COVID-19
ជាតិ
ប្រធានសមាគមសណ្ឋាគារកំពុងបារម្ភពីជោគវាសនានៃវិស័យសណ្ឋាគារក្នុងខេត្តសៀមរាប
× សៀមរាប៖ វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យវិស័យសណ្ឋាគារក្នុងខេត្តសៀមរាបបិទទ្វារទាំងស្រុង។ ប្រតិបត្តិករទេសចរ កំពុងរង់ចាំការវិលត្រឡប់របស់ភ្ញៀវទេសចរឡើងវិញដោយអន្ទះសា និងបារម្ភពីជោគវាសនានៃសណ្ឋាគាររបស់ពួកគេ ថាមិនដឹងអាចទ្រាំដល់ពេលណានោះទេ។ ប្រធានសមាគមសណ្ឋាគារប្រចាំខេត្តសៀមរាប លោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) លើកឡើងថា ម្ចាស់សណ្ឋាគារភាគច្រើនកំពុងប្រឹងប្រែងធ្វើឱ្យអាជីវកម្មពួកគេរស់បន្តទៀត បើទោះបីត្រូវរងការខាតបង់យ៉ាងណាក្ដីក្នុងកាលៈទេសៈនេះ។
សូមស្ដាប់បទសម្ភាសជាវីដេអូ រវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោក យ៉ូត ដាវីដហ្សាយា (David-Jaya PIOT) នាពិធីកិច្ចប្រជុំប្រចាំខែរបស់សមាគមសណ្ឋាគារកម្ពុជា នៅព្រឹកថ្ងៃទី២៧ តុលា ដែលធ្វើឡើងនៅភោជនីយដ្ឋានម្លិះ ខេត្តសៀមរាប
បើតាមការបញ្ជាក់ពីប្រធានសមាគមសណ្ឋាគារប្រចាំខេត្តសៀមរាប នៅខេត្តសៀមរាបមានអាជីវកម្មពាក់ព័ន្ធដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម ជាង៣០០កន្លែង។ នាបច្ចុប្បន្ននេះ សណ្ឋាគារដែលបើកដំណើរការឡើងវិញ មានប្រមាណ១០ភាគរយប៉ុណ្ណោះ ហើយចំណូលដែលពឹងលើទេសចរក្នុងស្រុកមិនអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃបានឡើយ។ លោក យ៉ូត ដាវីដហ្សាយា បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖« អ្នកខ្លះខ្ចីលុយពីធនាគារ លក់អចលនទ្រព្យ ...ដើម្បីទប់ទល់មិនឱ្យអូតែល (សណ្ឋាគារ) បិទទ្វារ»។
បន្ថែមពីនេះ ក្នុងនាមជាប្រតិបត្តិការទេសចរណ៍មួយរូប ដែលមានគ្រួសារបើកអាជីវកម្មសណ្ឋាគារតាំងពីឆ្នាំ ១៩៩៣ មក លោក យ៉ូត ដាវីដហ្សាយា ប្រាប់ថា លោកមានការសោកស្ដាយជាខ្លាំងដែលឃើញវិស័យសណ្ឋាគារនៅក្នុងខេត្តសៀមរាប ប៉ះពាល់ខ្លាំងជាងបណ្ដាខេត្តដទៃយ៉ាងដូច្នេះ។ យ៉ាងណា លោកកោតសរសើរចំពោះម្ចាស់សណ្ឋាគារមួយចំនួន ដែលប្រឹងប្រែងរក្សាសណ្ឋាគារឱ្យបន្ដរស់ឡើងវិញ ដើម្បីជួយវិស័យទេសចរណ៍ក្នុងខេត្ត ពិសេសជួយដល់បុគ្គលិក។
ក្នុងកិច្ចប្រជុំដែលមានម្ចាស់សណ្ឋាគារ និងអ្នកគ្រប់គ្រងសណ្ឋាគារ ក្នុងជុំវិញខេត្តសៀមរាប ចូលរួមប្រមាណជាង១០០នាក់ អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ បានលើកទឹកចិត្តដល់ប្រតិបត្តិករទាំងអស់ឱ្យមានការអត់ធ្មត់ក្នុងកាលៈទេសៈនេះ ដ្បិតថា នេះជាបញ្ហាសម្រាប់សកលលោក។ លោកបានជុំវិញឱ្យវិស័យឯកជន រិះរកមធ្យោបាយដើម្បីទាក់ទាញទេសចរក្នុងស្រុក និងបង្កើតកញ្ចប់ទស្សនាផ្សេងៗ។ លើសពីនេះ លោកអភិបាលរង ក៏ស្នើឱ្យវិស័យឯកជនធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីដឹងសុខទុក្ខពីគ្នា ក៏ដូចជារិះរកដំណោះស្រាយដោះស្រាយឱ្យបានទាន់ពេលវេលាជាដើម។ល៕
Tag:
៖ វិស័យទេសចរណ៍ខេត្តសៀមរាប
សមាគមសណ្ឋាគារ
កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com