COVID-19
ជាតិ
សម្តេច ហ៊ុន សែន​៖ ពេលធ្វើ​ច​ត្តា​ឡី​ស័ក ហាក់​មាន​មន្ត្រី​ខ្លះ ដើរ​ហាត់ប្រាណ​ក្រៅ​ផ្ទះ ចាប់ដៃគ្នា ជួប​អ្នកនេះ​-​អ្នកនោះ​
06, Nov 2020 , 5:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
សម្តេច ហ៊ុន សែន ស្ថិតក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​ព័ត៌មាន​ថា មាន​មន្ត្រី​ខ្លះ ធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ​។ សម្តេច ចាត់ទុក ការអនុវត្ត​មិនបាន​ល្អ​របស់​មន្ត្រី ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ថា​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​សោកស្តាយ​។



​គេ បានឮ​សំឡេង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង​២០​នាទី ដែល​និយាយ​រឿង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ទៅកាន់​មន្ត្រី​។ សម្តេច ទំនងជា​និយាយ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ណាមួយ​។ 
 
​តាមរយៈ​សារ​ជា​សំឡេង ផ្ញើ​ទៅកាន់​បណ្តា​មន្ត្រី​ពាក់ព័ន្ធ ដែល​ត្រូវបាន​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​ទទួលបាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​សោកស្តាយ​ថា ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​មន្ត្រី​យើង​ខ្លះ គឺ​មិនបាន​ត្រឹមត្រូវ​ទេ ហាក់ដូច​ជាមាន​ដើរ​ហាត់ប្រាណ​នៅក្រៅ​ផ្ទះ ការ​កាន់​ដៃ​គ្នា ការជួប​ប្រាស្រ័យ​ជាមួយ​អ្នកនេះ អ្នកនោះ​»​។ 
 
​ជាមួយគ្នានេះ សម្តេច​ប្រមុខ​រដ្ឋាភិបាល បាន​ណែ​នាំទៅ​រដ្ឋមន្ត្រី និង​មន្ត្រី​ទាំងអស់ ដែល​បាន​ជួប​និង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក Péter Szijjártó  រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​គណៈប្រតិភូ​របស់​លោក ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។ សម្តេច សង្កត់ធ្ងន់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ គឺមាន​សារសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលដាល​ជំ​ងឹ​កូ​វីដ​-១៩​។ 

​សម្តេច បន្តថា អ្នក​ដែល​កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​ឲ្យ​ភរិយា​ឬ​កូនចៅ ទៅជិត​នោះទេ​។ សម្តេច បន្ថែមថា ការ​មាន​ភាពច្បាស់លាស់​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ មិនមែន​គ្រាន់តែ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​ដល់​ខ្លួ​និង​គ្រួសារ​នោះទេ តែ​ក៏​ដើម្បី​បង្ការ​កុំ​ឲ្យ​រាលដាល​ដល់​សហគមន៍​ដែរ​។ 
 
​ទន្ទឹមនឹងនេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បានផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​ដែរ ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង Péter Szijjártó​។ សម្តេច អះអាង​ដូច្នេះ​ថា​៖«​គាត់ បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​យើង អំពី​ផលប៉ះពាល់​មកដល់​យើង បណ្តាលមកពី​ខ្លួន​គាត់ ដែល​គាត់​បានធ្វើ​តេស្ត មិនមាន​កូ​វីដ​-១៩​នោះទេ ទើប​គាត់​ចេញមក​ទស្សនកិច្ច [​នៅ​កម្ពុជា​]....»​។​
 
​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​និង​គណៈប្រតិភូ​របស់លោក បាន​ជួប​ថ្នាក់ដឹកនាំ​កម្ពុជា​មួយចំនួន ដោយ​រួមមាន​ទាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​រួចហើយ​ថា សម្តេច បានធ្វើ​តេស្ត​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ​-១៩ តែ​សម្តេច​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម និង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។ លោក​តំណាងរាស្ត្រ សួស យ៉ា​រ៉ា ក៏បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដែរ​។​
 
​រដ្ឋាភិបាល តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​កម្ពុជា​ទាំងអស់ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ដឹកនាំ​ដោយ​លោក Péter Szijjártó ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​មកដល់​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ មាន​មនុស្ស​៨៤០​នាក់​ហើយ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ទាំង​ផ្ទាល់​និង​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី បាន​ឆ្លងកាត់​ការធ្វើ​តេស្ត ហើយ​លទ្ធផល បង្ហាញថា ពួកគេ គ្មាន​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ តែ​ពួកគេ នៅតែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ និង​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ សាជាថ្មី​ទៀត​។​
 
​លោក Péter Szijjártó និង​គណៈប្រតិភូ​របស់​លោក មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តែ​១​ថ្ងៃ​ប៉ុណ្ណោះ គឺ​មកដល់​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ហើយ​ពេល​ល្ងាច បន្តធ្វើ​ដំណើរ​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ថៃ​។ ពេលទៅដល់​ថៃ លោក ក៏​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​។ រដ្ឋាភិបាល​របស់លោក បាន​បញ្ជូន​យន្តហោះ ដឹក​លោក​ទៅ​ហុង​គ្រី​វិញ ដោយ​ជំនួប​នានា​របស់លោក​និង​មេដឹកនាំ​ថៃ ត្រូវ​លុបចោល​។ បច្ចុប្បន្ន លោក កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​យ៉ាងណាក៏ដោយ គេ មិនទាន់​ឃើញ​មាន​ប្រភព​ច្បាស់លាស់​ណាមួយ ដែល​បញ្ជាក់ថា ប្រមុខ​ការទូត​ហុង​គ្រី​រូបនេះ ឆ្លង​ជំងឺ​កូ​វីដ​-១៩ តាំងពីពេលណា និង​នៅទីណា​នោះទេ​៕ 
 
 
 

Tag:
 COVID-19
  ច​ត្តា​ឡី​ស័ក​
  ហ៊ុន សែន​
  Péter Szijjártó
© រក្សាសិទ្ធិដោយ thmeythmey.com