សិល្បៈអន្តរជាតិ
អន្តរជាតិ
លោក Sean Connery តួ James Bond “007” ដំបូងគេបំផុត ស្លាប់ក្នុងអាយុ៩០ឆ្នាំ
01, Nov 2020 , 8:29 am        
រូបភាព
ដោយ: រួបរួម
Sir Thomas Sean Connery តារាភាពយន្តស្កុតឡេន ដែលសម្តែងជាតួអង្គចារកម្ម James Bond 007 មុនគេបំផុតនោះ បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ នៅប្រទេសបាហាម៉ា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ លោក Jason Connery ដែលជាកូនប្រុស បានអះអាងថា ឪពុកខ្លួនផុតដង្ហើមនៅក្នុងដំណេករបស់ខ្លួនតែម្តង ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពជំងឺពិតប្រាកដនោះឡើយ។



អត្ថបទទាក់ទង


លោក Sean Connery បានប្រឡូកក្នុងវិស័យភាពយន្តពីឆ្នាំ១៩៥៥ ដល់ឆ្នាំ២០០៣។ លោកធ្លាប់បានឈ្នះពានរង្វាន់អូស្ការកាលពីឆ្នាំ១៩៨៨ សម្រាប់តួក្នុងរឿង The Untouchables។ ក្រៅពីសម្តែងភាពយន្តរាប់សិបរឿង លោក Sean Connery ក៏ជាផលិតករភាពយន្តមួយរូបរហូតដល់ឆ្នាំ២០១២ផងដែរ។

លោកត្រូវបានគេស្គាល់ជាទូទៅថា ជាតួអង្គឯក James Bond ដំបូងបំផុត ដោយ៦រឿងក្នុងផលិតកម្មអង់គ្លេស EON Productions រួមមានរឿង Dr No (ឆ្នាំ១៩៦២), From Russia with Love (១៩៦៣),Goldfinger (១៩៦៤), Thunderball (១៩៦៥), You Only Live Twice (១៩៦៧) និង Diamonds are Forever (១៩៧១) រីឯរឿងទី៧ Never Say Never Again (១៩៨៣) សម្រាប់ផលិតកម្ម PSO International Taliafilm។

ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៣ លោក Sean Connery មានចំណងអាពាហ៍ពិពាហ៍ជាមួយតារាភាពយន្តអូស្ត្រាលី Diane Cilento ដែលមានកូនប្រុសឈ្មោះ Jason Connery កើតនៅឆ្នាំ១៩៦៣ ហើយក្រោយមកក្លាយជាតារាភាពយន្តផងដែរ។



ក្រោយបែកបាក់ពីភរិយាទីមួយ លោក Sean Connery បានរៀបការជាមួយអ្នកស្រី Micheline Roquebrune ដែលជាសិល្បការិនីផ្នែកគំនូរ ជនជាតិបារាំង។ ពួកគាត់រស់នៅជាមួយគ្នាជាង៤០ឆ្នាំរហូតដល់លោក Sean ទទួលមរណភាព។

លោក Sean និងអ្នកស្រី Micheline មិនមានកូនជាមួយគ្នានោះឡើយ ប៉ុន្តែពួកគាត់មានរៀងៗខ្លួនពីចំណងអាពាហ៍ពិពាហ៍មុន ដោយលោក Sean មាន Jason រីឯអ្នកស្រី Micheline មានកូនបី គឺ Oliver, Micha និង Stephane៕



© រក្សាសិទ្ធិដោយ thmeythmey.com