់​ម្តង​។ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​សរុប​ជាង ៤០​ម៉ឺន​ករណី ខណៈ​ហ្វីលីពីន​មាន​ជាង ៣៧​ម៉ឺន​ករណី​។ ប្រទេស​ដែលមាន​ករណី​ឆ្លង​តិចជាងគេ​ក្នុង​តំបន់​អាស៊ាន​គឺ​ឡាវ ស្របពេល​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​៨ និង​មាន​ករណី​ឆ្លង​សរុប​ចំនួន ២៩០​ករណី​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com