COVID-19
ជាតិ
៩​ខែ​នេះ អាជីវកម្ម​ទេសចរណ៍ ជិត​៣​ពាន់​កន្លែង​បិទទ្វារ និង​ប៉ះពាល់​បុគ្គល​ជាង​៥​ម៉ឺន​នាក់ ដោយសារ​វិបត្តិ​កូ​វីដ​-១៩
06, Nov 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ការរីក​រាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) បានធ្វើឱ្យ​អាជីវកម្ម​នានា​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បិទ​និង​ព្យួរ រហូតដល់​ចំនួន​២,៨៣៨​ទីតាំង ដែល​ស្មើនឹង​ជិត​៣០​ភាគរយ​នៃ​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប ក្នុង​រយៈពេល​ត្រឹម​៩​ខែ​ដើម ឆ្នាំ​២០២០​។ អាជីវកម្ម​ទេសចរណ៍​ដែល​បិទទ្វារ​ទាំងនេះ គឺ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ប្រមាណ​៥​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

 
​លោក សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុងចំណោម​អាជីវកម្ម​ទេសចរណ៍​ដែល​បិទទ្វារ នៅ​ទូទាំងប្រទេស​នេះ មាន​៦៥៨​ទីតាំង ស្ថិតនៅក្នុង​ខេត្តសៀមរាប (​ស្មើនឹង​ជាង​៦០​ភាគរយ​) ដែល​ធ្វើឱ្យ​បុគ្គលិក​ក្នុង​អាជីវកម្ម​ជាង​១,៦​ម៉ឺន​នាក់ បាត់បង់​ការងារ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​កន្លងមក ក្រៅពី​ខេត្តសៀមរាប​ដែល​បុគ្គលិក​ក្នុង​អាជីវកម្ម​ទេសចរណ៍​បាត់បង់​ការងារ នោះ ក៏មាន​ខេត្ត​គោលដៅ​ទេសចរណ៍​៦​ផ្សេងទៀត​បិទ​អាជីវកម្ម​ទេសចរណ៍ ផងដែរ​។ ក្នុងនោះ អាជីវកម្ម​ទេសចរណ៍ រាជធានី​ភ្នំពេញ បាន​បិទទ្វារ​ចំនួន​៧៩៤​ទីតាំង ប៉ះពាល់​ដល់​បុគ្គលិក​ជាង​១,៦​ម៉ឺន​នាក់​, ខេត្ត​ព្រះសីហនុ មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ ១២១​ទីតាំង ប៉ះពាល់​បុគ្គលិក​ជាង​១,៥០០​នាក់​,  ខេត្តកំពត មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ ១១៨​ទីតាំង ប៉ះពាល់​បុគ្គលិក​ជាង​១,១០០​នាក់​។ ខេត្ត​បាវិត មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ ៦០​ទីតាំង ប៉ះពាល់​បុគ្គលិក​ជិត​១,៣០០​នាក់ និង​ខេត្ត​កែប មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ ១២​ទីតាំង ប៉ះពាល់​បុគ្គលិក​ជិត​២០០​នាក់​។ 
 
​កន្លងមក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បានប្រកាសថា  នៅក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ៣,០០០​លាន​ដុល្លារ ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩៕ 

Tag:
 ​ជាតិ​
  សេដ្ឋកិច្ច​
 ទេសចរណ៍​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com