COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា​រៀបចំ​បោះឆ្នោត​មុខ​ថ្ងៃ​កំណត់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 លើ​មនុស្ស​ចាស់​
30, Oct 2020 , 1:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី បោះឆ្នោតនៅក្នុងមណ្ឌលមួយ ក្នុងទីក្រុងណៃពិដោ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី បោះឆ្នោតនៅក្នុងមណ្ឌលមួយ ក្នុងទីក្រុងណៃពិដោ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ រូបភាព៖ AFP
​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៩ ខែតុលា បានរៀបចំ​ការបោះឆ្នោត​មុខ​ថ្ងៃ​កំណត់​នៅតាម​មណ្ឌល​មួយចំនួន សម្រាប់​ប្រជាជន ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ ក្នុងការ​បោះឆ្នោត​មុខ​ពេល​កំណត់​នេះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក U Win Myint ក៏បាន​ចូលរួម​ផងដែរ​។



​ស្ថានភាព​COVID-19 នៅ​មី​យ៉ាន់​ម៉ា មិនទាន់​ធូរស្រាល​នៅឡើយ​ទេ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​ជិត​មកដល់​។ បញ្ហា​នេះ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ​(UEC) បានចេញ​វិធានការ​ជាច្រើន ដើម្បី​បង្ការ​ករណី​ឆ្លង​កើនឡើង ឬ​ផ្ទុះ​នៅតាម​មណ្ឌលបោះឆ្នោត​។ បន្ថែម​ពីលើ​នេះ ដើម្បី​ការពារ​ប្រជាជន​ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ មី​យ៉ាន់​ម៉ា បានសម្រេច​រៀបចំ​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​សម្រាប់​ក្រុមមនុស្ស​ចាស់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មី​យ៉ាន់​ម៉ា បានរៀបចំ​ការបោះឆ្នោត​មុន​ថ្ងៃ​កំណត់​នៅ​មណ្ឌល​នៅ​ទូទាំង​ក្រុង​យ៉ាំង​ហ្គោ​ន និង​តំបន់​ផ្សេងទៀត ដែល​រង​ការវាយប្រហារ​ដោយសារ​COVID-19​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន ប្រជាជន​មី​យ៉ាន់​ម៉ា​វ័យ ៧៣ បាន​អះអាងថា បើទោះបីជា​លោក​ភ័យខ្លាច​ឆ្លង​COVID-19 ក៏ដោយ ក៏​ការបោះឆ្នោត​នៅតែ​សំខាន់​ដដែល​។ 
 
​នៅក្នុង​ការបោះឆ្នោត​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក U Win Myint ក៏បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​នេះដែរ​។ លោកស្រី ស៊ូ​ជី បាន​បោះឆ្នោត​នៅ​មណ្ឌល​ក្នុង​ទីក្រុង​ណៃ​ពិដោ ខណៈ​លោក​ប្រធានាធិបតី ត្រូវ​បោះឆ្នោត​នៅ​មណ្ឌល​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ 
​ការបោះឆ្នោត​ថ្នាក់ជាតិ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០២០​នេះ មាន​មនុស្ស​ជាច្រើន​ជឿថា បក្ស​របស់​លោកស្រី ស៊ូ​ជី នឹង​បន្ត​ឈ្នះ​ដដែល​។ កន្លងមក គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា បាន​ហាម​ប្រជាជន​នៅក្នុង​រដ្ឋ​Rakhine ជាង​មួយ​លាន ក្នុងការ​បោះឆ្នោត ដោយសារតែ​បញ្ហា​សន្តិសុខ​។ បញ្ហា​នេះ បាន​រង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​បក្សប្រឆាំង និង​ប្រជាជន​ក្នុង​រដ្ឋ​Rakhine៕ 

Tag:
 ​មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com