អន្តរជាតិ
វៀតណាម៖ អ្នកស្លាប់កើនដល់ ៣៥នាក់ដោយសារព្យុះម៉ូឡាវ
30, Oct 2020 , 9:59 pm        
រូបភាព
អាជ្ញាធរវៀតណាម_កំពុងជួយសង្រ្គោះជនរងគ្រោះ_ដែលកំពុងជាប់ក្នុងដីបាក់។
អាជ្ញាធរវៀតណាម_កំពុងជួយសង្រ្គោះជនរងគ្រោះ_ដែលកំពុងជាប់ក្នុងដីបាក់។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា ប្រជាជនវៀតណាម ដែលបានបាត់បង់ជីវិតដោយសារព្យុះម៉ូឡាវ បានកើនដល់ ៣៥នាក់ហើយ ខណៈអ្នកបាត់ខ្លួនដោយសារបាក់ដី និងលិចទូក ដែលមានចំនួន  ៥៩នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់។



ព្យុះម៉ូឡាវ ត្រូវបានអាជ្ញាធរអះអាងថា គឺជាព្យុះដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង វាបានបង្កឲ្យមានការបាក់ដី និងលិចទូក នៅភូមិភាគកណ្តាលរបស់វៀតណាម។ 
 
មកទល់ពេលនេះ អាជ្ញាធរវៀតណាម អះអាងថា មនុស្សយ៉ាងហោចណាស់ ៣៥នាក់បានបាត់បង់ជីវិត ដែលក្នុងចំណោមនោះ មាន១២នាក់ស្លាប់ដោយសារលិចទូក និងមនុស្សមួយចំនួនទៀត ស្លាប់ដោយសារបាក់ដី។ ចំណែកអ្នកបាត់ខ្លួនបានកើនដល់ ៥៩នាក់ នៅថ្ងៃទី២៩ ខែតុលា ត្រូវបានអាជ្ញាធររកឃើញមួយចំនួនហើយ។ 
 
ទាក់ទិននឹងការបាត់ដីនេះ អាជ្ញាធរវៀតណាម កំពុងខិតខំយ៉ាងខ្លាំង ដើម្បីជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់នៅក្នុងដី ដែលបាក់នោះ។ តំបន់ ដែលមានដីបាក់ដីនេះ គឺភាគច្រើនកើតមាននៅក្នុងខេត្ត Quang Nam ភាគកណ្តាលរបស់វៀតណាម។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung ដែលបានធ្វើដំណើរទៅកន្លែងដីបាក់នោះ បានអះអាងថា អាជ្ញាធរវៀតណាម ត្រូវតែបញ្ជូនកម្លាំងឲ្យមកដល់កន្លែងដីបាក់នេះ ជាបន្ទាន់ និងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីជួយសង្គ្រោះប្រជាជន។ ចំណែកកងកម្លាំងជួយសង្រ្គោះ ក៏វៀតណាមបានបន្ថែមច្រើនជាងមុនផងដែរ។ 
 
សូមបញ្ជាក់ថា ព្យុះម៉ូឡាវនេះ បានបោកបក់មកលើវៀតណាម ចាប់ពីថ្ងៃទី២៨ ខែតុលា ហើយអាជ្ញាធរវាយតម្លៃថា ព្យុះនេះនឹងបន្តមានវត្តមានរហូតដល់ថ្ងៃទី៣១ ខែតុលា។ ដោយសារឥទ្ធិពលព្យុះនេះ ប្រជាជនវៀតណាមប្រមាណ ៤០ ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ខណៈផ្ទះសម្បត្តិ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានបំផ្លាញ៕ 
 

Tag:
 ព្យុះម៉ូឡាវ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com