ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ថា ខ្លួនត្រូវការព័ត៌មានពិតពីអ្នកកាសែត ខណៈស្ថាប័នជាង៦០ ស្នើឱ្យបញ្ឈប់ការគំរាមកំហែង
02, Nov 2020 , 7:30 pm        
រូបភាព
ភ្នំពេញ៖ ស្ថាប័នកាសែត និងអង្គការសង្គមស៊ីវិល ជាង៦០ បានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែត តាមរយៈការចាប់ខ្លួន។ រដ្ឋាភិបាល អះអាងថា ការអនុវត្តច្បាប់លើអ្នកកាសែត ដោយសារពួកគេបង្កើតព័ត៌មាន «ញុះញង់» ដែលធ្វើឱ្យពលរដ្ឋស្អប់រដ្ឋាភិបាល ។


 
សង្គមស៊ីវិល ដែលមកពីស្ថាប័នផ្សេងគ្នាចំនួន៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារឱ្យរដ្ឋាភិបាល បញ្ឈប់សកម្មភាពយាយី អ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ប្រព័ន្ធច្បាប់។ សង្គមស៊ីវិលទាំងនោះ បានលើកយកករណីលោករស់ សុឃិត អ្នកបោះពុម្ពកាសែតជាតិខ្មែរ លោកសុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័រក្នុងខេត្តកំពង់ឆ្នាំង និងលោក រ៉ាត់ រ័ត្នមុន្នី អ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ីRT ដែលរងការចោទប្រកាន់ពីបទ«ញង់ញុះ»។ បច្ចុប្បន្នលោក រ៉ាត់ រ័ត្នមុន្នី អ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ីRT កំពុងជាប់ឃុំអស់២ឆ្នាំហើយ។
 
ក្រៅពីករណីអ្នកទាំង៣នេះ សង្គមស៊ីវិលទាំង៥៧ ក៏បានលើកបញ្ហាកាត់ទោសលោក សុវណ្ណ រិទ្ធី ដែលត្រូវបានផ្តន្ទាទោស១៨ខែ តែតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែ២៨ថ្ងៃ ខណៈទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរ (មិនឲ្យស្ថិតនៅក្នុងពន្ធនាគារ) មកបកស្រាយ។ ចំណែកអតីតអ្នកកាសែតអាស៊ីសេរី២នាក់ គឺលោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា , លោក អូន ភាព និងលោក Zsombor Peter អតីតអ្នកកាសែត The Cambodia Daily និងអ្នកកាសែតអនឡាញ៩នាក់ផ្សេងទៀត ក៏ស្ថិតនៅក្នុងការទាមទាររបស់សង្គមស៊ីវិល ដែលស្នើឱ្យទម្លាក់ការចោទប្រកាន់ពួកគេផងដែរ។
 
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល នៅថ្ងៃទី២ វិច្ឆិកា ដែលបង្ហាញពីក្តីបារម្ភលើការរិតដ្បិតសេរីភាពសារព័ត៌មាននោះ បានលើកឡើងដូច្នេះថា៖«យើងអំពាវនាវឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកកាសែតទាំងអស់ ដោយគ្មានលក្ខខណ្ឌ ដើម្បីសម្រួលដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ពួកគេ។ ជាពិសេសបញ្ចប់ការយាយីអ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងលុបចោល ឬវិសោធនកម្មច្បាប់ នូវចំណុចឃោឃៅ(មាត្រាដែលចងដើម្បីដាក់សម្ពាធអ្នកកាសែត) ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយមានសេរីភាពនិងរស់ឡើងវិញ ស្របតាមបន្ទាត់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។ ជាពិសេសការផ្ដល់អាជ្ញាបណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសម្រួលដល់សេរីភាពផ្សព្វផ្សាយ និងសិទ្ធិបញ្ចេញមតិ និងទទួលបានព័ត៌មាន»។
 
មិនមែនតែករណីចាប់ឃុំខ្លួនទេ ករណីប្រព្រឹត្តឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ក៏ជារឿងមួយដែលគួរឱ្យព្រួយបារម្ភដែរ។ នេះជាការលើកឡើងរបស់ស្ថាប័នកាសែតជាតិ និងអន្តរជាតិចំនួន៤ ដែលបានបន្ថែមថា ការប្រព្រឹត្តឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាននេះ ក៏ជាការគំរាមកំហែងដល់អ្នកកាសែត។
 
ត្រង់ចំណុចស្ថាប័នកាសែតទាំង៤នេះ បានពន្យល់ថា នៅពេលអ្នកសារព័ត៌មាន ក្លាយជាមុខសញ្ញានៃអំពើហិង្សាដោយសារតែអ្វី ដែលពួកគេបានសរសេរ ឬរាយការណ៍នោះ មានន័យថា សេរីភាពបញ្ចេញមតិត្រូវបានរារាំង ហើយជំនួសវិញដោយការរិតត្បិតសេរីភាពខ្លួនឯង និងភាពភ័យខ្លាច។
 
«សូមថ្កោលទោសចំពោះអំពើនិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងសង្គមកម្ពុជាទាំងមូល។ យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរឱ្យផ្ដន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រព្រឹត្តលើអ្នកសារព័ត៌មាន និងសូមឱ្យរដ្ឋាភិបាល ធានាសុវត្ថិភាព និងសន្តិសុខ ជូនអ្នកសារព័ត៌មានគ្រប់រូប ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិសេរីភាព ចូលរួមរាយការណ៍ព័ត៌មាននានា ដែលកំពុងកើតមានឡើងនៅក្នុងសង្គមដោយគ្មានភាពភ័យខ្លាច»។ នេះជាសេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នកាសែតទាំង៤។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីសុំការអត្ថាធិប្បាយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថាប័នកាសែត និងសង្គមស៊ីវិលជាង៦០នេះឡើយ។
តែយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាល គ្មានហេតុផលអ្វី ដែលត្រូវធ្វើទុក្ខបុកម្នេញ ឬរិតត្បិតសេរីភាពសារព័ត៌មានឡើយ។ លោក ផៃ ស៊ីផាន ចាត់ទុកសេចក្តីថ្លែងការណ៍របស់ស្ថាប័នទាំងនេះ ថា មិនបាននិយាយពីការពិតនៅកម្ពុជាទេ ហើយវាគ្រាន់តែជានិន្នាការប្រឆាំងរដ្ឋាភិបាលប៉ុណ្ណោះ។
 
លើសពីនេះទៀតលោក ផៃ ស៊ីផាន ក៏បានរិះគន់ស្ថាប័នជាង៦០នេះថា ពួកគេមិនបានជួយឱ្យអ្នកសារព័ត៌មាន ឱ្យមានគុណភាព និងវិជ្ជាជីវៈទេ។ រិះគន់បែបនេះហើយលោក ផៃ ស៊ីផាន បានថ្លែងការពាររដ្ឋាភិបាលវិញថា រដ្ឋបានខិតខំជួយបណ្ដុះបណ្ដាលអ្នកនាំពាក្យតាំងពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ ដើម្បីសម្រួលកិច្ចការងារអ្នកសារព័ត៌មាន។ ជាពិសេសរៀបចំក្រុមមេធាវី ដើម្បីជួយដោះស្រាយបញ្ហាអ្នកសារព័ត៌មានទៀតផង។
 
«អ្នកសារព័ត៌មាន គ្មានបុព្វសិទ្ធិណាមួយ ដែលគេប៉ះមិនបាននោះ កាលណារំលោភច្បាប់។ ដូច្នេះអង្គការក្រៅរដ្ឋាភិបាលទាំងអស់ហ្នឹង គួររៀបចំហ្វឹកហ្វឺនអ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈនិងក្រមសីលធម៌។ យើងអត់ចង់បានអ្នកសារព័ត៌មានដែលដើរញុះញង់គេ ដើរបេសកកម្មជាសកម្មជន ដើរបេសកកម្មជំរិតយកលុយគេទេ។ ដូច្នេះខាងរដ្ឋាភិបាលយើងឱ្យតម្លៃណាស់លើក្រុមអ្នកសារព័ត៌មាន តែក្រុមអ្នកសារព័ត៌មានខ្លួនឯងទេ ដែលបំផ្លាញអ្វីទៅដែលជាសិទ្ធិសេរីភាពរបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន ដែលអះអាងថា រដ្ឋាភិបាលចាត់វិធានការលើអ្នកសារព័ត៌មាន ដែលមាននិន្នាការញុះញង់ និងបំផុសបំផុលឱ្យចលាចលក្នុងសង្គម ដែលធ្វើខុសច្បាប់តែប៉ុណ្ណោះ។
 
នៅពេលសួរថា រាល់ពេលដែលអ្នកសារព័ត៌មានសរសេរព័ត៌មានរសើប គឺតែងតែប្រឈមនឹងការអនុវត្តវិធានការច្បាប់ ពីសំណាក់រដ្ឋាភិបាល តើវាពិតមែនដែរឬទេ? អ្នកនាំពាក្យរូបនេះ ឆ្លើយតបវិញថា វាមិនពិតនោះទេ។ ឆ្លើយសំនួរសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន សង្កត់ធ្ងន់បែបនេះថា រដ្ឋាភិបាលបើកចំហរជានិច្ចឱ្យអ្នកសារព័ត៌មានសរសេររឿងរសើបពីរដ្ឋ ដូចជាករណីមន្ត្រីអំពើពុករលួយជាដើម ឱ្យតែមានភស្តុតាងពិតប្រាកដ លើកលែងតែបង្កើតព័ត៌មានមិនពិត និងញុះញង់ប៉ុណ្ណោះ។
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«រាជរដ្ឋាភិបាលត្រូវការព័ត៌មាន ប៉ុន្តែយើងអត់ត្រូវការអ្នកសារព័ត៌មាន ធ្វើព័ត៌មានប្រឌិត ធ្វើព័ត៌មានក្លែងក្លាយ ឬអ្នកធ្វើព័ត៌មានគ្មានវិជ្ជាជីវៈនោះទេ»។
 
រយៈពេល១០ខែនេះ គឺចាប់ពីខែមករា ដល់ខែតុលា អ្នកសារព័ត៌មាន៥៩នាក់ ទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗរួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងការរងបណ្តឹងពីតុលាការ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់។ 
 
បើគិតចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន១៥នាក់ត្រូវបានសម្លាប់ ។ ពួកគេទាំងនោះ ភាគច្រើនត្រូវបានសម្លាប់ដោយសារតែការងារ។ នេះបើតាមរបាយការណ៍រួមរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(Camboja) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ក្លិបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ៕
 

Tag:
 សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com