COVID-19
អន្តរជាតិ
​អ្នកភ្ជាប់​ពាក្យ​ជាង​២២.៥​ម៉ឺន​គូ ជាប់បំណុល​រួម​៣.៧​ពាន់​លាន​ដុល្លារ​ព្រោះ​រំសាយ​ពិធី​រៀបការ​
31, Oct 2020 , 10:59 pm        
រូបភាព
ដោយ: ធីតា
​នៅ​សហរដ្ឋអាមេរិក អ្នកភ្ជាប់​ពាក្យ​មួយគូ​ក្នុងចំណោម​៩​គូ គ្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំនេះ​។ តាម​ការវិភាគ​របស់​ក្រុមហ៊ុន​ផ្តល់​កម្ចី​អន​ឡាញ Loanry បង្ហាញថា អ្នកភ្ជាប់​ពាក្យ​ជាង​២២៥ ០០០​គូ មាន​បំណុល​រួម​សរុប ៣.៧​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​ការលុបចោល​គម្រោង​អាពាហ៍ពិពាហ៍ នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។​

 
«​ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​ស្មុគស្មាញ​បំផុត​សម្រាប់​គូស្រករ​ជាច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Ethan Taub ស្ថា​និក​ក្រុមហ៊ុន Loanry ដែល​មើលឃើញ​ពី​ការ​ផុង​ក្នុង​ប្រាក់កម្ចី ដោយសារ​ការលុបចោល​គម្រោង​អាពាហ៍ពិពាហ៍​។​
 
​ការវិភាគ​របស់ Loanry ផ្តោតលើ​កត្តា​ចំនួន​៥ ដែល​ក្នុងនោះ​រួមមាន តួលេខ​ជា​មធ្យម​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ  ភាគរយ​នៃ​ការពន្យា​ពេល​ពិធី​នៅ​ឆ្នាំនេះ តួលេខ​កម្ចី​ឯកជន​សម្រាប់​ពិធី​ដែល​បាន​ខ្ចី​រួច គម្រោង​ថវិកា​ជា​មធ្យម​សម្រាប់​ពិធី និង​អត្រា​កម្ចី​ជា​មូលដ្ឋាន​ដោយ​ផ្អែក​តាម​ទិ​ន្និ​ន័យ​ផ្ទាល់ខ្លួន​របស់ Loanry​។​
 
​កម្ចី​ដែល​មិន​ប្រើប្រាស់​តាម​គម្រោង​នោះ ដោយសារតែ​នា​អំឡុង​កូ​វីដ​-១៩ គូស្រករ​ជាច្រើន​បង្ខំចិត្ត​កាត់បន្ថយ​ចំនួន​ភ្ញៀវ  កាត់បន្ថយ​កម្មវិធី រួមទាំង​លុបចោល​គម្រោង​រាត្រី​ទឹកឃ្មុំ​របស់​ពួកគេ​។ គម្រោង​ដែល​ត្រូវ​ឆាចោល​នោះ ធ្វើ​ឲ្យ​គូស្រករ​ដែល​មិនទាន់​រៀបការ​ជាច្រើន​រង​សម្ពាធ​ហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់ធ្ងរ ដែល​ពិបាក​ដោះស្រាយ ហើយ​ការលើក​ពេល​ទៅ​ឆ្នាំ​២០២១ មានន័យថា ពួកគេ​ក៏ត្រូវ​បង្កើន​ផែនការ​ចំណាយ​បន្ថែមទៀត​ផងដែរ​។​
 
​យោងតាម Loanry កម្ចី​ជា​មធ្យម​សម្រាប់​ការចំណាយ​អាពាហ៍ពិពាហ៍​នៅ​សហរដ្ឋអាមេរិក មាន​១៦៥០០​ដុល្លារ​។ អ្នក​ដែល​រៀបចំ​ជីវិត​គូស្រករ​ដោយ​ខ្លួនឯង មិនអាច​គេចផុត​ពី​ការស្វែងរក​សេវា​កម្ចី​នោះឡើយ ហើយ​តួលេខ​កើន​យ៉ាងខ្លាំង​រវាង​ពី​ឆ្នាំ​២០១៨ ទៅ​ឆ្នាំ​២០១៩​។​
 
​របាយការណ៍​ក៏បាន​បង្ហាញ​ផងដែរ​ថា កាលពី​ឆ្នាំមុន កម្ចី​ឯកជន​មាន​ជាង​២០​លាន​កម្ចី​នៅ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ ១.៥​ភាគរយ ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​។ លោក Taub បាន​ណែនាំ​ថា​៖ «​ពេលនេះ យើង​ត្រូវ​គិតគូ​ឲ្យ​បាន​ខ្ពស់​លើ​កម្ចី​សម្រាប់​អាពាហ៍ពិពាហ៍ យើង​ក៏​មិន​លើកទឹកចិត្ត​នោះដែរ​»​។​
 
​ប៉ុន្តែ​ជាមួយគ្នានេះ ផងដែរ លោក Taub មើលឃើញ​ចំណុច​វិជ្ជមាន​សម្រាប់​អ្នកភ្ជាប់​ផ្សេងទៀត​ដែល​មិនបាន​រក​សេវា​កម្ចី​។ លោក​បាន​លើកឡើងថា ការ​រៀបការ​គ្រាន់តែ​ជា​ពិធី​ប៉ុណ្ណោះ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ផ្តោតទៅលើ​ការចំណាយ​តិច ឬ​ច្រើន​នោះដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com