ជាតិ
ចិនថ្វាយសម្តេចព្រះវររាជមាតា នូវមេដាយ «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»
07, Nov 2020 , 6:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ថ្មីៗ
នាវិមានមហាប្រជាជនចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» (China's Friendship Medal) ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដោយព្រះអង្គត្រូវបានចាត់ទុកជាសាក្សីប្រវត្តិសាស្រ្ត នៃចំណងមិត្តភាព កម្ពុជា-ចិន។ នេះជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលចិន សម្រាប់ឥស្សរជនឆ្នើមបរទេស។





សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុត ជាមួយ សម្តេចព្រះវររាជបិតា  ព្រះបរមរតនកោដ្ឋ ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយ ព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លងមកនេះ ។



«អស់រយៈពេលជាង៦០ឆ្នាំ សម្តេចព្រះមហាក្សត្រី ស្តេចបានចូលរួមយ៉ាងសកម្មលើការពង្រឹងមិត្តភាពចិន-កម្ពុជា និងជាសាក្សីនៃការអភិវឌ្ឍចិនថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ី ហើយត្រូវបានដកស្រង់ដោយសារព័ត៌មានរដ្ឋ CGTN។

នាឱកាសនោះដែរ ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ទៅកាន់លោក ស៊ី ជិនភីងថា៖ «សម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ គឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជាជនចិន។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលខ្ញុំតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ ការណ៍ដែលឯកឧត្តមប្រធានាធិបតី បានថ្វាយមកខ្ញុំនូវ មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន នៅពេលនេះ ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា - ចិន ឲ្យកាន់តែល្អប្រសើរ»។

ក្នុងព្រះរាជសវនការនោះដែរ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជឱង្ការទៅកាន់លោក ស៊ី ជិនភីង និងលោកស្រី Peng Liyuan ជុំវិញការរីកចម្រើនទៅមុខរបស់ចិន។ «ខ្ញុំទើបតែបានធ្វើទស្សនកិច្ចពិសេសមួយដើម្បីទស្សនាខេត្តសានស៊ី។ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងការអភិឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ»។



លោក ស៊ី បានរំលឹកថា ខេត្តសានស៊ី ជាទីកន្លែងដែល ព្រះវររាជបិតា-មាតា ធ្លាប់បានយាងទៅកាលពី ៥០ ឆ្នាំមុន។ «ថ្ងៃនេះខ្ញុំបានថ្វាយ មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ នេះមិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារសំខាន់បំផុត ដែល សម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងចិន - កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com